បច្ចុប្បន្នដ្បិតថាស្ថានភាពនៅលើឧបទ្វីបកូរ៉េបានល្អប្រសើរជាងមុនច្រើន ប៉ុន្ដែគេនៅតែមិនទាន់ជឿជាក់មួយរយភាគរយថា កូរ៉េខាងជើងអាចនឹងរំលាយកម្មវិធីនុយក្លេអ៊ែរទាំងស្រុងទេ បើអាមេរិកនៅបន្ដគោលជំហរតឹងរ៉ឹងពេក។ សូម្បីកូរ៉េខាងជើងក៏ធ្លាប់ព្រមានក្នុងសេចក្ដីថ្លែងការណ៍ចេញថ្មីៗនេះថា ប្រសិនបើអាមេរិកនៅតែមិនព្រមពិចារណាឡើងវិញរឿងបន្ធូរបន្ថយទណ្ឌកម្ម កូរ៉េខាងជើងនឹងពិចារណាវិលទៅបន្ដកម្មវិធីនុយក្លេអ៊ែរដូចដើម។ ក្រៅពីនេះកត្ដាមួយទៀត ក៏កំពុងបង្កការព្រួយបារម្ភដែរ អាចឲ្យកូរ៉េខាងជើងបាត់បង់ការអត់ធ្មត់ នោះគឺការចាប់ផ្ដើមសមយុទ្ធជាថ្មីរវាងកូរ៉េខាងត្បូងនិងអាមេរិក។ តើកូរ៉េខាងជើងទាមទារយ៉ាងណាខ្លះពីអាមេរិកនិងកូរ៉េខាងត្បូង?
ជាបន្ដសូមស្ដាប់សេចក្ដីរាយការណ៍ពីពេញ ផេង នៅក្នុងនាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិដូតតទៅ៖
សំឡេង៖
ឧបទ្វីបកូរ៉េបានស្គាល់ភាពស្ងប់ស្ងាត់ចាប់តាំងពីដើមឆ្នាំ២០១៨ នៅពេលដែលមេដឹកនាំវ័យក្មេងកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានផ្លាស់ប្ដូរឥរិយាបថងាកទៅរកការចរចាជាមួយប្រទេសជាគូជម្លោះ គឺកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។ ទីបំផុតកិច្ចជំនួបជាប្រវត្ដិសាស្ដ្រក៏ចាប់ផ្ដើមឡើង រវាងលោកគីម ជុងអ៊ុនជាមួយលោកមូន ជែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងកិច្ចជំនួបរវាងលោកគីម ជុងអ៊ុនជាមួយលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក។
លោកគីម ជុងអ៊ុនបានជួបលោកមូន ជែអ៊ីន កាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១៨ នៅក្នុងតំបន់ព្រំដែនកូរ៉េខាងត្បូងជាប់កូរ៉េខាងជើង។ កិច្ចជំនួបក៏ធ្វើឡើងជាបន្ដបន្ទាប់ក្នុងនោះលោកមូន ជែអ៊ីន ក៏បានទៅជួបលោកគីម ជុងអ៊ុនដល់ទីក្រុងព្យុងយ៉ាងផងដែរកាលពីខែកញ្ញា។ ដោយឡែកលោកគីម ជុងអ៊ុនបានជួបលោកដូណាល់ ត្រាំ កាលពីថ្ងៃទី១២មិថុនានៅក្នុងប្រទេសសិង្ហបុរី។ កិច្ចជំនួបលើកទីពីរអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។
នៅក្នុងកិច្ចប្រជុំលើកដំបូងរវាងលោកគីមជាមួយលោកមូនកាលពីខែមេសា មេដឹកនាំទាំងពីរបានព្រមព្រៀងលើចំណុចសំខាន់ៗជាច្រើន។ ក្នុងនោះមានដូចជា ឯកភាពទាំងស្រុងលើការដកហូតអាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ ឯកភាពនឹងបញ្ឈប់រាល់សកម្មភាពបង្កហេតុ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបញ្ចប់ជាផ្លូវការសង្គ្រាមឆ្នាំ១៩៥០-៥៣ និងបង្កើតឲ្យមានសន្ធិសញ្ញាសន្ដិភាព។
លោកមូននិងលោកគីមបានប្ដេជ្ញា នឹងជំរុញឲ្យមានកិច្ចពិភាក្សាបីភាគីរវាងកូរ៉េខាងត្បូង កូរ៉េខាងជើងនិងអាមេរិក ឬកិច្ចប្រជុំបួនភាគីរវាងកូរ៉េខាងត្បូង កូរ៉េខាងជើង ចិន និងអាមេរិក ដើម្បីប្រកាសបញ្ចប់ការប្រយុទ្ធប្រឆាំងគ្នា ហើយផ្លាស់ប្ដូរសន្ធិសញ្ញាបទឈប់បាញ់ ជំនួសដោយសន្ធិសញ្ញាសន្ដិភាពវិញក្នុងឆ្នាំនេះ។ ក៏មានការព្រមព្រៀងបង្វែរតំបន់គ្មានយោធា ទៅជាតំបន់សន្ដិភាពពិតប្រាកដ។ ក្រៅពីនេះបានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្ដ គោរពយ៉ាងតឹងរ៉ឹងតាមកតិកាសញ្ញាមិនឈ្លានពានគ្នាទៅវិញទៅមក។ ស្ថិតក្រោមកិច្ចព្រមព្រៀងកំពូលនេះ ភាគីទាំងពីរនឹងបើកទ្វារកិច្ចចរចាផ្នែកយោធាឲ្យបានញឹកញាប់ ក្នុងនោះមានការជួបពិភាក្សារវាងរដ្ឋមន្ដ្រីក្រសួងការពារជាតិប្រទេសទាំងពីរផង។
ចំណុចសំខាន់មួយទៀត កូរ៉េទាំងពីរនឹងផ្សារភ្ជាប់សាច់ឈាមរវាងប្រជាជននិងប្រជាជន ដើម្បីជាជំហានឆ្ពោះទៅរកការបង្រួបបង្រួមនិងការស្ដារទំនាក់ទំនងអន្ដរកូរ៉េ។ ក៏នឹងមានការជួបពិភាក្សាគ្នាឲ្យបានញឹកញាប់មិនថាដោយផ្ទាល់ឬតាមទូរស័ព្ទ ដើម្បីដោះស្រាយបញ្ហាជាតិពង្រឹងទំនុកចិត្ដ។ ជារួមអ្វីដែលសម្រេចបាននៅក្នុងកិច្ចប្រជុំ សុទ្ធតែមានបំណងអភិវឌ្ឍទំនាក់ទំនងអន្ដរកូរ៉េ បង្កើតសន្ដិភាព វិបុលភាព និងការបង្រួបបង្រួមនៅលើឧបទ្វីបកូរ៉េ។
ចំណែកលទ្ធផលនៃកិច្ចប្រជុំដែលធ្វើឡើងក្នុងទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើង ពីថ្ងៃទី១៨-២០កញ្ញាឆ្នាំ២០១៨ លោកគីមនិងលោកមូនបានព្រមព្រៀងលើចំណុចសំខាន់ៗជាច្រើនដែរដូចជា កូរ៉េខាងជើងបានយល់ព្រមបិទទីតាំងធ្វើតេស្ដមីស៊ីលTongchang-riជាអចិន្ដ្រៃយ៍ ក្រោមការធ្វើអធិការកិច្ចរបស់អន្ដរជាតិ។ កូរ៉េខាងជើងក៏ព្រមរុះរើរោងចក្រនុយក្លេអ៊ែរNyongbyonចោលទៀត បើអាមេរិកចាត់វិធានការឆ្លើយតបនឹងការលះបង់របស់កូរ៉េខាងជើង។ មេដឹកនាំទាំងពីរបានប្ដេជ្ញានឹងខិតខំធ្វើយ៉ាងណាឲ្យឧបទ្វីបកូរ៉េជាដែនដីសន្ដិភាព គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានការគំរាមកំហែងដោយនុយក្លេអ៊ែរ អនុវត្ដតាមឆន្ទៈរបស់ប្រជាជន ពាំនាំយកភាពរុងរឿង សន្ដិភាព និងវិបុលភាព ហើយបង្កើតប្រវត្ដិសាស្ដ្រថ្មីតាមរយៈកម្លាំងនៃសាមគ្គីភាព។
ចំពោះកិច្ចជំនួបរវាងលោកគីម ជុងអ៊ុនជាមួយលោកដូណាល់ ត្រាំនៅសិង្ហបុរី ក៏សម្រេចបានលទ្ធផលល្អប្រសើរជាច្រើន។ ក្នុងនោះលោកត្រាំបានអះអាងធានាពីសុវត្ថិភាពដល់កូរ៉េខាងជើង ហើយលោកគីមបានប្ដេជ្ញាចិត្ដយ៉ាងម៉ឺងម៉ាត់ក្នុងការលុបបំបាត់ចោលនុយក្លេអ៊ែរ។ ក្រោយបញ្ចប់កិច្ចប្រជុំមេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួម ឯកភាពលើចំណុចសំខាន់ៗមួយចំនួនដូចជាទីមួយ៖ អាមេរិកនិងកូរ៉េខាងជើងប្ដេជ្ញាបង្កើតទំនាក់ទំនងថ្មីជាមួយគ្នា អនុលោមតាមបំណងប្រាថ្នារបស់ប្រជាជនប្រទេសទាំងពីរ ដើម្បីសន្ដិភាពនិងវិបុលភាព។ ទីពីរ៖ អាមេរិកនិងកូរ៉េខាងជើងនឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីកសាងសន្ដិភាព ស្ថិរភាព នៅលើឧបទ្វីបកូរ៉េ។ ទីបី៖ លោកដូណាល់ ត្រាំនិងលោកគីម ជុងអ៊ុនបានបញ្ជាក់ឡើងវិញពីសេចក្ដីប្រកាសរួម ដែលលោកគីម ជុងអ៊ុននិងលោកមូន ជែអ៊ីនប្រធានាធិបតីកូរ៉េខាងត្បូងសម្រេចបាន ក្នុងកិច្ចប្រជុំអន្ដរកូរ៉េកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១៨។ កាលនោះកូរ៉េខាងជើងប្ដេជ្ញានឹងរំលាយចោលនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េទាំងស្រុង។ ទីបួន៖ អាមេរិកនិងកូរ៉េខាងជើងប្ដេជ្ញាដោះស្រាយបញ្ហាអ្នកទោសសល់ពីសម័យសង្គ្រាម និងការធ្វើមាតុភូមិនិវត្ដន៍អ្នកទោសដែលបានកំណត់អត្ដសញ្ញាណរួចរាល់។
បន្ថែមលើនេះលោកដូណាល់ ត្រាំនិងលោកគីម ជុងអ៊ុន ចាត់ទុកកិច្ចប្រជុំជាព្រឹត្ដិការណ៍ធំធេងបំផុតក្នុងប្រវត្ដិសាស្ដ្រ ក្នុងការយកឈ្នះភាពតានតឹងរវាងប្រទេសទាំងពីរ។ លោកត្រាំនិងលោកគីមរំពឹងនឹងអាចបើកទំព័រសករាជថ្មី មានអនាគតថ្មី នៃទំនាក់ទំនងអាមេរិក-កូរ៉េខាងជើង។ នៅក្នុងកិច្ចព្រមព្រៀងមេដឹកនាំទាំងពីរបានប្ដេជ្ញាអនុវត្ដទៅតាមអ្វីដែលបានឯកភាព ឆ្ពោះទៅសម្រេចឲ្យបានកិច្ចសហប្រតិបត្ដិការទ្វេភាគី អភិវឌ្ឍទំនាក់ទំនងអាមេរិក-កូរ៉េខាងជើង លើកកម្ពស់សន្ដិភាព វិបុលភាព និងសន្ដិសុខនៅលើឧបទ្វីបកូរ៉េក៏ដូចជាពិភពលោកទាំងមូល។
ក៏ប៉ុន្ដែដ្បិតថាមានកិច្ចព្រមព្រៀងត្រូវបានប្រកាសរួមគ្នា ព្រមទាំងបានអនុវត្ដតាមសេចក្ដីប្រកាសជាបន្ដបន្ទាប់ ការរំលាយនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ នៅតែដំណើរការយឺតយ៉ាវ។ ថ្មីៗនេះកូរ៉េខាងជើងបានបញ្ចេញប្រតិបត្ដិកម្មដាក់អាមេរិកនិងកូរ៉េខាងត្បូងថែមទៀតផង។ កូរ៉េខាងជើងបានព្រមានធ្ងន់ៗចំពោះអ្វីដែលប្រទេសទាំងពីរបានធ្វើ ដែលកំពុងមានការព្រួយបារម្ភថា កូរ៉េខាងជើងអាចនឹងវិលទៅរកការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរវិញ។
មូលហេតុធំៗពីរដែលកូរ៉េខាងជើងអាចវិលទៅរកកម្មវិធីនុយក្លេអ៊ែ ទីមួយគឺដោយសារតែទណ្ឌកម្មដែលដាក់លើកូរ៉េខាងជើង។ តាមរយៈសេចក្ដីថ្លែងការណ៍កូរ៉េខាងជើងទើបនឹងចេញ បានស្នើឲ្យអាមេរិកបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចដែលបានដាក់។ កូរ៉េខាងជើងថាដើម្បីឆ្លើយតបនឹងការលះបង់ដ៏ធំរបស់កូរ៉េខាងជើង អាមេរិកគួរតែដកទណ្ឌកម្មចេញជាបណ្ដើរៗ។ តាមរយៈសេចក្ដីថ្លែងការណ៍ កូរ៉េខាងជើងព្រមានចង់វិលទៅបន្ដការអភិវឌ្ឍព្រមគ្នា គឺអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ចហើយក៏មិនចោលកម្មវិធីនុយក្លេអ៊ែរដែរ បើអាមេរិកមិនព្រមបន្ធូរបន្ថយទណ្ឌកម្ម។ រហូតមកដល់ពេលនេះអាមេរិកពុំទាន់ឆ្លើយតបយ៉ាងណាទេ ក្រៅតែពីប្រកាសរក្សាទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង។
មូលហេតុទីពីរ ដោយសារតែការចាប់ផ្ដើមធ្វើសមយុទ្ធជាថ្មីលើឧបទ្វីបកូរ៉េ។ នៅពេលកូរ៉េខាងត្បូងចាប់ផ្ដើមសមយុទ្ធជាមួយអាមេរិកជាថ្មី ធ្វើឲ្យកូរ៉េខាងជើងបញ្ចេញប្រតិកម្មយ៉ាងខ្លាំង។ កាលពីសប្ដាហ៍មុនកូរ៉េខាងត្បូងបានប្រកាសចាប់ផ្ដើមសមយុទ្ធយោធាប្រចាំឆ្នាំជាមួយអាមេរិក បន្ទាប់ពីផ្អាកអស់រយៈពេល៦ខែ។ សមយុទ្ធទោះបីរៀបចំឡើងក្នុងទ្រង់ទ្រាយតូច មានការអះអាងថាជាការពង្រឹងយុទ្ធសាស្ដ្រកងទ័ពប្រទេសទាំងពីរ ប៉ុន្ដែសម្រាប់កូរ៉េខាងជើងយល់ឃើញផ្សេងពីនេះ។ កូរ៉េខាងជើងថាកូរ៉េខាងត្បូងកំពុងរំលោភកិច្ចព្រមព្រៀងចុះកាលពីថ្ងៃទី១៩កញ្ញា ដែលអំពាវនាវឲ្យផ្អាករាល់ការធ្វើសមយុទ្ធលើឧបទ្វីបកូរ៉េ និងផ្អាករាល់សកម្មភាពបង្កហេតុនៅតំបន់ព្រំដែន។ កូរ៉េខាងជើងចាត់ទុកសមយុទ្ធជាការគំរាមកំហែងដល់សន្ដិភាពនិងវិបុលភាពលើឧបទ្វីបកូរ៉េ ហើយមិនគួរអនុញ្ញាតឲ្យមានសមយុទ្ធដាច់ខាត ទោះបីស្ថិតក្នុងទម្រង់ណាក៏ដោយ។
មូលហេតុធំៗទាំងពីរនេះ កំពុងក្លាយជារឿងដែលកូរ៉េខាងជើងត្រូវពិចារណាជាថ្មី ពីដំណើរការរំលាយនុយក្លេអ៊ែររបស់ខ្លួន។ ការព្រមានរបស់កូរ៉េខាងជើងក៏គេមិនអាចប្រាកដមួយរយភាគរយថានឹងធ្វើ ឬគ្រាន់ជាការគំរាមទេ។ តែមិនត្រូវភ្លេចឡើយថា កូរ៉េខាងជើងនៅមានអាវុធនុយក្លេអ៊ែរច្រើនណាស់ នៅមានរោងចក្រផលិតនិងទីតាំងធ្វើតេស្ដនុយក្លេអ៊ែរជាច្រើនទៀត។ ហេតុនេះមិនអាចមើលស្រាលកូរ៉េខាងជើងបានឡើយ ព្រោះកន្លងមករដ្ឋនុយក្លេអ៊ែរមួយនេះ មិនដែលខ្លាចអាមេរិកសូម្បីប៉ុនសរសៃសក់៕