បុណ្យសព​​លោក​Khashoggi​​រៀបចំឡើង​​នៅ​ប្រទេស​តួ​ក​គី​​ទាំង​គ្មាន​​សាកសព​

17-11-2018 8:33 am 1222
  ស្តាប់
រូបថតលោកJamal Khashoggi
ស្តាប់ជាសំឡេង

​ពិធីបុណ្យ​សព​អ្នកកាសែត​ជនជាតិ​អា​រ៉ាប៊ីសាអូឌីត​លោក​Jamal Khashoggi បាន​រៀបចំឡើង​នៅ​ក្នុងប្រទេស​តួ​ក​គី​កាលពី​ថ្ងៃទី​១៦​វិច្ឆិកា ប៉ុន្ដែ​ពិធី​នេះ​ធ្វើឡើង​ដោយ​គ្មាន​សាកសព​របស់លោក​ទេ ព្រោះ​រក​មិនឃើញ​តាំងពី​លោក​ត្រូវបាន​គេ​សម្លាប់​កាលពី​ខែ​មុន​។ មាន​ក្រុមអ្នកកាសែត​ក្នុងស្រុក​មួយក្រុម បាននាំគ្នា​ប្រារព្ធ​ពិធី​នៅក្នុង​ព្រះវិហារ​អ៊ីស្លាម​មួយ​ក្នុង​ទីក្រុង​អ៊ី​ស្ដង់​ប៊ុល​។ ពួកគេ​បាននាំគ្នា​បួងសួង​រម្លឹក​ដល់​វិញ្ញាណក្ខន្ធ​លោក​Khashoggi​។​

​ទីប្រឹក្សា​ប្រធានាធិបតី​តួ​ក​គី​បាន​និយាយថា រដ្ឋាភិបាល​តួ​ក​គី​នឹង​បន្ដ​ស្វែងរក​អ្នកបញ្ជា​ឲ្យ​សម្លាប់លោក​Khashoggi និង​ស្វែងរក​កន្លែង​ចោល​សាកសព​ផងដែរ​។ ចំពោះ​ព្រះរាជអាជ្ញា​អា​រ៉ាប៊ីសាអូឌីត​កាលពី​ថ្ងៃ​ទី​១៥​វិច្ឆិកា បាន​ចោទប្រកាន់​មនុស្ស​១១​នាក់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះ តែ​ច្រានចោល​ព័ត៌មាន​ដែលថា​ព្រះអង្គម្ចាស់​អា​រ៉ាប៊ីសាអូឌីត​Mohammed bin Salman​ជា​អ្នក​នៅ​ពីក្រោយ​។ 

​រដ្ឋាភិបាល​តួ​ក​គី​និយាយថា​ការប្រកាស​របស់​ព្រះរាជអាជ្ញា​ត្រង់ចំណុច​ខ្លះ មិនអាច​ទទួលយកបាន​ឡើយ​។ មិត្ដភក្ដិ​របស់លោក​Khashoggi​ម្នាក់​ដែល​ចូលរួម​ក្នុង​ពិធីបុណ្យ​សព​បាន​និយាយ​ដែរថា ការពន្យល់​របស់​អាជ្ញា​ធរ​អា​រ៉ាប៊ីសាអូឌីត​គ្មាន​ប្រយោជន៍​ទេ ទាមទារ​ឲ្យ​បង្ហាញ​មុខអ្នក​ដែល​បញ្ជា​ឲ្យ​សម្លាប់លោក​Khashoggi​។​

​សូម​រម្លឹកថា លោក​Jamal Khashoggi​មាន​អាយុ​៥៩​ឆ្នាំ ជា​អ្នកកាសែត​ល្បីឈ្មោះ​មួយរូប​ធ្លាប់​សរសេរ​អត្ថបទ​រិះគន់​ដល់​រដ្ឋាភិបាល​អា​រ៉ាប៊ីសាអូឌីត និង​ធ្លាប់​រិះគន់​ដល់​សែ​រាជវង្ស​អា​រ៉ាប៊ីសាអូឌីត​។ លោក​ក៏​ធ្លាប់ជា​មន្ដ្រីជាន់ខ្ពស់​រប​ស់អា​រ៉ាប៊ីសាអូឌីត​ផងដែរ ត្រូវបាន​គេ​សម្លាប់​កាលពី​ថ្ងៃទី​០២​ខែតុលា បន្ទាប់ពី​ចូលទៅក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ាប៊ីសាអូឌីត ប្រចាំ​ទីក្រុង​អ៊ី​ស្ដង់​ប៊ុល​ប្រទេស​តួ​ក​គី​។ លោក​ចូលទៅ​ទីនោះ​ដើម្បី​ស្នើសុំ​ឯកសារ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​មិត្ដស្រី​ជនជាតិ​តួក​គី​។ ប៉ុន្ដែ​ក្រោយពី​នោះ​លោក​ក៏​បាត់​ដំណឹង​សូន្យ ហើយ​ប្រមាណ​ជា​២​សប្ដាហ៍​ទើប​មានការ​ប្រកាសថា លោក​ត្រូវ​បានសម្លាប់​នៅក្នុង​ស្ថាន​កុងស៊ុល​។​

​អំពើ​ឃាតកម្ម​លើ​លោក​Khashoggi​បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​អា​រ៉ាប៊ីសាអូឌីត​ក៏រងការ​ថ្កោលទោ​សពី​អន្ដរជាតិ​ផងដែរ មាន​អាមេរិក អឺរ៉ុប និង​តួ​ក​គី​។ ប្រទេស​ទាំងនេះ​ទាមទារ​ឲ្យ​អា​រ៉ាប៊ីសាអូឌីត​បកស្រាយ​ឲ្យ​ច្បាស់លាស់​ថា នរណា​ជា​អ្នកបញ្ជា​ពិតប្រាកដ​។ ប៉ុន្ដែ​រហូត​មកដល់ពេលនេះ​នៅតែ​មិនទាន់មាន​ព័ត៌មាន​ច្បាស់ការ ហើយ​អន្ដរជាតិ​ក៏​កំពុង​រង់ចាំ​ចម្លើយ​យ៉ាង​អន្ទះសា​បំផុត​៕

ព័ត៌មានផ្សេងទៀត