លោក​ថោង​ខុន​៖ ទេសចរ​​ទស្សនា​បុណ្យ​សមុទ្រ អាច​ឆ្លង​ទៅ​ថៃ​និង​ស្នាក់នៅ​បាន​

05-11-2018 11:18 am 1141
  ស្តាប់
ស្តាប់ជាសំឡេង

​នៅសល់​តែ​រយៈពេល​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ នៅ​ខេត្ត​កោះកុង នឹង​ចូលមក​ដល់ ដែល​នឹង​ធ្វើឡើង​៣​ថ្ងៃ ពី​ថ្ងៃ​ទី​១៤-១៦ ខែ​ធ្នូ​ខាងមុខនេះ ។ លោក​រដ្ឋមន្ត្រី​ថោង ខុន បាន​លើកឡើង​ថា ទេសចរ​ពី​កម្ពុជា​ដែល​មក​ទស្សនា​ពិធីបុណ្យ​នេះ នឹង​អាច​ឆ្លង​ទៅ​ទស្សនា​នៅ​ប្រទេស​ថៃ និង​អាច​ស្នាក់​នៅ​ទីនោះ​បាន...

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​មានប្រសាសន៍ថា ក្នុង​អង្គប្រជុំ ក្រុម​ការងារ​ខាង​ភាគី​កម្ពុជា បាន​សម្របសម្រួល​ជាមួយ​ភាគី​ថៃ ដើម្បី​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ពី​កម្ពុជា ដែល​មក​ទស្សនា​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង ឆ្នាំនេះ អាច​ឆ្លង​ទៅ​ទស្សនា​នៅ​ខេត្ត​ត្រាច ប្រទេស​ថៃ និង​ស្នាក់នៅ​ទីនោះ​បាន​ផង​ដែរ ។​

លោក​បាន​លើកឡើង​បែប​នេះ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៣ ដើម្បី​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៧ នៅ​សាលា​ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ។​

​លោក​បញ្ជាក់​បន្តថា ជា​ស្មារតី ប្រមុខ​រាជរដ្ឋាភិបាល​បាន​ឯកភាព និង​គាំទ្រ​ហើយ ព្រោះ​លើក​មុន រាជរដ្ឋាភិបាល​បានអនុញ្ញាត​ម្តង​ហើយ តែ​ធម្មតា គណៈកម្មការ​អន្តរក្រសួង ត្រូវ​ធ្វើ​លិខិត​ស្នើ​សុំ​ជា​ផ្លូវការ​ថែមទៀត ។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ថោង ខុន និង​លោកស្រី មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង បាន​អះអាង​ថា ក្រុមការងារ​កំពុង​ដោះស្រាយ​បញ្ហា​សេវា​ស្នាក់នៅ ម្ហូបអាហារ និង​សេវាកម្ម​តម្រូវការ​នានា ដោយ​ធ្វើយ៉ាងណា គ្រប់យ៉ាង​នឹង​រៀបចំ​រៀបរយ​ស្រេច​បាច់ មុន​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​នេះ ឈាន​ចូល​មក​ដល់ ។​

​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​មិន​ឱ្យ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ កុំ​ឡើងថ្លៃ​ហួសហេតុ​ពេក ។​

​គូសបញ្ជាក់ថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ នៅ​ខេត្ត​កោះកុង នឹង​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោកស្រី ប៊ុន រ៉ានី ហ៊ុន​សែន ៕

ព័ត៌មានផ្សេងទៀត