ក្នុងដំណើរទស្សនកិច្ច នៅទីក្រុងប៉ារីស រយៈពេលជាងមួយសប្តាហ៍ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជួបពិភាក្សាការងារជាមួយលោកស្រី Pauline CARMONA អនុប្រធាននាយកដ្ឋានកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងកិច្ចការបរទេសសាធារណរដ្ឋបារាំង កាលពីចុងសប្តាហ៍កន្លងទៅ ដោយផ្តោតអំពីទំនាក់ទំនងដ៏យូរអង្វែងរបស់កម្ពុជា-បារាំង ដែលតាំងពីដើមរៀងមក បារាំងបានជួយជ្រោមជ្រែងប្រទេសកម្ពុជាក្នុងការស្វែងរកសន្តិភាព និងបានផ្ដល់ជំនួយជាបន្តបន្ទាប់ រួមទាំងជំនួយផ្នែកហិរញ្ញវត្ថុ ដល់ប្រទេសកម្ពុជា និងជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សដល់រដ្ឋបាលរាជធានីភ្នំពេញក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី នាពេលកន្លងមក។
លោកឃួង ស្រេង បានស្នើក្រសួងកិច្ចការបរទេសបារាំង តាមរយៈលោកស្រី Carmona ឲ្យបន្តគាំទ្របន្ថែមទៀតលើកិច្ចការសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-បារាំង និងរាជធានីភ្នំពេញ-ទីក្រុងប៉ារីស ព្រមទាំងបន្តគាំទ្រលើគម្រោងនានា ដែលអាចជួយឲ្យរាជធានីភ្នំពេញអាចក្លាយជាទីក្រុងបៃតង និងទីក្រុងឆ្លាតវៃនាពេលអនាគត។
លោកស្រី Pauline Carmona បានបញ្ជាក់ថា បារាំង នៅតែបន្តជួយដល់រាជធានីភ្នំពេញ, បន្តការគាំទ្រលើជំនួយអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សំរាប់រាជធានីភ្នំពេញ ដើម្បីជួយដល់គម្រោងជាអាទិភាពនានា ដែលរាជធានីភ្នំពេញកំពុងតែអនុវត្ត។
លោកស្រី Pauline Carmona ក៏បានសរសើរ ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ទីក្រុង ក្នុងនោះរួមមាន ការដាក់ចេញនូវការកសាងប្លង់គោលអភិវឌ្ឍន៍ទីក្រុង និងប្លង់គោលដឹកជញ្ជូនសាធារណៈ ធ្វើឲ្យមាននិរន្តរភាពសម្រាប់ ការវិនិយោគយូរអង្វែង ដែលគ្មានហានិភ័យ។
លោកឃួង ស្រេង បានសាទរដល់គម្រោងសិក្សាជំហ៊ានទី៣ របស់ភាគីបារាំងលើគម្រោងសាងសង់ប្រពន្ធ័ដឹកជញ្ជូន Tramway នៅរាជធានីភ្នំពេញ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ពង្រីកតម្រាយផ្លូវ ធ្វើដំណើរឲ្យកាន់តែទំនើប និងទាន់សម័យ បង្កភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលកំពុងមានការកើនឡើងឥតឈប់ឈរ ក្នុងរាជធានីភ្នំពេញនាពេលបច្ចប្បន្ន៕