ឥណ្ឌូនេស៊ី​​ប្រកាស​​ឈប់​ស្វែងរក​​សាកសព​​អ្នកស្លាប់​​ក្នុង​ហេតុការណ៍​​ធ្លាក់​យន្ដហោះ​

12-11-2018 8:27 am 377
រូបភាព​សម្ភារៈ​​ប្រើប្រាស់​របស់ជនរងគ្រោះ​ដែលក្រុម​ជួយសង្គ្រោះ​រកឃើញ

​ក្រុម​ជួយសង្គ្រោះ​ឥណ្ឌូនេស៊ី​បានប្រកាសថា ពួកគេ​បានបញ្ចប់​ការស្វែងរក​សាកសព​ជនរងគ្រោះ ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្ដហោះ​ប៊ូ​អ៊ីង​737​ហើយ​។ កន្លងមក​ក្រុម​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​និង​បំណែក​សាកសព​មួយចំនួន​របស់​ជនរ​ង​គ្រោះ ប៉ុន្ដែ​ក្រោយ​ការធ្វើ​ប្រតិ​បត្ដិកា​រកា​លពី​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន គ្មាន​រកឃើញ​សាកសព​បន្ថែម ទើប​ក្រុម​ជួយសង្គ្រោះ​ប្រកាស​បញ្ចប់​ការស្វែងរក​តែម្ដង​។ យ៉ាងណាមិញ​ក្រុម​ជំនាញ​នៅតែ​បន្ដ​ស្វែងរក​ប្រអប់​ខ្មៅ​យន្ដហោះ​មួយទៀត​ដែល​បាត់ ខណៈ​ប្រអប់​ខ្មៅ​មួយ​ត្រូវបាន​រកឃើញ​ហើយ​។​

​សូម​រម្លឹកថា យន្ដហោះ​ដឹក​អ្នកដំណើរ​ប៊ូ​អ៊ីង​737 Max 8 ជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​Lion Air បាន​ធ្លាក់​ក្នុង​សមុទ្រ​ជ្វា​កាលពី​ថ្ងៃទី​២៩​តុលា ក្រោយ​ហោះ​ចេញពី​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ហ្សា​កាតា​តែ​១៣​នាទី​ប៉ុណ្ណោះ​។ អាជ្ញា​ក្រសួង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា ឧបករណ៍​វាស់​ល្បឿន​យន្ដហោះ​បង្ហាញថា យន្ដហោះ​មាន​បញ្ហា​គ្រឿង​ម៉ាស៊ីន​ក្នុងពេល​ហោះហើរ​ចុងក្រោយ​។ ប្រអប់​ខ្មៅ​យន្ដហោះ​ក៏​បង្ហាញថា​យន្ដហោះ​ហោះហើរ​យ៉ាង​លឿន​ក្នុង​លំហរ​អាកាស ដែល​ខណៈ​នេះ​កំពុងមាន​ការស៊ើបអង្កេត​រក​មូលហេតុ​ច្បាស់លាស់​នៃ​ការធ្លាក់ ដោយ​វិភាគ​រវាង​បញ្ហា​បច្ចេកទេស​ឬក៏​ជា​ឧប្បត្ដិហេតុ​៕

ព័ត៌មានផ្សេងទៀត