លោក​គង់ គាំ​៖ ពាក្យ​ថា​ខ្ញុំ​ជា​CIA​របស់​CPP គួរតែ​ជា​ពាក្យ​របស់​បក្ស​ប្រឆាំង​

05-11-2018 4:16 pm 2403
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​សំណេរ នៅលើ​ហ្វេ​សប៊ុក​របស់ខ្លួន លោក គង់ គាំ ដែល​ធ្លាប់​ជា​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល នៃ​អតីត​គណបក្សប្រឆាំង និង​ជា​មនុស្ស​ដ៏​ស្និទ្ធ​នឹង​លោក​សម រង្ស៊ី បាន​លើកឡើង​ថា ពាក្យ​ថា​លោក​ជា CIA របស់​គណបក្ស​ប្រជាជន​កម្ពុជា គួរតែ​ជា​ពាក្យ​របស់​បក្ស​ប្រឆាំង​ទេ​ដែល​ត្រូវ​ហៅ​ដូច្នេះ ...

​លោក គង់ គាំ អតីត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​បាន​លើកឡើង​ថា ការប្រើ​ភាសា​ថា​លោក​ជា​ភ្នាក់ងារ​សម្ងាត់ CIA របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​គណបក្ស​ប្រឆាំង គួរតែ​ជា​ពាក្យ​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ទេ ដែល​ត្រូវ​ហៅ​លោក​ដូចនេះ ។ លោក​បាន​លើកឡើង​បែប​នេះ នៅក្នុង​សំណេរ លើ​ហ្វេ​សប៊ុក​របស់ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ។​

​លោក​បាន​បន្តថា ជា​ការពិត ជា​ហូរហែ​មក ក៏​មាន​មជ្ឈដ្ឋាន​ផ្ទៃក្នុង​គណបក្ស​ប្រឆាំង​មួយចំនួន​តូច​បំផុត ដែល​សង្ស័យ មមៃ​គិតថា​លោក​ជា​មនុស្ស​បង្កប់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា តែ​មជ្ឈដ្ឋាន​ទូលំទូលាយ​ដូចជា មេដឹកនាំ​កំពូល​របស់​គណបក្សប្រឆាំង មិន​ដែល​មន្ទិល​សៅហ្មង​អំពី​រូប​លោក​ម្តងណា​ទេ ។​

​លោក​បញ្ជាក់ថា ច្បាស់​ខ្លាំងណាស់ មេដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្គាល់ បាន​យល់​ពី​លោក​គ្មាន​ចន្លោះ គឺ​ធ្វើ​អ្វីៗ ទៅតាម​ឧត្តមគតិ សម្បជញ្ញៈ មនសិការ​របស់​លោក​ផ្ទាល់​តែ​ប៉ុណ្ណោះ ។​

​ទាំង​មេដឹកនាំ​គណបក្សប្រឆាំង លោក សម រង្ស៊ី ទាំង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា មាន​លោក ហេង សំរិន​, លោក ជា ស៊ីម និង​លោក ហ៊ុន សែន សុទ្ធតែ​ទទួល​ការបញ្ជាក់​ជា​លាយ​លក្ខ​អក្សរ​របស់​លោក​ថា លោក​ជ្រើស​យក​ឧត្តមគតិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើកផ្លូវ ។​

​យ៉ាងណាក៏ដោយ លោក​បាន​សង្កត់ធ្ងន់ថា លោក​សូម​ឱ្យ​បរទេស និង​អ្នកនយោបាយ ដែល​គោរព​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​គោរព​រដ្ឋធម្មនុញ្ញ ប៉ុន្តែ ហៅ​ការបោះឆ្នោត​៥​ឆ្នាំ​ម្តង​យ៉ាង​ទៀងទាត់ ហើយ​ហៅ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ថា​ក្លែងក្លាយ គឺជា​ការបំផ្លាញ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​ដោយ​ខ្លួនឯង​ទៅ​វិញ​ទេ ៕

ព័ត៌មានផ្សេងទៀត