ប្រធានាធិបតី​តួ​ក​គី​ថា ខ្សែអាត់​សំឡេងនៃ​ការធ្វើឃាត​លោកKhashoggi«រន្ធត់»

13-11-2018 4:35 pm 426
លោក​Erdoganប្រធានាធិបតីតួកគី

​បន្ទាប់ពី​បាន​ស្តាប់​ខ្សែអាត់​សំឡេង នៃ​ការសម្លាប់​អ្នកកាសែត លោក Jamal Khashoggi  ប្រធានាធិបតី​តួ​ក​គី​លោក​Tayyip Erdogan បាន​ថ្លែងថា ពិតជា​រន្ធត់ និង​គួរឲ្យ​ភ័យខ្លាច​។ លោក​បន្ថែមថា នៅពេលដែល​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​អា​រ៉ាប៊ីសាអូឌីត បាន​ស្តាប់​ខ្សែអាត់​សំឡេង​នេះ ប្រាកដជា​មាន​ការផ្ញាក់ផ្អើ​លមិន​ខានឡើ​យ ហើយ​អ្នក​ដែល​ធ្វើបែបនេះ​បាន មានតែ​មនុស្ស​ប្រើ​ថ្នាំ​ហេ​រ៉ូ​អ៊ីន​ប៉ុណ្ណោះ​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​តួ​ក​គី ចុះផ្សាយ​នៅ​ថ្ងៃអង្គារ​នេះ​។​

​ព្រះអង្គម្ចាស់​អា​រ៉ាប៊ីសាអូឌីត​Mohammed bin Salman មានបន្ទូលថា ព្រះអង្គ​នឹង​បញ្ជាក់ឲ្យ​ច្បាស់​ពី​បញ្ហា​នេះ តែ​ត្រូវ​រងចាំ​ដោយ​អត់ធ្មត់​។ ប្រធានាធិបតី​តួ​ក​គី​បន្ថែមថា អ្នក​ដែល​ធ្វើ​ប្រតិបត្តិការ​សម្លាប់​លោក Khashoggi ពិតជា​ស្ថិតនៅ​ក្នុងចំណោម​ជនសង្ស័យ​១៨​នាក់ ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​នៅក្នុង​ប្រទេស​អា​រ៉ាប៊ីសាអូឌីត ហើយ​ឃាតករ​នោះ​ត្រូវតែ​បង្ហាញថា តើ​នរណា​ជា​អ្នកបញ្ជា​ឲ្យ​ប្រព្រឹត្ត​ករណី​ឃាតកម្ម​នេះ​។​

​សូមបញ្ជាក់ថា លោក​Khashoggi ដែល​ធ្លាប់​រិះគន់​ខ្លាំងៗ​លើ​សែ​រាជវង្ស​អា​រ៉ាប៊ីសាអូឌីត បាន​បាត់​ខ្លួន​ក្រោយ​ចូលក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ាប៊ីសាអូឌីត ប្រចាំ​ប្រទេស​តួ​ក​គី ដើម្បី​រៀបចំ​ឯកសារ​រៀបការ កាលពី​ថ្ងៃទី​២​ខែតុលា​។ ក្រោយ​ផ្ទុះ​ការទាមទារ ពី​អន្តរជាតិ​ឲ្យ​បង្ហាញ​ការពិត ពី​ការបាត់​ខ្លួន​អ្នកកាសែត​ម្នាក់នេះ ទើប​អា​រ៉ាប៊ីសាអូឌីត​បញ្ជាក់ ដោយ​ពុំមាន​មូលហេតុ​គ្រប់​ជ្រុងជ្រោយ ថា​លោក Khashoggi ត្រូវបាន​សម្លាប់​ក្នុង​ស្ថាន​កុងស៊ុល​។​

​តួ​ក​គី​ដែល​ខ្នះខ្នែង​ក្នុង​ការស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​នេះ ទើបបាន​ផ្ញើ​ខ្សែអាត់​សំឡេង នៃ​ការសម្លាប់​លោក Khashoggi ទៅកាន់​ប្រទេស​បារាំង អាល្លឺម៉ង់ អា​រ៉ាប៊ីសាអូឌីត អង់គ្លេស និង​សហរដ្ឋអាមេរិក កាលពី​សប្តាហ៍​មុន ដើម្បីឲ្យ​សម្ព័ន្ធមិត្ត​ទាំងអស់​បាន​ស្តាប់​។ មកទល់ពេលនេះ មិនទាន់មាន​ការបង្ហាញ​សាកសព​របស់លោក Khashoggi នៅឡើយ​ទេ​។ បើតាម​តួ​ក​គី​ថា អ្នកកាសែត​ជនជាតិ​អា​រ៉ាប៊ីសាអូឌីត​រូបនោះ ត្រូវគេ​សម្លាប់ ដោយ​កាត់​រាងកាយ​ជា​បំណែក​៕

ព័ត៌មានផ្សេងទៀត