លោក ហ៊ុន សែន នឹង​ចុះ​ចេញពី​តំណែង បើ​លោក កឹម សុខា ត្រូវ​ដោះលែង​ដូច​លោក សម រង្ស៊ី អះអាង​

09-11-2018 8:52 pm 3684

លោក សម រង្ស៊ី បាន​បបួល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា លោក កឹម សុខា នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ឬ​យ៉ាងយូ​ត្រឹម​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០១៩ ដោយសារតែ​មាន​សម្ពាធ​ពី​អន្តរជាតិ​។ ជា​ការឆ្លើយតប​លោក ហ៊ុន សែន អះអាងថា បើ​មាន​ការដោះលែង​លោក កឹម សុខា នោះ​លោក​នឹង​ចុះ​ចេញពី​តំណែង ប៉ុន្តែ​ផ្ទុយទៅវិញ លោក សម រង្ស៊ី ត្រូវ​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ​កម្ពុជា បើ​គ្មាន​ការដោះលែង លោក កឹម សុខា នៅ​ចន្លោះ​ពេល​ដែល​លោក​អះអាង​ទេនោះ​។​

​នៅក្នុង​បទសម្ភាសន៍​ផ្ដាច់មុខ​ជាមួយ​សារព័ត៌មាន​ហ្វ្រេ​សញូវ នា​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា គ្មាន​ឡើយ​ការដោះលែង​លោក កឹម សុខា ដោយសារ​តែ​សម្ពាធ​អន្តរជាតិ ដូច​ការលើក​ឡើង​របស់លោក សម រង្ស៊ី​។

​លោក ហ៊ុន សែន ត្រូវ​​បានដក​ស្រង់​សម្ដី​ថា​៖ «​ខ្ញុំ​ហ៊ាន​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី បើសិន​មាន​ការដោះលែង កឹម សុខា មែន ខ្ញុំ ហ៊ុន សែន សុខចិត្ត​ចុះចេញ​ពី​តំណែង​តាម​ការ​បបួល​ភ្នាល់​របស់ សម រង្ស៊ី ប៉ុន្តែ​បើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​វិញ​នោះ នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០១៩​ទេ លោក សម រង្ស៊ី ត្រូវ​ហ៊ាន​ចុះចាញ់​ទទួលស្គាល់​ការ​ភ្នាល់​របស់ខ្លួន ដោយ​ចូល​មក​ឲ្យ​ចាប់ខ្លួនភ្លាមៗ​បន្ទាប់​ពី​បញ្ចប់​ការ​ភ្នាល់​»​។​

​លោក សម រង្ស៊ី ដែលជា​អ្នក​បបួល​លោក ហ៊ុន សែន ភ្នាល់​គ្នា បាន​លើកឡើង​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​ថា​៖ «​តើ​លោក ហ៊ុន សែន ហ៊ាន​ភ្នាល់​ជាមួយ​ខ្ញុំ​ទេ​? កាលពី​ថ្ងៃ ០៧ វិច្ឆិកា កន្លងទៅនេះ លោក ហ៊ុន សែន បាន​អះអាង​ថា គាត់​មិន​ងាយ​ដោះលែង​លោក កឹម សុខា ទេ ទាល់តែ​ចាំ​សេះ​ដុះ​ស្នែង​។ ខ្ញុំ​នៅតែ​ជឿជាក់ថា ក្រោម​សម្ពាធ​អន្តរជាតិ លោក ហ៊ុន សែន នឹង​ត្រូវ​បង្ខំចិត្ត​ដោះលែង​លោក កឹម សុខា ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។ អាច​ថ្ងៃ​២៩ ធ្នូ ២០១៨ នេះ ឬក៏​យ៉ាងយូរបំផុត ថ្ងៃ ០៣ មីនា ២០១៩​។ បើ​លោក ហ៊ុន សែន ចាញ់​ខ្ញុំ​ក្នុងការ​ភ្នាល់​នេះ គាត់​មិន​ចាំបាច់​កាត់​ក​ខ្លួនឯង ដូច​ក្នុង​ការសន្យា​បញ្ឈប់​ការកាប់​ព្រៃឈើ​នោះ​ទេ​។ ខ្ញុំ​គ្រាន់តែ​សុំ​ឲ្យ​គាត់​ចុះចេញ​ពី​តំណែង បាន​ហើយ​។ តែ​បើ​ខ្ញុំ​ចាញ់​លោក ហ៊ុន សែន វិញ ខ្ញុំ​សុខចិត្ត​ដើរ​ចូល​ឲ្យ​គាត់​ចាប់​ខ្ញុំ យក​ទៅ​ឃុំ​ទន្ទឹម​នឹង​លោក កឹម សុខា បើ​មិន​បញ្ចូល​រឿង​អ្វី​ថ្មី (​ដូច​ជា​រដ្ឋប្រហារ​) ក្រៅ​ពី​ចំណុច​ដែល​បាន​លើកឡើង​ខាងលើនេះ​»​។​

​កាលពី​ពេល​ថ្មីៗ​នេះ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ ណា​ស្មី​ត បាន​អំពាវនាវ​ជាថ្មី ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ឲ្យ​អាជ្ញាធរ​ដោះលែង ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជា​សំណើរ​ដែល​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ច្រានចោល​ភា្ល​មៗ​។​

​គួររម្លឹកថា ក្រោយ​ជាប់ពន្ធនាគារ​ត្រពាំងផ្លុង​អស់​រយៈពេល​ជាង​១​ឆ្នាំ លោក កឹម សុខា ពេលនេះ​កំពុង​ស្នាក់នៅ​ក្នុង​គេហដ្ឋាន​របស់​លោក ក្រោយ​តុលាការ​អនុញ្ញាតិឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​។ វា​ជា​ការ​នៅ​ក្រៅ​ឃុំ​ដែល​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​មេធាវី ចាត់ទុក​ជា​ការឃុំខ្លួន​នៅក្នុង​ផ្ទះ ព្រោះតែ​មាន​បម្រាម និង​ការឃ្លាំមើល​យ៉ាង​តឹងតែង​ពី​អាជ្ញាធរ​៕

ព័ត៌មានផ្សេងទៀត