មន្ត្រីជាន់ខ្ពស់​វិស័យ​មីន​ប្រទេស​កូឡុំប៊ី​២៣​រូប ទទួល​ការហ្វឹកហ្វឺន​ពី​ស៊ីម៉ាក់​

06-11-2018 3:53 pm 731
  ស្តាប់
ស្តាប់ជាសំឡេង

​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​វិស័យ​មីន របស់​ប្រទេស​កូឡុំប៊ី ចំនួន​២៣​រូប បាន​អញ្ជើញ​មកដល់​ទឹកដី​អង្គរ ខេត្តសៀមរាប ដើម្បី​ទទួលបាន​ការហ្វឹកហ្វឺន​ជាមួយ​អង្គការ​ស៊ីម៉ាក់ កម្ពុជា រយៈពេល​២​សប្តាហ៍ ។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​) នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ...

​លោក ហេង រតនា បញ្ជាក់​បន្តថា គណៈប្រតិភូ​ទាំងនេះ រួមមាន ទីប្រឹក្សា​អម​ប្រធានាធិបតី​ប្រទេស​កូឡុំប៊ី និង​ថ្នាក់ដឹកនាំ​តាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ។

​លោក​បន្តថា វគ្គ​ហ្វឹកហ្វឺន​នេះ ផ្តោត​លើ​ប្រធានបទ «​ការគ្រប់គ្រង​ទូទៅ ការធ្វើផែនការ និង​ការកំណត់​អាទិភាព ក្នុងការ​បោសសម្អាត​មីន​» ដែល​រៀបចំ​នៅ​សារមន្ទីរ​សន្តិភាព​សកម្មភាព​កម្ចាត់​មីន នៅ​កងឯកភាព​កម្ចាត់មីន​២ និង​វិទ្យាស្ថាន​ហ្វឹកហ្វឺន​សកម្មភាព​មីន​ស៊ីម៉ាក់ ។​

​អគ្គនាយក​ស៊ីម៉ាក់​រូបនេះ បន្តថា គម្រោង​នេះ គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន​តា​មរយៈ​អង្គការ JICA ។ ប្រទេស​កូឡុំប៊ី មាន​សង្គ្រាម​ស៊ីវិល​ប្រមាណ​៥០​ឆ្នាំ និង​ទើប​ទទួល​បាន​សន្តិភាព ដូច្នេះ ត្រូវការ​បោសសម្អាត​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​ធានា​បាន​ការអនុវត្ត​ដំណើរការ​សន្តិភាព​ឱ្យបាន​ពេញលេញ ។​

​គូសបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៧ អង្គភាព​ស៊ីម៉ាក់ ភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន និង​កូឡុំប៊ី បាន​ចុះហត្ថលេខា​រួម​គ្នា​លើ​កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ ស្តី​ពី​ការហ្វឹកហ្វឺន​ជំនាញ បោសសម្អាត​គ្រាប់​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ សម្រាប់​ដំណាក់កាល​ទី​២ ក្រោម​ការគាំទ្រ និង​ឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ។​

​កិច្ចព្រមព្រៀង​នេះ ស៊ីម៉ាក់​នឹង​ផ្តល់​ការហ្វឹកហ្វឺន​ចំនួន​៧​វគ្គ ដល់​សិក្ខាកាម​កូឡុំប៊ី សម្រាប់​រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២២ ដែល​មាន​សិក្ខាកាម​សរុប​១៥៨​នាក់ ដោយ​ផ្តោត​លើ​ប្រធានបទ​ចំនួន​៧ រួមមាន ១.​ជំនាញ​កម្ទេច​គ្រឿងផ្ទុះ​កម្រិត​៣, ២.​ការហ្វឹកហ្វឺន​គ្រូ​បង្គោល​សុនខ​, ៣.​ការគ្រប់គ្រង​ទូទៅ ការធ្វើផែនការ​និង​ការកំណត់​អាទិភាព​ក្នុងការ​បោសសម្អាត​មីន និង​ទី​៤.​ការកាត់បន្ថយ​ផ្ទៃ​ដី​ចម្ការ​មីន ។​

​យ៉ាងណាក៏ដោយ វគ្គ​ហ្វឹកហ្វឺន​ចំនួន​២​បានបញ្ចប់​រួចរាល់ រួមមាន ជំនាញ​កម្ទេច​គ្រឿងផ្ទុះ​កម្រិត​៣ និង ការហ្វឹកហ្វឺន​គ្រូ​បង្គោល​សុនខ កាលពី​អំឡុង​ពាក់កណ្តាល​ខែ​មីនា ឆ្នាំ​២០១៨ ៕

ព័ត៌មានផ្សេងទៀត