លោក​ផៃ ស៊ីផា​ន​៖ គួរ​មាន​វិធានការ​ប្រសិទ្ធភាព​បង្ក្រាប​ក្រុម​ចោរឆក់ មិន​គួរ​បណ្តោយ​ទេ​..!

03-11-2018 5:43 pm 1220
  ស្តាប់
ស្តាប់ជាសំឡេង

​ដោយ​មើលឃើញ​ពី​បញ្ហា​ក្រុមចោរឆក់​នៅលើ​ដងផ្លូវ នៅតែ​ជា​បញ្ហា​ដ៏​រ៉ាំរ៉ៃ កើតឡើង​ជារឿយៗ នៅក្នុង​រាជធានី​ភ្នំពេញ បង្ក​គ្រោះថ្នាក់​ជាច្រើន​ដល់​ប្រជាពលរដ្ឋ រួមទាំង​អ្នកទេសចរ​បរទេស​ផង​នោះ លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​លើកឡើង​ថា មន្ត្រី​មាន​សមត្ថកិច្ច និង​តុលាការ គួរ​មាន​វិធានការ​មាន​ប្រសិទ្ធភាព បង្ក្រាប​ក្រុម​ចោរឆក់​ទាំងនេះ​។ មិន​គួរ​បណ្តោយ​ទេ​!

​ការលើកឡើង​របស់​លោក ផៃ ស៊ីផា​ន ធ្វើឡើង​បន្ទាប់​ពី មាន​ហេតុ​ការ​ចោរឆក់ នៅ​វេលា​ទៀបភ្លឺ​ថ្ងៃ​ទី​០៣ ខែ វិច្ឆិកា នៅតាម​ផ្លូវ​៣០២ ស្ថិតនៅ​ភូមិ​៧ សង្កាត់​បេង​កេងកង​១ ខណ្ឌចំការមន ដែល​បណ្តាលឲ្យ​ជនរងគ្រោះ​ជា​ប្រពន្ធ​របួសធ្ងន់ និង​ប្តី​ស្លាប់ ដោយសារតែ​ក្រុមបក្ខ​ពួក​ចោរ​ឆក់ ដែល​បិទគូទ​ពីក្រោយ ធាក់​ផ្តួល​ម៉ូតូ​ជនរងគ្រោះ​។​

​សូមបញ្ជាក់​ថា ហេតុការណ៍​ចោរឆក់​នៅ​តាម​ដង​វិថី​នេះ ត្រូវបាន​គេ​មើលឃើញថា កើតមាន​ក្នុង​រាជធានី​ភ្នំពេញ​ស្ទើរ​មិន​លស់​ថ្ងៃ​នោះ​ឡើយ ហើយក៏​ជា​ក្តីបារម្ភ​មួយ​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​។ បើ​ទោះបីជា​យ៉ាងណា​កន្លងមក គេ​ក៏​សង្កេត​ឃើញ​សមត្ថកិច្ច​បាន​បង្ក្រាប​ជារឿយៗ លើ​ក្រុម​ចោរឆក់ វ័យក្មេងៗ​ទាំងនោះ​។ ហើយ​ខ្លះ​ទៀត ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន និង​បាន​ស្វាគមន៍​ម្នាក់​១​ដៃ​១​ជើង ស្ទើ​សុះសាច់​ផងដែរ​។​

​ជុំវិញ​បញ្ហា​នេះ សាលា​រាជធានី​ភ្នំពេញ បាន​បង្កើត​លេខ​ពិសេស ១២៩៩ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទំនាក់ទំនង សុំ​កម្លាំង​អន្តរាគមន៍​ពី​សមត្ថកិច្ច ទាន់ពេលវេលា ពេល​ជួប​បញ្ហា​ចាំបាច់​នានា ដែល​កើតឡើង​បន្ទាន់ៗ ទាក់ទង​នឹង​អំពើចោរកម្ម លួច ឆក់ ប្លន់ ជួញដូរ​គ្រឿងញៀន សណ្ដាប់ធ្នាប់​ចរាចរណ៍ សណ្ដាប់ធ្នាប់​សាធារណ បាតុភាព​នានា​៕

 ពាក្យគន្លឹះ  លោកផៃស៊ីផានចោរឆក់

ព័ត៌មានផ្សេងទៀត