ក្រុម​មេធាវី​មិន​ពេញចិត្ត​ចំពោះ​ការ​ភ្នាល់​គ្នា​លើ​សេរីភាព​លោក កឹម សុខា​

11-11-2018 10:33 am 1639
  ស្តាប់
លោក កឹម សុខា​ ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ រូបថត៖ ហ្វេសប៊ុកលោក កឹម សុខា
ស្តាប់ជាសំឡេង

ការដោះលែង ឬ​មិន​ដោះលែង​លោក កឹម សុខា បាន​ក្លាយ​ជា​ការ​ភ្នាល់​គ្នា​រវាង​លោក សម រង្ស៊ី និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ករណីនេះ ត្រូវបាន​ក្រុម​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក កឹម សុខា ចេញ​សេចក្ដីថ្លែងការណ៍​សម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង និង​ថា​ការយក​សេរីភាព របស់លោក កឹម សុខា មក​ភ្នាល់​គ្នា​បែប​នេះ នឹង​ធ្វើ​ឲ្យ​ជាតិ​កាន់តែ​បែកបាក់​គ្នា​ធ្ងន់ធ្ងរ​។

​ក្រុម​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក កឹម សុខា តាមរយៈ​សេចក្ដីថ្លែងការណ៍ ចុះ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​សម្ដែង​ការ​មិន​ពេញចិត្ត ចំពោះ​ការ​ភ្នាល់​គ្នា​លើ​សេរីភាព​របស់​លោក កឹម សុខា​។ ពួក​គេ​អះអាង​ថា ការដោះលែង ឬ​មិន​ដោះលែង កូនក្ដី​របស់​ពួកគេ គឺជា​សមត្ថកិច្ច​របស់​តុលាការ មិន​ស្ថិត​ក្រោម​ល្បែងភ្នាល់​គ្នា​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ ការ​ភ្នាល់​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី អាច​ធ្វើឲ្យប៉ះពាល់ ដល់​នីតិវិធី​នៃ​ការ​ស៊ើបសួរ​របស់​តុលាការ​។​

​ការចេញ​សេចក្ដីថ្លែងការណ៍​បែបនេះ គឺ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យល់ព្រម​ទទួល​ការ​ភ្នាល់​គ្នា​ជាមួយ​លោក សម រង្ស៊ី ពោល​ប្រសិនបើ​លោក កឹម សុខា មាន​សេរីភាព​នៅមុន​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០១៩ លោក ហ៊ុន សែន ត្រូវ​ចុះ​ចេញពី​តំណែង ប៉ុន្តែ​ផ្ទុយទៅវិញ បើ​គ្មាន​ការដោះលែង​លោក កឹម សុខា ទេនោះ លោក សម រង្ស៊ី ត្រូវ​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ​កម្ពុជា​។​

​ក្រុម​មេធាវី​របស់​លោក កឹម សុខា យល់ថា ប្រសិន​លោក កឹម សុខា ត្រូវ​ដោះលែង គឺ​ដោះលែង​ក្រោម អំណាច​របស់​តុលាការ ពុំមែន​ជា​ការបញ្ជា​របស់​លោក ហ៊ុន សែន​នោះ​ទេ​។ ហេតុ​នេះ​គ្មាន​ការ​ឈ្នះ ឬ​ចាញ់ នៅ​ក្នុង​ការ​ភ្នាល់​គ្នា​នេះ​នោះ​ទេ ប៉ុន្តែ​ខ្មែរ​ទាំងអស់​គ្នា​ជា​អ្នកឈ្នះ ប្រសិន​បើ​លោក កឹម សុខា មាន​សេរីភាព​ឡើងវិញ​។​

​បន្ថែម​ពីលើ​ប្រតិកម្ម​បែបនេះ សហ​មេធាវី​បាន​ស្នើ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ប្រកាន់​នូវ​គុណធម៌ សីលធម៌ និង​ដង្ហែ​តាម​ព្រះរាជបន្ទូល​របស់​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេច នរោត្តម សីហ​មុនី ដែល​ទ្រង់​បាន​អំពាវនាវ​ឲ្យ​រាស្ត្រ​ខ្មែរ រួម​រួមគ្នា​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​ដើម្បី​ជាតិ​ខ្មែរ​រឹងមាំ​។​

​ចំពោះ​ក្រុម​មេធាវី​របស់​លោក កឹម សុខា ករណី​ភ្នាល់​គ្នា​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សមរង្ស៊ី នឹង​ធ្វើឲ្យ​ជាតិ​ខ្មែរ​កាន់តែ​បែកបា​ក់​គ្នា​ខ្លាំង​ថែម​ទៀត ដែល​ពួកគេ​ស្នើ​ឲ្យ​សាធារណៈ​ជនកុំ​វាយតម្លៃ​លើ​ការ​ភ្នាល់​នេះ ហើយ​កុំ​ទាមទារ​ឲ្យ​ភាគី​ណាមួយ​អនុវត្ត​តាម​ការ​ភ្នាល់​នេះឡើយ​។

​កាលពី​ថ្ងៃ​ម្សិលមិញ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ការ​ភ្នាល់​គ្នា​ទៅលើ​សេរីភាព​របស់​លោក កឹម សុខា គឺជា​រឿង​គ្មាន​គុណធម៌ ប៉ុន្តែ​លោក​ទទួល​ការ​ភ្នាល់​នេះ ដោយសារ​លោក សម រង្ស៊ី ជា​អ្នក​បង្ខំ​ឲ្យ​ភ្នាល់​។​

​ដោយឡែក​លោក សម រង្ស៊ី វិញ​បាន​លើកឡើង​ថា ការដែល​លោក​បបួល​លោក ហ៊ុន សែន ភ្នាល់​គ្នា​បែបនេះ គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​លោក​អាច​ធ្វើឲ្យ​លោក ហ៊ុន សែន យល់ព្រម​ចុះចេញ​ពី​តំណែង នៅពេល​ដែល​អន្តរជាតិ​ដាក់​សម្ពាធ ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក កឹម សុខា​។ លោក សម រង្ស៊ី ជឿ​ថា​អន្តរជាតិ នឹង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក កឹម សុខា នៅ​មុន​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៩​។​

ទំព័រហ្វេសប៊ុករបស់​លោក កឹម សុខា បានសរសេរសារយ៉ាងខ្លី ខណៈផ្ទុះការវែកញែកលើការភ្នាល់គ្នារវាងលោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​៖ «​គាត់​មិន​មាន​សេរីភាព​មែន តែ​គាត់​មាន​សម្បជ​ញ្ញ​: ដឹង​ថា​អ្នក​កំពុង​ធ្វើ​អ្វី មក​លើ​រូបគាត់ និង​ប្រទេសជាតិ​»​៕

ព័ត៌មានផ្សេងទៀត