លោក​ហ៊ុន សែន​៖ ករណី​យក​លោក​កឹម​សុខា​ភ្នាល់ គឺ​លោក​សម​រង្ស៊ី​ជា​អ្នក​បង្ខំ​

10-11-2018 4:27 pm 2269
  ស្តាប់
លោក កឹម សុខា នៅក្នុង​ផ្ទះ​របស់​លោក​កាលពី​អំឡុង​ឆ្នាំ​ ២០១៦​។ រូបថត ភ្នំពេញ​ប៉ុស្តិ៍ ។
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា លោក​បាន​ព្រមព្រៀង​យក​លោក កឹម សុខា មក​ភ្នាល់​តាម​ការចង់បានរ​បស់​លោក​លោក សម រង្ស៊ី គឺ​ធ្វើ​ឡើង​ព្រោះ​គ្មាន​ជម្រើស ដោយ​ទទួលយក​ការ​ភ្នាល់​នេះ ចៀស​មិន​ផុត ។ លោក​បន្តថា បើ​មិន​ទទួល នោះ​គេ​នឹង​ថា​លោក​ជា​ជន​កំសាក​ញី មិន​ហ៊ាន​ទទួលយក​ការ​ភ្នាល់​ជាមួយ​គេ បើទោះបីជា​ដឹងថា ការយក​លោក​កឹម សុខា មក​ភ្នាល់​នេះ គឺជា​រឿង​គ្មាន​គុណធម៌​ក៏ដោយ ។ យ៉ាងណាក៏ដោយ ការយក​ករណី​ដោះលែង ឬ​មិន​ដោះលែង លោក កឹម សុខា មក​ភ្នាល់ រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី នេះ ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ មើលឃើញ​ផ្សេងៗ​គ្នា ...

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​ស្រង់​សម្តី​ដោយ​សារព័ត៌មាន ហ្វ្រេ​សញូយ៍ នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ថា ការដែល​លោក​សម្រេច​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី គឺ​ដោយសារ លោក​សម រង្ស៊ី បាន​រុញ​លោក​ហ៊ុន សែន ឱ្យ​ផ្ទប់​ជញ្ជាំង ដោយ​គ្មាន​ជម្រើស ដើម្បី​ទទួលយក​ការ​ភ្នាល់​នេះ​ដោយ​ចៀស​មិន​ផុត ដើម្បី​សម្លាប់​ជីវិត​នយោបាយ លោក កឹម សុខា ។​

​លោក​បន្តថា បើ​មិន​ទទួលយក គេ​នឹង​ចោទថា លោក​ជា​ជន​កំសាកញី​បំផុត មិន​អង់អាច​ក្លាហាន មិន​ហ៊ាន​ទទួលយក​ការ​ភ្នាល់​ជាមួយ​គេ បើទោះបីជា​ដឹង​យ៉ាងច្បាស់​ថា ការយក​លោក កឹម សុខា មក​ភ្នាល់​ជា​ល្បែង​នេះ ជា​រឿង​អ​គុណធម៌​បំផុត​ក៏ដោយ ព្រោះ​លោក សម រង្ស៊ី ជា​អ្នករៀបចំ​ផែនការ​ដ៏​អាក្រក់​មួយ​នេះ ដើម្បី​សម្លាប់​ជីវិត​នយោបាយ​របស់​លោក កឹម សុខា ។​

​លោក ហ៊ុន សែន បន្ត​សង្កត់ធ្ងន់ថា ករណី​ភ្នាល់​នេះ គឺ​មិនមែន​លោក​ជា​អ្នក​បបួល​លោក​សម រង្ស៊ី នោះទេ គឺ​លោក សម រង្ស៊ី ជា​អ្នក​បង្ខំ​ឱ្យ​លោក ទទួលយក​ការ​ភ្នាល់​ដោយ​ចៀស​មិន​ផុត ។​

​យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងថា លោក​សម រង្ស៊ី បាន​ភ្នាល់​ថា បើ​គ្មាន​ការដោះលែង​លោក កឹម សុខា នោះ​លោក សម រង្ស៊ី នឹង​ត្រូវ​ចូលមក​ដេក​ក្នុង​គុក ដូច​អ្វី​ដែល​លោក​បាន​លើកឡើង​ក្នុងការ​ភ្នាល់​នោះ ។

​សូម​រំឭកថា កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន ដោយ​បាន​ហៅ លោក ហ៊ុន សែន មក​ភ្នាល់ ករណី​ដោះលែង ឬ​មិន​ដោះលែង​លោក កឹម សុខា ។​

​លោក សម រង្ស៊ី បាន​ថ្លែងថា លោក​ជឿជាក់​ថា ក្រោម​សម្ពាធ​អន្តរជាតិ លោក ហ៊ុន សែន នឹង​ត្រូវ​បង្ខំចិត្ត​ដោះលែង​លោក កឹម សុខា ក្នុង​ពេល​ឆាប់ៗ​នេះ ។ អាច​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ឬ​យ៉ាងយូរបំផុត ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០១៩ ។​

​លោក សម រង្ស៊ី បន្តថា បើ​លោក​ចាញ់ ក្នុងការ​ភ្នាល់​នេះ លោក​សុខចិត្ត​ដើរ​ចូល​ឱ្យ​លោក ហ៊ុន សែន ចាប់​យក​ទៅ​ឃុំ​ទន្ទឹម​នឹង​លោក កឹម សុខា បើ​មិន​បញ្ចូល​រឿង​អ្វី​ថ្មី ដូច​ជា​រដ្ឋប្រហារ ក្រៅ​ពី​ចំណុច​ដែល​បាន​លើកឡើង​ខាងលើនេះ ។​

​ទាក់ទង​ទៅនឹង​ការយក​លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មក​ភ្នាល់​ពី​សំណាក់​មេដឹកនាំ​កំពូល​ទាំងពីរ​នេះ នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា បាន​សរសេរ​សារ​ដ៏​ខ្លី​ថា «​គាត់​មិន​មាន​សេរីភាព​មែន តែ​គាត់​មាន​សម្បជញ្ញៈ ដឹង​ថា​អ្នក​កំពុង​ធ្វើ​អ្វី​មកលើ​រូបគាត់ និង​ប្រទេសជាតិ​» ។​

​ចំណែកឯ លោកស្រី ម៉េង សុភា​រី មេធាវី​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា បាន​សរសេរ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុកខ្លួន​ថា «​មិន​គួរ​យក​លោក កឹម សុខា ជា​កម្មវត្ថុ​នៃ​ការ​ភ្នាល់​គ្នា​នោះ​ទេ ពីព្រោះ​សេរីភាព​របស់​គាត់ មិនមែន​ជា​ល្បែង​ឡើយ ប៉ុន្តែ សេរីភាព​របស់​គាត់ មានតម្លៃ​អាច​កំណត់​វាសនា​ជាតិ ដែល​អ្នក​ស្នេហា​ជាតិ​ទាំងអស់ គ្រប់​ភាគី​នយោបាយ គួរ​ស្វែងរក​ដំណោះស្រាយ​ដែល​ប្រសើរ​សម្រាប់​ទាំងអស់គ្នា ដើម្បី​កុំឱ្យ​បាត់​ផលប្រយោជន៍​ជាតិ និង​ប្រយោជន៍​ពលរដ្ឋ ។​

​យ៉ាងណាម៉ិញ សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋអាមេរិក ចុះ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា បានសរសេរថា ក្រុម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋអាមេរិក សូម​សម្តែង​ការខកចិត្ត​យ៉ាង​ក្រៃលែង បន្ទាប់ពី​បាន​ឃើញ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា បាន​ផ្តួចផ្តើម​បបួល​លោក ហ៊ុន សែន ភ្នាល់​គ្នា​លើ​ករណី​ដោះលែង ឬ​មិន​ដោះលែង​លោក កឹម សុខា ។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ក្រុម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋអាមេរិក សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​អាកប្បកិរិយា​ប្រមាថ​ម្តង​ហើយ​ម្តងទៀត​ដ៏​អ​គុណធម៌ និង​គ្មាន​សីលធម៌ ដែល​បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការលះបង់​របស់លោក កឹម សុខា និង​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ដែល​បាន​តស៊ូ​ដើម្បី​សិទ្ធិ សេរីភាព លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ។​

​ជាមួយគ្នានេះ ក្រុម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋអាមេរិក ក៏បាន​អំពាវនាវ​ដល់​អ្នកនយោបាយ​ខ្មែរ​គ្រប់រូប សូម​បញ្ឈប់​ជា​បន្ទាន់​នូវ​ចរិត​នយោបាយ ដែល​ប្រាសចាក​នូវ​គុណធម៌ ហើយ​ងាក​មក​ប្រកាន់​នូវ​ក្រមសីលធម៌ និង​គុណធម៌​នយោបាយ​ឱ្យបាន​ថ្លៃថ្នូរ និង​ធ្វើ​អ្វីៗ ដោយ​តម្កល់​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជាធំ ។​

​ចំណែកឯ លោក អ៊ូ វីរៈ អ្នកវិភាគ តាមដាន​នយោបាយ​និង​សង្គម បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា «​ចុះបើ​សុខចិត្ត​នាំគ្នា​រក​ឯកភាព​ជាតិ បញ្ចៀស​ទារុណកម្ម ហើយ​ប្រឹងរក​មោទនភាព​ជាតិ​ខ្មែរ កិត្តិយស​ខ្មែរ ភាពរុងរឿង​ខ្មែរ ម៉េច​ដែរ​? រក​ផ្លូវ​ខ្មែរ​ឈ្នះ​បាន​អត់ ?»

​គូសបញ្ជាក់ថា លោក​កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់​យក​ទៅ​ឃុំខ្លួន នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ។ រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក​ត្រូវបាន​តុលាការ​អនុញ្ញាត​ឱ្យ​រស់​នៅក្នុង​ផ្ទះ ក្រោម​ហេតុផល​សុខភាព ៕

ព័ត៌មានផ្សេងទៀត