កូរ៉េខាងជើង​​ធ្វើតេស្ដ​​បច្ចេកវិទ្យា​​អាវុធ​​ប្រភេទ​ថ្មី​​ក្រោយ​អាមេរិក​​មិន​​ព្រម​​​ដក​​ទណ្ឌកម្ម​

16-11-2018 8:24 am 565
  ស្តាប់
លោកគីម ជុងអ៊ុន(កណ្ដាល)ពេលចុះទៅពិនិត្យការផលិតអាវុធ
ស្តាប់ជាសំឡេង

​តាម​សេចក្ដីរាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១៦​វិច្ឆិកា​នេះ មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ចុះទៅ​ត្រួតពិនិត្យ​ការធ្វើ​តេស្ដ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ នៃ​អាវុធ​ប្រភេទ​ថ្មី​ដែល​ទើប​អភិវឌ្ឍ នៅ​វិទ្យាស្ថាន​វិទ្យាសាស្ដ្រ​ការពារជាតិ​កូរ៉េខាងជើង​។ ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង​KCNA​និយាយថា ការ​ធ្វើតេស្ដ​ទទួលបាន​ជោគជ័យ ប៉ុន្ដែ​មិន​បញ្ជាក់​លម្អិត​ពី​ប្រភេទ​សម្ភារៈ​ដែល​ពាក់ព័ន្ធ​ឡើយ​។​

​ការ​ប្រើពាក្យ​បច្ចេកវិទ្យា​របស់​ទីភ្នាក់សារ​ព័ត៌មាន​កូ​រ៉េ​ខាងជើង មានន័យថា​គ្មាន​ពាក់ព័ន្ធ​នឹង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ឬ​អាវុធ​នុយក្លេអ៊ែរ​ទេ ហើយក៏​គ្មាន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ដែរ​។ ប៉ុន្ដែ​ទោះបី​ស្ថិតក្នុង​ទម្រង់​ណាក៏ដោយ ការ​ចុះទៅពិនិត្យ​បច្ចេកវិទ្យា​នៃ​អាវុធ​ប្រភេទ​ថ្មី​របស់លោក​គីម ជុង​អ៊ុន អាច​នឹង​បង្ក​ភាព​តានតឹង​ក្នុង​កិច្ចពិភាក្សា​ជាមួយ​អាមេរិក ស្ដីពី​ការរំលាយចោល​កម្មវិធី​នុយក្លេអ៊ែ​រ​។ 

​ស្ថានភាព​នៅលើ​ឧបទ្វីប​កូរ៉េ​បាន​ល្អប្រសើរ​តាំងពី​ដើមឆ្នាំ​២០១៨ នៅពេល​លោក​គីម ជុង​អ៊ុន​ងាក​មករក​ការចរចា​ជាមួយ​អាមេរិក​និង​កូរ៉េខាងត្បូង​។ កិច្ចប្រជុំ​ជា​ប្រវត្ដិសាស្ដ្រ​រវាង​កូរ៉េខាងជើង​ជាមួយ​ភាគី​ទាំងពីរ ក៏បាន​ធ្វើឡើង​រួចហើយ​ដែរ ព្រមទាំង​សម្រេចបាន​កិច្ចព្រមព្រៀង​លើ​ចំណុច​ជាច្រើន តួយ៉ាង​ដូចជា​កិច្ចព្រមព្រៀង​រំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​ជាដើម​។ តែ​ដំណើរការ​នេះ​ហាក់​មាន​សកម្មភាព​យឺត​យ៉ាវ ព្រមទាំង​ជាប់គាំង​ដោយ​អន្លើ​។ អាមេរិក​-​កូរ៉េខាងជើង​ក៏​គ្រោង​នឹង​ជួបពិភាក្សា​ជាថ្មី ស្ដីពី​ការរំលាយ​នុយក្លេអ៊ែ​រ​។ ដូច្នេះ​ទង្វើ​លោក​គីម ជុង​អ៊ុន​នៅពេលនេះ ទំនង​នឹង​ធ្វើឲ្យ​ភាព​តានតឹង​កើតឡើង​ជាថ្មី​។​

​ការចុះទៅ​ត្រួតពិនិត្យ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​របស់លោក​គីម ជុង​អ៊ុន​ទៀតសោត ក៏​ធ្វើឡើង​ស្របពេល​អាមេរិក​និង​អង្គការសហប្រជាជាតិ រួមទាំង​ប្រទេស​មួយចំនួន នៅ​បន្ដ​ទទូច​ឲ្យ​រក្សា​ទណ្ឌកម្ម​ដាក់​លើ​កូរ៉េខាងជើង​ដដែល ទោះបី​កូរ៉េខាងជើង​ស្នើឲ្យ​បន្ធូរបន្ថយ​។ កូរ៉េខាងជើង​ធ្លាប់​ប្រកាស​សុំឲ្យ​អាមេរិកនិង​អង្គការ​សហប្រជាជាតិ​យោគយល់ សម្រាល​ទណ្ឌកម្ម​ប្រឆាំង​សេដ្ឋកិច្ច​កូរ៉េខាងជើង ជា​ជំហាន​ជំរុញ​ដំណើរការ​រំលាយ​នុយក្លេអ៊ែ​រ​។ ប៉ុន្ដែ​អ្វីដែល​កូរ៉េខាងជើង​ទទួលបាន​មកវិញ ត្រឹម​ជា​ការបន្ដ​រឹត​បន្ដ​ទណ្ឌកម្ម​ដូច​មុន គ្មាន​ការលើកលែង​ឡើយ​។​

​ជំហរ​រឹតបន្ដឹង​ទណ្ឌកម្ម​នេះ កំពុង​បង្ក​ការព្រួយបារម្ភ​ថា កូរ៉េខាងជើង​អាច​នឹង​វិល​ទៅរក​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ ដ្បិត​កូរ៉េខាងជើង​ក៏បាន​ព្រមាន​ថា បើ​គ្មាន​ការយោគយល់​គ្នា​ទេ ខ្លួន​នឹង​ចាប់ផ្ដើម​គោលនយោបាយ​ចាស់​សារជាថ្មី​ស្ដីពី​ការអភិវឌ្ឍ​ព្រម​គ្នា​។ មានន័យថា​អភិវឌ្ឍ​ទាំង​វិស័យសេដ្ឋកិច្ច ហើយក៏​មិន​ចោល​កម្មវិធី​នុយក្លេអ៊ែរ​៕

ព័ត៌មានផ្សេងទៀត