ក្រសួង​កសិកម្ម​ចុះ​MOU​ជាមួយ​ម៉ាឡេស៊ី ដាំ​ឫស្សី​នៅ​កម្ពុជា​

10-11-2018 11:30 am 893
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អង្គការ​មូលនិធិ​ច្នៃប្រឌិត​សកល និង​សហគ្រិនភាព នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ឫស្សី​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា...

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ពី​គ្រប់ភាគី ពាក់ព័ន្ធ​ទៅនឹង​ការធ្វើឱ្យ​សម្រេចបាន​នូវ​ឯកសារ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ ។ លោក​បញ្ជាក់ថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​របស់​ក្រសួង​កសិកម្ម ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការបើក​ទូលាយ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម ។​

​លោក​រដ្ឋមន្ត្រី​បាន​សម្តែង​ការជឿជាក់​យ៉ាង​មុតមាំ​ថា គ្រប់​ភាគី​ពាក់ព័ន្ធ នឹង​រួមគ្នា​អនុវត្ត​រាល់​ខ្លឹមសារ​នៃ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ ឱ្យបាន​ល្អ​ប្រសើរ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​សហគមន៍​ព្រៃឈើ ក៏​ដូចជា​ក្រុមហ៊ុន​វិនិយោគ ។​

​គូសបញ្ជាក់ថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ ២០១៩-២០២៣ ដែល​បាន​ផ្តល់​អាទិភាព​ទៅលើ​អនុវិស័យ​ជាច្រើន​សំខាន់ៗ ក្នុងចំណោម​នោះ គឺ​ការអភិវឌ្ឍ​សហគមន៍​ព្រៃឈើ​តាមរយៈ​ការ​ធ្វើ​កសិកម្ម​ចម្រុះ ។​

​កសិកម្ម​ចម្រុះ គឺធ្វើឡើង​ក្នុង​គោលបំណង​ចម្បង ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម និង​ផលិតកម្ម​ឫស្សី ដែល​ជា​មុខរបរ​ថ្មី អាច​ជួយ​បង្កើត​ការងារ​ជូន​ប្រជា​សហគមន៍​ព្រៃឈើ និង​ប្រជាពលរដ្ឋ ដែល​មាន​ធនធាន​ឫស្សី ដើម្បី​បង្កើន​ចំណូល​គ្រួសារ កាត់បន្ថយ​ការពឹង​អាស្រ័យ​ផល និង​អនុផល​ព្រៃឈើ ការ​បរបាញ់ និង​កាត់បន្ថយ​ចំណាកស្រុក តាមរយៈ​ការបង្កើន ពង្រឹង និង​ពង្រីក​ផលិតកម្ម​កែច្នៃ​ឫស្សី​របស់​កម្ពុជា ឱ្យ​មាន​ផលិតភាព និង​គុណភាព​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក និង​នាំចេញ ៕

ព័ត៌មានផ្សេងទៀត