ក្រសួង​ច្រានចោល​ព័ត៌មាន​ផ្សាយ​ថា កម្ពុជា​ជា​ចំណុចកណ្តាល​នៃ​សង្គ្រាមត្រជាក់​

17-11-2018 2:37 pm 1845
  ស្តាប់
ស្តាប់ជាសំឡេង

​ឆ្លើយតប​ទៅនឹង​ការចុះផ្សាយ​របស់​សារព័ត៌មាន Asia Times នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា លោក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បាន​អះអាង​ថា ការផ្សាយ​ថា កម្ពុជា​ជា​ចំណុចកណ្តាល​នៃ​សង្គ្រាមត្រជាក់​រវាង​ចិន និង​អាមេរិក គឺជា​ព័ត៌មាន​មិន​ពិត គ្មាន​ប្រភព​ច្បាស់លាស់ និង​មាន​ចេតនា​អាក្រក់​មកលើ​កម្ពុជា​តែប៉ុណ្ណោះ ...

​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​អះអាង​ថា ករណី​សារព័ត៌មាន Asia Times ផ្សព្វផ្សាយ​ថា ប្រទេស​ដទៃ​មានបំណង​ប្រើប្រាស់​ទឹកដី​កម្ពុជា ធ្វើជា​មូលដ្ឋាន​យោធា សំចត​នាវាចម្បាំង ហើយ​កម្ពុជា​កំពុង​ស្ថិតនៅ​ចំណុចកណ្តាល នៃ​សង្គ្រាមត្រជាក់​រវាង​ចិន និង​អាមេរិក​នោះ គឺជា​ព័ត៌មាន​មិន​ពិត គ្មាន​មូលដ្ឋាន គ្មាន​ប្រភព​ច្បាស់លាស់ ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការពារជាតិ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ។​

​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា សារព័ត៌មាន Asia Times បាន​ផ្សាយ​ជា​ភាសា​អង់គ្លេស​ថា កម្ពុជា​កំពុង​ក្លាយទៅជា​ដែន​អាណានិគមនិយម​របស់​ប្រទេស​ចិន ។ ប្រទេស​ជិត​ខាង​កម្ពុជា និង​សហរដ្ឋអាមេរិក កំពុងតែ​បារម្ភ​ពី​ការសាងសង់​មូលដ្ឋាន​នាវា​មួយ នៅក្នុង​ខេត្ត​កោះកុង ដែល​ទីនោះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​សម្បទាន​ដីធ្លី ទំហំ ៤៥.០០០ ហិកតា រយៈពេល​៩៩​ឆ្នាំ ឱ្យទៅ​ចិន ។

​ក្នុង​អត្ថបទ​ព័ត៌មាន​នោះ លោក សម រង្ស៊ី ត្រូវបាន​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន​ខាងលើ​ថា ការសាងសង់​មូលដ្ឋាន​នាវា​គ្រប់គ្រង​ដោយ​បរទេស លើ​ទឹកដី​កម្ពុជា​បែបនេះ និង​ការផ្តល់​ភាពងាយស្រួល​ណាមួយ​ពី​រដ្ឋាភិបាល​កម្ពុជា ឱ្យ​កងទ័ព​ប្រទេស​ចិន គឺជា​ការរំលោភ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​ការរំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ។

​លោក​សម រង្ស៊ី បាន​លើកឡើង​បន្ត​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កំពុង​លេង​ជាមួយ​ភ្លើង​ប្រកបដោយ​គ្រោះថ្នាក់ ។ គាត់​មិន​ត្រឹម​តែ​បំបាត់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ តែ​គាត់​ថែមទាំង​គំរាម​ដល់​សន្តិភាព​នៅក្នុង​តំបន់​ថែមទៀត ។​

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បាន​អះអាង​ថា កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ មិន​ចូល​បក្សសម្ព័ន្ធ ហើយ​រដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ថែរក្សា​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​ការប៉ុនប៉ង​ទាំងឡាយ ដែល​អូសទាញ​នាំឱ្យ​ប្រទេស​ធ្លាក់​ទៅក្នុង​សង្គ្រាម​ជា​ថ្មី ធ្វើយ៉ាងណា​បន្ត​ការអភិវឌ្ឍ​ជាតិ​ឱ្យ​រីកចម្រើន​ទៅ​មុខ ។

​លោក​ថា កម្ពុជា​មិន​បាន​ចូលរួម​ជាមួយ​សង្គ្រាមត្រជាក់​ណាមួយ ឬ​អនុញ្ញាតឱ្យ​បរទេស​ណាមួយ ប្រើប្រាស់​ទឹកដី​របស់​ខ្លួន ធ្វើជា​មូលដ្ឋាន​យោធា ដូច​ដែល​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​បាន​ផ្សាយ​ចោទប្រកាន់​ទេ ។​

​លោក ឈុំ សុជាតិ បានបញ្ជាក់​ថា ក្រុម​បរទេស​មួយ​ចំនួន បាន​ព្យាយាម​ផ្សព្វផ្សាយ​ចោទប្រកាន់​មកលើ​កម្ពុជា ក្នុង​ចេតនា​អាក្រក់ ញុះញង់ ដើម្បី​បំភាន់​សាធារណជន​ជាតិ​-​អន្តរជាតិ និង​ជា​ចេតនា​បំផ្លាញ​ឯករាជ្យ ភាព​អព្យាក្រឹត​អចិន្ត្រៃយ៍​របស់​កម្ពុជា​តែប៉ុណ្ណោះ ៕

ព័ត៌មានផ្សេងទៀត