ធនាគារ​អភិវឌ្ឍ​អាស៊ី​​ឯ​ភាព​ជាមួយ​កម្ពុជា​​ចំនួន​៨​ចំណុច​​អភិវឌ្ឍ​វិស័យ​កសិកម្ម​​

14-11-2018 12:15 pm 719
  ស្តាប់
ស្តាប់ជាសំឡេង

​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB)  បាន​ឯកភាពគ្នា​ជាមួយ​កម្ពុជា ចំនួន​៨​ចំណុច ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុង​ការកសាង​គម្រោង​ផែនការ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​នៅ​កម្ពុជា ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០៣០​។

​ក្នុងជំនួប​រវាង​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក Jaing Feng Zhang នាយក​ផ្នែក​កសិកម្ម និង​បរិស្ថាន​នៃ​អាស៊ី​បូព៌ា​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ប្រចាំ​កម្ពុជា អ្នក​ទាំង​ពីរបាន​ឯកភាពគ្នា​ជាគោលការណ៍​ចំនួន​៨​ចំណុច ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុង​ការកសាង​គម្រោង​ផែនការ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​នៅ​កម្ពុជា ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០៣០​។​

​គោលការណ៍​៨​ចំណុច​ដែល​បាន​ឯកភាពគ្នា​នោះ​រួមមាន​៖ 

​ទី​១. ការធ្វើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​ប្រកបដោយ​បរិយា​ប័ន ដោយ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​បួន​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។ 

​ទី​២. ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ត្រូវធ្វើឡើង​ទៅតាម​លទ្ធភាព និង​សក្តានុភាព​នៃ​គុណភាព​ដី និង​ទឹក និង​ប្រភេទ​ដំណាំ រួមជាមួយ​នឹង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ឲ្យបាន​ប្រាកដប្រជា គ្រប់គ្រាន់​បម្រើ​ដល់​ការផលិត​។ 

​ទី​៣. ការកសាង​ភាពជា​ដៃគូ​រវាង​វិស័យ​ឯកជន ជាមួយ​កសិករ តាមរយៈ​ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​។​

​ទី​៤. ការធ្វើ​ទំនើបកម្ម​កសិកម្ម តាមរយៈ​ការបញ្ចូល​នូវ​បច្ចេកវិទ្យា​ថ្មី​នៃ​ការដាំដុះ ការគ្រប់គ្រង​ដំណាំ និង​ការធ្វើ​យន្តូ​ប​នីយកម្ម​កសិកម្ម​។ 

​ទី​៥. វិធាន​ទប់ស្កាត់​នូវ​សត្វ​ចង្រៃ និង​ជ​ម្អឺ​ឆ្លង ឆ្លងដែន​ទាំង​រុក្ខា​ជាតិ និង​សត្វ​។ 

​ទី​៦. ការគាំទ្រ​ដល់​ការស្រាវជ្រាវ​ពូជស្រូវ និង​ដំណាំ ការ​បន្សុត​ពូជ និង​ការគ្រប់គ្រង ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​។ 

​ទី​៧. ការជួយ​កសាង​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ​ជូន​ដល់​កសិករ និង​ពាណិជ្ជករ ហើយ​និង​ការកសាង​ឃ្លាំង​ផ្ទុក​កសិផល​មុន​បញ្ចេញ​ទៅកាន់​ទីផ្សារ​នៅតាម​សហគមន៍​ដាំ​បន្លែ និង​ផ្លែឈើ​។ 

​និង​ទី​៨. ធ្វើ​ការសិក្សា​ពី​លទ្ធភាព​នៃ​ការបង្កើន​ភាព​ទាក់ទាញ ពី​វិស័យ​ឯកជន​ក្នុង​ការបង្កើន​ការបោះ​ទុនវិនិយោគ​លើ​ការកែឆ្នៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា ជាមួយនឹង​បទពិសោធន៍​ពីរ​ប្រទេស​នៅក្នុង​តំបន់​ជាពិសេស​ប្រទេសជិតខាង​កម្ពុជា​។​

​សូមបញ្ជាក់ថា ការឯកភាព​នេះ ធ្វើឡើង​ក្នុងជំនួប​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨៕ 
  

ព័ត៌មានផ្សេងទៀត