ក្រសួងការបរទេសកូរ៉េខាងជើងបានរិះគន់ជាថ្មីដល់សហរដ្ឋអាមេរិក ជុំវិញទណ្ឌកម្មដែលអាមេរិកកំពុងដាក់លើកូរ៉េខាងជើង ប្រឆាំងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ។ កូរ៉េខាងជើងថាការរក្សាទណ្ឌកម្មនេះ មិនសមស្របជាមួយគោលបំណងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីនោះទេ។ តាមរយៈសេចក្ដីថ្លែងការណ៍ចេញកាលពីថ្ងៃសុក្រ កូរ៉េខាងជើងបានព្រមានថា ខ្លួនអាចនឹងវិលទៅរកគោលនយោបាយចាស់ គឺអភិវឌ្ឍទាំងកម្មវិធីនុយក្លេអ៊ែរនិងសេដ្ឋកិច្ច បើអាមេរិកមិនពិចារណាឡើងវិញទេ។
សូមបញ្ជាក់ថា កន្លងមកប្រទេសចិននិងរុស្ស៊ីក៏ធ្លាក់ស្នើឲ្យអាមេរិក ក៏ដូចជាអង្គការសហប្រជាជាតិ បន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើងដែរ ជាថ្នូរនឹងការព្រមព្រៀងរំលាយកម្មវិធីនុយក្លេអ៊ែរ។ ប៉ុន្ដែទាំងអង្គការសហប្រជាជាតិទាំងអាមេរិក មិនព្រមធ្វើតាមសំណើឡើយហើយឆ្លើយតបថា លុះត្រាតែកូរ៉េខាងជើងបញ្ចប់ទាំងស្រុងការរំលាយកម្មវិធីនុយក្លេអ៊ែរជាមុនសិន។ កូរ៉េខាងជើងបន្ទាប់ពីកិច្ចប្រជុំទ្វេភាគីជាមួយកូរ៉េខាងត្បូងនិងអាមេរិក បានព្រមព្រៀងនឹងប្ដេជ្ញារំលាយចោលកម្មវិធីនុយក្លេអ៊ែរ ប៉ុន្ដែមកដល់ពេលនេះមិនទាន់មានលទ្ធផលជាដុំកំភួនទេ៕