ក្រសួង​យុត្តិធម៌ច្រាន​ចោល​ការលើកឡើង​របស់លោក សម រង្ស៊ី ពាក់ព័ន្ធ​ការដោះលែង​លោក កឹម សុខា​

11-11-2018 5:03 pm 901
លោក គឺម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌។

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បានចេញ​សេចក្ដីថ្លែងការណ៍ បដិសេធ​ការអះអាង​របស់​លោក សម រង្ស៊ី ដែល​ថា​ការឃុំខ្លួន​លោក កឹម សុខា នឹងត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០១៨​។ ក្រសួង​បាន​ហៅ​ការអះអាង​នេះ ថា​ធ្វើ​ឡើង​ដោយ​ខ្វះ​ការយល់ដឹង​ពី​នីតិវិធី​របស់​តុលាការ​។

​តាមរយៈ​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រសួង​យុត្តិធម៌​បញ្ជាក់ថា លោក កឹម សុខា បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ក្រៅ​ការ​ឃុំឃាំង ក្រោម​ការដាក់ឲ្យ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ពុំមែន​ស្ថិត​ក្នុង​ការឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នោះទេ​។

​ចំពោះ​ការលើកឡើង​របស់​លោក សម រង្ស៊ី តាមរយៈ​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី​ថា ការឃុំខ្លួន​បណ្ដោះអាសន្ន​ទៅលើ​លោក កឹម សុខា នឹងត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​០៣ ខែ​មីនា ឆ្នាំ​២០១៨ ត្រូវបាន​ក្រសួង​យុត្តិធម៌ ចាត់ទុក​ជា​ការអះអាង​ដែល​ខុស​ពី​ច្បាប់ និង​នីតិវិធី​របស់​តុលាការ​។ ក្រសួង​បន្តថា សំណុំរឿង​ព្រហ្មទណ្ឌ​របស់​លោក កឹម សុខា កំពុង​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ​។ ចៅក្រម​ស៊ើបសួរ​ត្រូវ​សម្រេច​អំពី​ចំណាត់ការ​នានា លើ​សំណុំរឿង​នេះ តាម​ឆន្ទានុសិទ្ធិ​ឯករាជ្យ​របស់​ខ្លួន និង​ដោយ​ផ្អែក​លើ​អង្គហេតុ ភស្ដុតាង ព្រម​ទាំង​ច្បាប់​នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា ដោយ​មិន​ទទួល​សម្ពាធ​ពី​បរទេស ឬ​បុគ្គល​ណាមួយ​ឡើយ​។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​។​

​គួរបញ្ជាក់​ថា លោក សម រង្ស៊ី បាន​អះអាង និង​បាន​បបួល​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់​គ្នា ថា​លោក កឹម សុខា នឹង​ត្រូវ​ដោះលែង​យ៉ាងយូ​ត្រឹម​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០១៨​។ ការ​ភ្នាល់​គ្នា​ទៅលើ​សេរីភាព​របស់​លោក កឹម សុខា បែបនេះ ត្រូវបាន​ក្រុម​មេធាវី ការពារ​សិទ្ធិ​ឲ្យ​លោក កឹម សុខា សម្តែង​ការ​មិន​ពេញចិត្ត ដោយ​ពួកគេ​អះអាងថា ការដោះលែង ឬ​មិន​ដោះលែង កូនក្ដី​របស់​ពួកគេ គឺជា​សមត្ថកិច្ច​របស់​តុលាការ មិន​ស្ថិត​ក្រោម​ល្បែងភ្នាល់​គ្នា​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ ការ​ភ្នាល់​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី អាច​ធ្វើឲ្យប៉ះពាល់ ដល់​នីតិវិធី​នៃ​ការ​ស៊ើបសួរ​របស់​តុលាការ​។

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ដែលប្រឈមការជាប់ពន្ធនាគារ​រយៈពេលពី១៥ ទៅ៣០ឆ្នាំ។ លោកត្រូវបានសម្រេចឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ និងត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ក្រោមការត្រួតពិនិត្យ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨៕

ព័ត៌មានផ្សេងទៀត