កម្ពុជា​​យក​បទពិសោធ​ន៍​​តាម​ចិន​ បណ្តុះបណ្តាល​​មន្ត្រី​ស្តីពី​​«​ភាពជា​ដៃគូ​​រវាង​រដ្ឋ​និង​ឯកជន​»​

12-11-2018 2:38 pm 845
  ស្តាប់
ស្តាប់ជាសំឡេង

 ​មន្ត្រីរាជការ ជា​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន នាយកដ្ឋាន មកពី​តាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បានទទួល​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​បន្ថែម​ស្តីពី «​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​វិស័យ​ឯកជន​» ដោយ​យក​បទពិសោធន៍​តាម​ប្រទេស​ចិន​។ 

​លោក Liu Qin អនុប្រធាន​វិទ្យាស្ថាន​ជាតិ​គណនេយ្យ​សៀង​ហៃ បាន​លើកឡើងថា កម្មវិធី​បណ្តុះបណ្តាល​នេះ គឺ​សំដៅ​ចែករំលែក និង​ផ្លាស់ប្តូរ​ចំណេះដឹង និង​បទពិសោធន៍​រវាង​កម្ពុ​ជា និង​ចិន ក្នុង​ក្របខ័ណ្ឌ​នៃ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​វិស័យ ឯកជន​។​

​លោក ក៏​បានលើកឡើង​ពី​ការរីកចម្រើន​នៃ​ទីក្រុង​សៀង​ហៃ និង​ចាត់ទុកថា ជា​ផ្នែក​មួយ​ចូលរួមចំណែក​ដ៏​សំខាន់​ពី​ទំនាក់ទំនង​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​វិស័យ​ឯកជន ដែល​បាន​បង្កើតឱ្យមាន​ប្រភព​មូលនិធិ​សម្រាប់​អភិវឌ្ឍ​ទីក្រុង​ខ្នាត​ធំ​, មាន​ស្ថាប័ន​វិនិយោគ អភិវឌ្ឍ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​, មាន​ការប្រកួតប្រជែង ក្នុង​វិស័យ​ថាមពល​នៅ​តំបន់​ទីក្រុង​, មាន​យន្តការ​កិច្ចលទ្ធកម្ម​សាធារណៈ​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​សេវាសាធារណៈ​, មាន​យន្តការ​កែសម្រួល​តម្លៃ​ក្នុង​ការផ្តល់​សេវាសាធារណៈ និង​យន្តការ​គ្រប់គ្រង​ជំនាញ ប្រកបដោយ​វិជ្ជាជីវៈ និង​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ ដើម្បី​បង្កើន​គុណភាព​សេវាសាធារណៈ​។​

​លោក​ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​វិទ្យាស្ថាន​ហិរញ្ញវត្ថុ និង​អភិវឌ្ឍន៍អាស៊ី​-​ប៉ាស៊ីហ្វិក និង​មជ្ឈមណ្ឌល​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ប្រទេស​ចិន ដែល​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា ក្នុង​ការរៀបចំ​ការបណ្តុះ​បណ្តាល​ដ៏​មាន​សារសំខាន់​នេះ ជូន​ដល់​មន្ត្រីរាជការ​កម្ពុជា ពេលនេះ​។​

​លោក បញ្ជាក់ថា ប្រទេស​កម្ពុជា និង​ប្រទេស​ចិន មាន​ចំណងមិត្តភាព និង សាមគ្គីភាព​ជា​ប្រពៃណី​ល្អប្រសើរ​យូរអង្វែង ហើយ​ប្រទេស​ទាំងពីរ​មាន​កិច្ចសហប្រតិបត្តិការ​ឈាន​ដល់ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ លើ​គ្រប់​វិស័យ​ថែមទៀត​ផង ។​

​បើតាម​លោក​ហ៊ាន សា​ហ៊ី​ប ឲ្យដឹងថា​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់ឱ្យ​ប្រើប្រាស់​ឯក​សារ​គោលនយោបាយ​ស្តីពី ការអភិវឌ្ឍ​បន្ត​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​វិស័យ​ឯកជន (PPP) សម្រាប់​គ្រប់គ្រង​គម្រោង​វិនិយោគសាធារណៈ ២០១៦-២០២០​។ ប៉ុន្តែ​លោក​ថា កម្ពុជា​ត្រូវ​ការស្វែងយល់​បន្ថែម​ទៀ​តនូវ​បទពិសោធន៍ និង ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​នេះ​។​ដូច្នេះ ការបណ្តុះបណ្តាល «​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​វិស័យ​ឯកជន​៖ បទពិសោធន៍​ប្រទេស​ចិន​» នៅពេលនេះ គឺ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​សម្រាប់​ការអនុវត្ត​នៅ​កម្ពុជា ជាពិសេស ការអនុវត្ត​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ទី ៣ ក្នុង​គោលដៅ​បង្កើន​ការផ្សារភ្ជាប់​ថវិកា​ទៅនឹង​គោលនយោបាយ ជា​អាទិភាព​របស់ រដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​៕

 ពាក្យគន្លឹះ  ក្រសួងសេដ្ឋកិច្ច

ព័ត៌មានផ្សេងទៀត