បន្ទាប់ពីហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរ ប៊ូអ៊ីង 737 MAX 8នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុនប៊ូអ៊ីងកំពុងរៀបចំការប្រកាសអាសន្នមួយដល់ក្រុមហ៊ុននានា ដែលទិញយន្ដហោះសេរីថ្មីរបស់ខ្លួនយកទៅប្រើប្រាស់សម្រាប់ដឹកជញ្ជូន។ ក្រុមហ៊ុនប៊ូអ៊ីងនឹងប្រកាសអាសន្នទាក់ទងនឹងបញ្ហាដែលយន្ដហោះអាចធ្លាក់ចុះយ៉ាងឆាប់រហ័សខណៈកំពុងហោះហើរ។ ភ្នាក់ងារព័ត៌មានរបស់ក្រុមហ៊ុនប៊ូអ៊ីងនឹងប្រកាសថា ដោយសារតែបញ្ហាបច្ចេកទេសលើប្រព័ន្ធត្រួតពិនិត្យតាមជើងហោះហើររបស់យន្ដហោះ អាចនឹងបណ្ដាលឲ្យយន្ដហោះធ្លាក់ចុះភ្លាមៗដោយចៃដន្យ។
យោងទៅតាមរបាយការណ៍ ការប្រកាសព្រមានរបស់ក្រុមហ៊ុនប៊ូអ៊ីងដូច្នេះ ផ្អែកលើការស៊ើបអង្កេតយន្ដហោះប៊ូអ៊ីង737 MAX 8 ជើងហោះហើរJT610របស់ក្រុមហ៊ុនLion Airឥណ្ឌូនេស៊ី ដែលទើបធ្លាក់ក្នុងសមុទ្រជ្វាកាលពីថ្ងៃទី២៩តុលា សម្លាប់មនុស្សទាំង១៨៩នាក់នៅលើយន្ដហោះ។ ទិន្ឋន័យទទួលបានពីការស៊ើបអង្កេតលើយន្ដហោះនេះ បង្ហាញថាវាមានបញ្ហាជាមួយនឹងការបញ្ជាក់ល្បឿនហោះហើរ ក្នុងពេលហោះហើរបួនជើងចុងក្រោយ។
យន្ដហោះប្រភេទប៊ូអ៊ីង737 MAX គឺជាយន្ដហោះទើបផលិតថ្មីនិងទំនើបបំផុតរបស់ក្រុមហ៊ុនប៊ូអ៊ីង ក៏ដូចជាលក់ដាច់បំផុតផងដែរ។ យន្ដហោះនេះមានតម្រូវការខ្ពស់ និងមានកេរ្ដិ៍ឈ្មោះល្អជាយន្ដហោះដឹកជញ្ជូនមានសុវត្ថិភាពអាចទុកចិត្ដបាន។ ប៉ុន្ដែយ៉ាងណាក៏ដោយក្រោយជួបបញ្ហាលើយន្ដហោះប៊ូអ៊ីង737 MAX 8របស់ក្រុមហ៊ុនLion Air ក្រុមហ៊ុនប៊ូអ៊ីងនឹងផ្ដល់ដំណឹងទៅក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងចរាចរយន្ដហោះប៊ូអ៊ីងប្រភេទថ្មី ត្រូវប្រុងប្រយ័ត្នខ្ពស់ហើយត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់មុនហោះហើរ។
គួរជម្រាបជូនថា ពេលនេះក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ី កំពុងបន្ដស្វែងរកសាកសពមនុស្សបាត់ខ្លួន ក្រោយធ្លាក់យន្ដហោះប៊ូអ៊ីង737 MAX 8។ ក្រៅពីរកឃើញសាកសពខ្លះ ក្រុមស្វែងរកក៏រកឃើញបំណែកយន្ដហោះ និងប្រអប់ខ្មៅយន្ដហោះមួយផងដែរ។ ចំពោះលទ្ធផលបឋមនៃការស៊ើបអង្កេត រំពឹងអាចនឹងប្រកាសជាសាធារណៈនៅចុងខែវិច្ឆិកានេះ៕