ពលរដ្ឋ​ខ្មែរ​​៤​នាក់​​របួស​​ដោយ​សារ​​បំផ្ទុះ​គ្រាប់​បែក​​​​នៅ​ប្រទេស​​ម៉ាលី​​

14-11-2018 9:38 am 1074

​យ៉ាងហោចណាស់ ពលរដ្ឋ​ខ្មែរ​ចំនួន​៤​នាក់ បាន​រងរបួស​ដោយសា​រ​តែ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ប្រទេស​ម៉ាលី​។ ពលរដ្ឋ​ទាំង​៤​នាក់ ជា​បុគ្គលិក​ធ្វើការ​ជាមួយ​អង្គការសហប្រជាជាតិ​។​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នេះ មិនមាន​គ្រោះថ្នាក់​ដល់​កម្លាំង​រក្សា​សន្តិភាព(ទាហានមួកខៀវ) ​របស់​កម្ពុជា​នោះទេ​។​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ បាន​អះអាងថា នៅ​ម៉ោង​១៩៖១២​នាទី​យប់ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម៉ោង​នៅ​ប្រទេស​ម៉ាលី  ត្រូវ​នឹង​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ម៉ោង​នៅ​កម្ពុជា មាន​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ បង្កឡើង​ដោយ​ក្រុម​ភេ​វរ​ករ បើករ​ថយ​១​គ្រឿង ចូលទៅ​បំផ្ទុះ​ក្នុង​ទីតាំង​ស្នាក់នៅ​របស់​អង្គការសហប្រជាជាតិ នៅ​តំបន់​ហ្ហាវ​ប្រទេស​ម៉ាលី​។​

​ហេតុការណ៍​នេះ បាន​បណ្តាលឱ្យ​ភេ​វ​រករ​ម្នាក់​ស្លាប់​នៅនឹងកន្លែង និង បាត់បង់​ជីវិត​ជនជាតិ​ម៉ាលី​២​នាក់ ព្រមទាំង​មាន​អ្នករបួស​១៤​នាក់ ដែល​ក្នុងនោះ ក៏មាន​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​ជាមួយ​អង្គការសហប្រជាជាតិ​ចំនួន​៤​នាក់​ផងដែរ​។​ពលរដ្ឋ​ខ្មែរ​ដែល​រងរបួស​ទាំង​៤​នាក់​នោះ មិន​ត្រូវបាន​ក្រសួង​បញ្ជាក់​អត្តសញ្ញាណ​នោះទេ​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ជនជាតិខ្មែរ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កម្រិត​២​របស់​ប្រទេស​ចិន​ក្នុងប្រទេស​ម៉ាលី ។ ចំណែក​អ្នក​របួល​ស្រាល​វិញ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្បែរ​ទីនោះ​។​យ៉ាងណាក៏ដោយ ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ប្រទេស​ម៉ាលី​នេះ មិនមាន​គ្រោះថ្នាក់​ដល់​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​ឡើយ​

​គួរ​ជម្រាប​ថា កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៧ កងកម្លាំង​មួក​ខៀវ​របស់​កម្ពុជា  ដែល​បំពេញបេសកកម្ម នៅ​ប្រទេស​អាហ្វ្រិក​កណ្តាល ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ ក៏​ធ្លាប់បាន​រង​ការវាយប្រហារ​ដោយ​ក្រុម​ឧទ្ទាម ដែល​បណ្តាលឱ្យ​កងកម្លាំង​កម្ពុជា ៤​នាក់​ស្លាប់ និង ម្នាក់ទៀត​រងរបួស​ផងដែរ​។​

​ក្នុងឱកាស​ទិវា​សន្តិភាព​អន្តរជាតិ កាលពី​ខែកញ្ញា​កន្លងទៅ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកឡើងថា កម្ពុជា​នៅតែ​បញ្ជូន​កងទ័ព​ខ្លួន ដើម្បី​ជួយ​រក្សា​សន្តិភាព​ពិភពលោក​។ លោក​ថា កម្ពុជា​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​បុព្វហេតុ​សន្តិភាព​ពិភពលោក​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ តាមរយៈ​ការបញ្ជូន​កងទ័ព​ចំនួន ៥ ៥៧១ នាក់​ចាប់ពី​ឆ្នាំ ២០០៦ មកទល់​បច្ចុប្បន្ន​ទៅ​ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ អាហ្វ្រិក​កណ្ដាល ឆាដ ស៊ី​រី ម៉ាលី និង​ប្រទេស​ស៊ី​ប​៕
 

 ពាក្យគន្លឹះ  កងទ័ពមួកខៀវកម្ពុជា

ព័ត៌មានផ្សេងទៀត