លោក​ស៊ុន​ចាន់ថុល​៖ ផ្លូវជាតិ​លេខ​៤៨​គ្រោង​បញ្ចប់​ការជួសជុល​បឋម​មុន​បុណ្យ​សមុទ្រ​

14-11-2018 10:29 am 477
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបញ្ជាក់​ថា ផ្លូវជាតិ​លេខ​៤៨ នឹង​ត្រូវ​ជួសជុល​ចប់សព្វគ្រប់ នៅ​ពាក់កណ្តាល​ខែ​ធ្នូ ខាងមុខនេះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ចរាចរណ៍ ដឹកទំនិញ​ទៅ​កាន់​ទីផ្សារ​បាន​ឆាប់រហ័ស ពិសេស ដើម្បី​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​ខាងមុខនេះ ។ ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​ចុះទៅ​ពិនិត្យ​ស្ថានភាព​ការដ្ឋាន​ជួសជុល នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ...

​លោក ស៊ុន ចាន់ថុល បានបញ្ជាក់​បន្តថា កំណាត់​ផ្លូវ​ដែល​រង​ការខូចខាត​ប្រវែង​៦៣​គីឡូម៉ែត្រ​នេះ ត្រូវ​បាន​ចែកចេញ​ជា​៩១​កំណាត់ ដើម្បី​ជួសជុល​ដោយ​អង្គភាព​ធំៗ​ចំនួន​បី និង​ប្រើប្រាស់​ថវិកា​ជាតិ​សរុប​ប្រមាណ​១២​លាន​ដុល្លារ​អាមេរិក សម្រាប់​ធានា​ការជួសជុល និង​ថែទាំ រហូត​ដល់​ចាប់ផ្តើម​អនុវត្ត​គម្រោង​ស្តារ និង​ធ្វើឱ្យ​ប្រសើរឡើង ក្រោម​ឥណទាន​ប្រាក់កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ ។​

​លោក​បញ្ជាក់​បន្ថែមថា ការជួសជុល​កំណាត់​ផ្លូវ​ចំនួន​៦៣​គីឡូម៉ែត្រ នៃ​ប្រវែង​សរុប​១៥០​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល ដល់ទី​រួម​ខេត្ត​កោះកុង​នេះ ត្រូវបាន​ធ្វើឡើង ក្រោយ​កំណាត់​ផ្លូវ​នេះ បាន​ទទួលរង​ការខូចខាត ដោយ​ជំនន់​ទឹកភ្លៀង ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​កត្តា​ធម្មជាតិ​ផ្សេងៗ​ទៀត ។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៏​ដូចជា​ក្រុមហ៊ុន​ដឹកជញ្ជូន ចូលរួម​ថែរក្សា​ក្នុង​ស្មារតី​ភាព​ជា​ម្ចាស់ការ ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ ។​

​លោក​រដ្ឋមន្ត្រី​ក៏​បាន​ក្រើនរំឭក​ដល់​មន្ត្រី​តាម​ស្ថានីយ​ជញ្ជីង​ទាំងអស់ ត្រូវគោរព និង​អនុវត្ត​តាម​ច្បាប់​ឱ្យបាន​តឹងរ៉ឹង ចៀសវាង​ការប្រព្រឹត្ត​អំពើ​ខុស​ប្រក្រតី​ដែល​ជា​ហេតុនាំឱ្យ​បំផ្លាញ​ខ្លួនឯង ដោយហេតុ​ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​រក​ថវិកា​មក​កសាង​ផ្លូវ​យ៉ាង​លំបាក ៕

ព័ត៌មានផ្សេងទៀត