ខួប​​១​ឆ្នាំ​​ការ​រំលាយ​​បក្ស​​សង្គ្រោះ​ជាតិ​​៖​មន្ត្រី​ថា​​ព្រលឹង​​បក្ស​នៅ​តែ​រស់​​

16-11-2018 10:05 am 1096
មុខតុលាការកំពូល កាលពីពេលរំលាយគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៧។

​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ គឺជា​ខួប​១​ឆ្នាំ​គត់​នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ដោយ​តុលាការ​កំពូល​កម្ពុជា តាម​ពាក្យបណ្តឹង​របស់​ក្រសួងមហាផ្ទៃ​។ អតីត​អនុ​ប្រធាន​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា ទោះបីជា​គណបក្សប្រឆាំង​ ត្រូវបាន​រំលាយក្តី ​តែ​ព្រលឹង​គណបក្ស​ នៅ​រស់រាន​ជានិច្ច​ និង រង់ចាំតែ​ឱកាស​មកដល់​ប៉ុណ្ណោះ​។

​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧-១៦ វិច្ឆិកា ឆ្នាំ​២០១៨ គឺជា​ខួប​១​ឆ្នាំ​គត់​នៃ​ការរំលាយ​អតីត​គណបក្សសង្គ្រោះ​ជាតិ​ដែលជា​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​។ កាលពី​១​ឆ្នាំមុន​លោក ឌិ​ត មុន្ទី ប្រធាន​តុលាការ​កំពូល អមដោយ​សមាជិក​ក្រុមប្រឹក្សា​៨​រូប​ទៀត នៃ​សភាពេញអង្គ​តុលាការ​កំពូល បានសម្រេច​ប្រកាស​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តាម​ពាក្យបណ្តឹង​របស់​ក្រសួងមហាផ្ទៃ​។​

​ក្រៅពី​ប្រកាស​រំលាយ ថ្នាក់ដឹកនាំ​របស់​គណ​បក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ​ចំនួន ១១៨​រូប ក៏​ត្រូវបាន​ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល ៥​ឆ្នាំ​ផងដែរ​។​សាលដីកា​ជំនុំជម្រះ​នេះ ត្រូវបាន​តុលាការ​ប្រកាស​ជា​សាធារណៈ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​បិទផ្លូវ​តវ៉ា​។​

​លោក អេង ឆៃអ៊ាង អតីត​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក​នៅថ្ងៃនេះ បាន​អះអាងថា ទោះបីជា​គណបក្សប្រឆាំង ត្រូវបាន​រំលាយ​ក្តី តែ​ព្រលឹង​គណបក្ស​នេះ នៅ​រស់រាន​ជានិច្ច​។​លោក​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​របប​លោក ហ៊ុន សែន បានសម្លាប់​តែ​រាងកាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ តែ​ព្រលឹង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រស់រាន​ជានិច្ច ក្នុង​ឧត្តមគតិ​កូនខ្មែ​រជាង​កន្លះ​នគរ រង់ចាំតែ​ឱកាស​មកដល់​ប៉ុណ្ណោះ​។​

​ជា​ការកត់សម្គាល់​ក្រោយ​តុលាការ​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ សភា​អាមេរិក និង​សភា​របស់​សហភាព​អឺរ៉ុប បានប្រកាស​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការ​ផ្តាច់ជំនួយ​ជា​បន្តបន្ទាប់ នឹង​ឈានទៅ​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ដែល​ទុក​នៅ​ក្រៅប្រទេស ដោយសារតែ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។​

​ប៉ុន្តែ​សម្ពាធ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ហ៊ុន សែន អះអាងថា លោក​គ្មាន​ប្រាក់​ទុក​នៅ​ក្រៅប្រទេស​នោះទេ ហើយ​រុញឱ្យ​មានការ​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​កម្ពុជា​ឱ្យបាន​លឿន ប្រសិនបើ​ពួកគេ​មាន​លុយ​ផ្ញើទុក​នៅ​ធនាគារ​បរទេស​មែន​នោះ​។​

សៀវភៅស ស្តីពី កំណត់ត្រា​នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​រដ្ឋាភិបាល បាន​វាយតម្លៃថា ការ​រលាយ​បក្ស​សង្គ្រោះ​ជាតិ គឺមាន​ទាំង​កត្តា​ផ្ទៃក្នុង​ផង និង​កត្តា​ខាងក្រៅ​ផង​។ ការ​រលាយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំទៅដល់​ការ​រលាយ​៣​យ៉ាង​ធំៗ គឺ​៖ រលាយ​ជីវិត​នយោបាយ​លោក សម រង្ស៊ី​, រលាយ​ជីវិត​នយោបាយ​របស់លោក កឹម សុខា​, និង​រលាយ​ផែនការ​បរទេស​ក្នុង​ការបង្កើត អង្គការ​ចាត់តាំង​បដិវត្ត​ពណ៌​បំផ្លាញ​កម្ពុជា​ផងដែរ​៕

 ពាក្យគន្លឹះ  គណបក្សសង្រ្គោះជាតិ

ព័ត៌មានផ្សេងទៀត