មន្ត្រី​​អតីត​​បក្សប្រឆាំង​​សុំ​រដ្ឋាភិ​បាល​​ដោះលែង​​សកម្មជន​​ខ្លួន​​ក្នុង​ថ្ងៃ​​បុណ្យជាតិ​​ខាង​មុខ​​

05-11-2018 10:05 am 1472
​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​មន្ដ្រីជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។​

​ខណៈដែល​ពិធី​បុណ្យជាតិ​ធំៗ​នៅ​កម្ពុជា គ្រោង​នឹង​ឈានចូល​មកដល់​នាពេលខាងមុខ អតីតមន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប បាន​អំពាវនាវ​ទៅ​រាជរដ្ឋាភិបាល និង ស្ថាប័ន​តុលាការ ធ្វើ​ការត្រួតពិនិត្យ លើក​លែង​ទោស និង ទម្លាក់​ការ​ចោទ​ឱ្យ​សកម្មជន និង មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅតាម​មូល​។ ការស្នើ​នេះ គឺ​ដើម្បីឱ្យ​ពួកគេ​មាន​សេរីភាព​ឡើងវិញ និង ដើម្បី​បាន​ជួបជុំ​គ្រួសារ​បានធ្វើ​បុណ្យទាន​។

«​ក្នុងឱកាស​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង ព្រះរាជ​ពិធី​បុណ្យអុំទូក​ដែល​នឹង​ឈានចូល​មកដល់​នៅពេល​ខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំ​ព្រះ​កុណា​ខ្ញុំ ក្នុងនាម​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សូម​អំពាវ​ជាថ្មី​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ស្ថាប័ន​តុលាការ ដើម្បី​ពិនិត្យ​និង​ដោះលែង​សកម្មជន និង មន្ត្រី អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅតាម​មូលដ្ឋាន​ដែល​បាន​ជាប់ចោទ និង​ឃុំខ្លួន​ដោយ​អំណាចតុលាការ​កន្លងមក ដើម្បីអោយ​ពួកគាត់​មានឱកាស​ជួបជុំ​ក្រុមគ្រួសារ​នាឱកាស​បុណ្យទាន​»​។ នេះ​ជា​ការអំពាវនាវ​របស់​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​មន្ដ្រីជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។​

​ការអំពាវនាវ​យ៉ាង​ដូច្នេះ​ធ្វើឡើង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​របស់លោក​កាលពី​ថ្ងៃទី​២ វិច្ឆិកា​នេះ​។ បើតាម​លោក អ៊ូ ច័ន្ទ​រ័ត្ន អ្នក​ជាប់ឃុំ​ជា​អតីត​សកម្មជន និង មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​មានដូចជា​៖ លោក ចៅ វាសនា អតីត​ចៅសង្កាត់​ប៉ោយប៉ែត បន្ទាយមានជ័យ​,​លោក បាន ភាព​អតីត​ក្រុមប្រឹក្សា ស្រុក​ជីក្រែង ខេត្តសៀមរាប ,​លោក អ៊ី ស្មា​អ៊ែល បិ​ន​ឧស្ម័ន ខេត្ត​ត្បូងឃ្មុំ ,​លោក ឌិន វុទ្ធី ខេត្ត​បន្ទាយមានជ័យ ,​លោក សៀង សឿន មេឃុំ​សាមគ្គី​ខេត្ត​កំពង់ធំ ,​លោក ទូច ម៉ា​រី​ន សមាជិក​ឃុំ​សាមគ្គី ខេ​ត​កំពង់ធំ , លោក លីម ប៊ុន​នី មេឃុំ​កៀន​ជ្រៃ ខេត្ត​កំពង់ចាម និង​លោក អ៊ុក ចេត្ត​នី ចៅសង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​គូសបញ្ជាក់ថា សកម្មជន​ទាំងនោះ តិច ឬ​ច្រើន សុទ្ធតែ​មាន​ការពាក់ព័ន្ធ​នឹង​និន្នាការ និង ការ​រើ​ង​អើ​ង​នយោបាយ​នៅ​នឹង​មូលដ្ឋាន​។ ដូច្នេះ​លោក​មាន​សេចក្ដី​សង្ឃឹមថា រាជរដ្ឋាភិបាល និង តុលាការ នឹងមាន​ការពិនិត្យ​ដោះលែង​ជនជាប់ចោទ​ទាំងនោះ ឱ្យមាន​សេរីភាព​ឡើងវិញ​។

​គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី​៩ វិច្ឆិកា កម្ពុជា​នឹង​រៀបចំ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ខណៈ​នៅ​ថ្ងៃទី​២១-២៣ វិច្ឆិកា ខាងមុខ ជា​ពិធី​បុណ្យអុំទូក បណ្តែត​ប្រទីប អក​អំបុក និង សំពះ​ព្រះ​ខែ​។ ជាទូទៅ​នៅក្នុង​បុណ្យជាតិ​នេះ រដ្ឋាភិបាល​កម្ពុជា​តែងតែ​ត្រួតពិនិត្យ​បន្ធូ​បន្ថយ និង​លើកលែងទោស​ទណ្ឌិត​ចំនួន​។​ហើយ​កាលពីពេល​ថ្មីៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកា​ល​ធ្វើ​ការលើកលែងទោស​ទ្រុងទ្រាយ​ធំ​ផងដែរ​៕

 ពាក្យគន្លឹះ  គណបក្សសង្រ្គោះជាតិ

ព័ត៌មានផ្សេងទៀត