ហេតុអ្វី​​បាន​ជា​សេរីភាព​​លោក កឹម សុខា​ ក្លាយ​ជា​​ល្បែង​​ចាក់​​ភ្នាល់​​?​

12-11-2018 2:34 pm 4336
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បង្ហាញរូបថតលោកកឹម សុខា ។រូបពី Samdech Hun Sen, Cambodian Prime Minister

​នៅពេល​ថ្មីៗ​នេះ​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បបួល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់​គ្នា​ថា លោក កឹម សុខា នឹងត្រូវ​ដោះលែង​នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ឬ​យ៉ាងយូ​ត្រឹម​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០១៩ ។ លោក ហ៊ុន សែន បាន​យល់ព្រម​តាម​ការ​បបួល​របស់លោក សម រង្ស៊ី ហើយ​ថា បើ​មាន​ការដោះលែង​លោក កឹម សុខា​មែន លោក​នឹង​ចុះ​ចេញពី​តំណែង​។ ប៉ុន្តែ​បើ​មិន​ដោះលែង​ទេ លោក សម រង្ស៊ី ត្រូវប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ​កម្ពុជា​។ ការ​ភ្នាល់​គ្នា​នេះ ត្រូវបាន​មតិ​មួយចំនួន​យល់ថា សេរីភាព​លោក កឹម សុខា ក្លាយជា​ល្បែងស៊ីសង​លោក ហ៊ុន សែន លោក សម រង្ស៊ី​។ ហេតុអ្វី​បានជា​លោក ហ៊ុន សែន និង លោក សម រង្ស៊ី យក​ករណី​លោក​កឹម សុខា ធ្វើជា​រឿង​ភ្នាល់​គ្នា​យ៉ាងនេះ​?

​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង នៅក្នុង​ឆាកនយោបាយ​ខ្មែរ​នា​ពេលបច្ចុប្បន្ន​។ ភ្ញាក់ផ្អើល​ដោយសារតែ​ថ្មីៗ​នេះ អ្នកនយោបាយ​ជើងចាស់​ពីររូប គឺ​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​យក​ករណី​លោក កឹម សុខា ដែល​កំពុង​ឃុំខ្លួន​ក្រោម​បទ​ចោទ​ក្បត់ជាតិ ធ្វើជា​ល្បែងស៊ីសង​ភ្នាល់​គ្នា​។​

​រឿងរ៉ាវ​ដំបូង​ផ្តើមចេញពី​លោក សម រង្ស៊ី​។ លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស គេច​ពី​ការ​តាម​ចាប់​របស់​រដ្ឋាភិបាល​កម្ពុជា បាន​សរសេរ​លើ​ហ្វេ​សប៊ុក​របស់លោក​ដោយ​បបួល​លោក ហ៊ុន សែន ភ្លាល់​គ្នា​ថា លោក កឹម សុខា នឹងត្រូវ​ដោះលែង​នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ឬ​យ៉ាងយូ​ត្រឹម​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០១៩ ក្រោម​សម្ពាធ​អន្តរជាតិ​។​

​ភ្លាមៗ​ក្រោយពី​ការ​បបួល​ពី​លោក សម រង្ស៊ី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់ព្រម​តាម​ការ​បបួល​របស់លោក សម រង្ស៊ី ហើយ​បាន​គូសបញ្ជាក់ថា «​ខ្ញុំ​ហ៊ាន​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី បើសិន​មាន​ការដោះលែង កឹម សុខា មែន ខ្ញុំ ហ៊ុន សែន សុខចិត្ត​ចុះ​ចេញពី​តំណែង​តាម​ការ​បបួល​ភ្នាល់​របស់ សម រង្ស៊ី ប៉ុន្តែ​បើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​វិញ​នោះ នៅ​ចន្លោះ​ពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០១៩​ទេ លោក សម រង្ស៊ី ត្រូវ​ហ៊ាន​ចុះចាញ់​ទទួលស្គាល់​ការ​ភ្នាល់​របស់ខ្លួន ដោយ​ចូលមក​ឲ្យ​ចាប់ខ្លួនភ្លាមៗ​បន្ទាប់ពី​បញ្ចប់​ការ​ភ្នាល់​»​។​

​ការ​ភ្នាល់​គ្នា​នេះ ត្រូវបាន​មតិ​មួយចំនួន​យល់ថា សេរីភាព​លោក កឹម សុខា ប្រធាន​អតីត​សង្គ្រោះ​ជាតិ និង​ជា​ដៃគូ​នយោបាយ​ជាមួយ​លោក សម រង្ស៊ី  កំពុង​ក្លាយជា​ល្បែងស៊ីសង​របស់លោក ហ៊ុន សែន លោក សម រង្ស៊ី​។ ក្រុម​មេធាវី​ការពារ លោក កឹម សុខា គឺ​លោកស្រី ម៉េង សុភា​រី លោក ចាន់ ចេង លោក ផែង ហេង និង លោក ផាន់ ចន្ទ​សក្តិ បាន​ប្រតិកម្ម​តបត​ចំពោះ​ការណ៍​ដែល​យក​កូនក្តី​របស់​ពួកគាត់​ធ្វើជា​ល្បែងភ្នាល់​នយោបាយ​។​

​បើតាម​ក្រុម​មេធាវី​ការពារ លោក កឹម សុខា បាន​លើកឡើងថា មិនគួរ​យក​សេរីភាព​របស់​កូនក្តី​ខ្លួន ធ្វើជា​ល្បែងភ្នាល់​គ្នា​ទេ ការ​ភ្នាល់​គ្នា​របស់លោក​ហ៊ុន សែន និង លោក សម រង្ស៊ី​ពេលនេះ អ្នកចាញ់​គឺ លោក កឹម សុខា និង ប្រជាពលរដ្ឋ​ខ្មែរ​។ អ្នកនយោបាយ​ទាំងពីរ គួរ​ស្វែងរក​ដំណោះស្រាយ​ដែល​ប្រសើរ សម្រាប់​ទាំងអស់គ្នា ដើម្បី​កុំឱ្យ​បាត់​ផលប្រយោជន៍​ជាតិ​។

​រីឯ​អ្នកគាំទ្រ​អតីគណ​បក្សប្រឆាំង នៅ​សហរដ្ឋអាមេរិក បាន​ថ្កោលទោស​ចំពោះ​ការ​ភ្នាល់​នេះ ហើយ​ថា​ការប្រមាថ និង គ្មាន​សីលធម៌ ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការលះបង់​របស់លោក​កឹម សុខា និង ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​ដែល​តស៊ូ ដើម្បី សិទ្ធិសេរីភាព និង លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។​

​ចំពោះ​អ្នកវិភាគ​មួយចំនួន​យល់ថា ការ​បបួល​ភ្នាល់​នេះ​ទំនងជា​លោក សម រង្ស៊ី ចង់ឱ្យ​លោក កឹម សុខា បន្ត​ជាប់ឃុំ​នៅក្នុង​ផ្ទះ​តទៅទៀត និង ចង់​ចាក់ឱ្យ​លោក​ហ៊ុន សែន ខឹងច្រឡោត មានប្រតិកម្ម ដើម្បី​កុំឱ្យ​ស្ងាត់​ពេក​។​អ្នកវិភាគ​មួយចំនួន ហៅ​សារ​របស់លោក​សម រង្ស៊ី​ថា អាចជា​យុទ្ធសាស្ត្រ​នយោបាយ​ប្រើ​ព្រួញ​តែមួយ​បាញ់​យក​សត្វ​៣​។​

​សត្វ​ទី​១ ចង់ឱ្យ​ដៃគូ​របស់លោក​បន្ត​ដេក​ក្នុងផ្ទះ ព្រោះ​បើ​ចេញ​អាចមាន​ប្រជា​ប្រី​យ​ភាពខ្លាំង​ជាង​ខ្លួន​ដែល​កំពុង​នៅ​ក្រៅប្រទេស​។ ទី​២​ធ្វើឱ្យ​លោក ហ៊ុន សែន ខឹងច្រឡោត និង​មានប្រតិកម្ម​។ ទី​៣ ធ្វើឱ្យ​អន្តរជាតិ​មើលឃើញថា គូបដិបក្ខ​របស់ខ្លួន និង ស្ថានភាព​នៅ​ក្នុងប្រទេស គឺ​មហា​អាក្រក់ ដែល​ត្រូវតែ​កាត់​ជំនួយ ដាក់ទណ្ឌកម្ម ហើយ​ជួយ​ខ្លួន​ចូលមក​ស្រុក​វិញ ដើម្បី​បណ្តេញ​គូបដិបក្ខ ហើយ​ខ្លួន​មានឱកាស​បាន​កាន់អំណាច​។​

​តែ​យ៉ាងណា ល្បែងស៊ីសង​របស់លោក ហ៊ុន សែន លោក សម រង្ស៊ី​នេះ អ្នកជំនាញ​យល់ថា មិន​ផ្តល់​ផល​ល្អ​ដល់​សង្គមជាតិ​ទេ ពោលគឺ​ផ្ទុយទៅវិញ មានតែ​ការខាតបង់​ទាំង​ប្រជា​ប្រី​យ​ភាព ប្រយោជន៍​ជាតិ និង បង្ក​ឱ្យ​សង្គម​បែកបាក់​។ ប្រសិនបើ​អ្នកនយោបាយ​មាន​ឆន្ទះ​ដោះស្រាយ អ្នកវិភាគ​ផ្តល់​ជា​គំនិត​ថា គួរតែ​រក​វិធី​ត្រជាក់​ប្រកបដោយ​សុភ​វិនិច្ឆ័យ ជាជាង​នាំគ្នា​គិតតែ​ពី​គំនុំ ចងកម្ម​ចងពារ សងសឹក និង ផ្ចាញ់ផ្ចាល​រហូតដល់​ចូល​ម​ឈូ​ល​រៀងខ្លួន​៕

ព័ត៌មានផ្សេងទៀត