ក្រុមអ្នកមុជទឹកឥណ្ឌូនេស៊ីខណៈនេះ កំពុងតែបន្ដស្វែងរកប្រអប់ខ្មៅយន្ដហោះមួយទៀត បន្ទាប់ពីប្រអប់ខ្មៅមួយត្រូវបានរកឃើញកាលពីថ្ងៃទី០១វិច្ឆិកា។ ជាប្រអប់ខ្មៅយន្ដហោះដឹកអ្នកដំណើរឥណ្ឌូនេស៊ីប៊ូអ៊ីង737 MAX 8 បានធ្លាក់ចូលក្នុងសមុទ្រជ្វាកាលពីថ្ងៃទី២៩តុលា សម្លាប់មនុស្សទាំង១៨៩នាក់នៅលើយន្ដហោះ។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងតែ១៣នាទីប៉ុណ្ណោះក្រោយយន្ដហោះចាកចេញពីអាកាសយានដ្ឋានក្នុងទីក្រុងហ្សាកាតា ឆ្ពោះទៅទីក្រុងPangkal Pinangនៅភាគខាងជើងប្រទេស។
មុនពេលជួបគ្រោះថ្នាក់អ្នកបើកបរបានទាក់ទងស្នើសុំហោះត្រឡប់ក្រោយ ហើយក៏ទទួលបានការអនុញ្ញាតផងដែរ ប៉ុន្ដែភ្លាមៗក៏បាត់ការទាក់ទង រួចក៏ទទួលដំណឹងថាយន្ដហោះធ្លាក់ក្នុងសមុទ្រជ្វា។ មូលហេតុនៃការធ្លាក់យន្ដហោះនេះ កំពុងស្ថិតក្នុងភាពអាថ៌កំបាំងដដែល។ ប៉ុន្ដែមន្ដ្រីអាជ្ញាធរសង្ឃឹមប្រអប់ខ្មៅដែលរកឃើញជាតម្រុយដ៏សំខាន់អាចដឹងការពិត។ មន្ដ្រីទទួលបន្ទុកសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូនេស៊ីបានបញ្ជាក់ថា ពេលនេះមិនទាន់ទាញយកទិន្នន័យចេញពីប្រអប់ខ្មៅមួយដែលរកឃើញនៅឡើយទេ ដោយសារវាមានការខូចខាតដោយកន្លែង។ ឥណ្ឌូនេស៊ីកំពុងរង់ចាំការផ្ដល់យោបល់បន្ថែមពីក្រុមជំនាញសុវត្ថិភាពដឹកជញ្ជូនអាមេរិក ថាត្រូវធ្វើយ៉ាងណាបន្ដទៀត។
ក្រៅពីប្រអប់ខ្មៅដែលបានរកឃើញ ក្រុមមុជទឹកឥណ្ឌូនេស៊ីក៏កំពុងតែបន្ដការងារយ៉ាងសស្រាក់សស្រាំ ស្វែងរកប្រអប់ខ្មៅទីពីរ។ ក្រុមស្វែងរកទទួលបានសញ្ញាពីប្រអប់ខ្មៅទីពីរពីរថ្ងៃមកហើយ។ ចំពោះទីតាំងដែលយន្ដហោះធ្លាក់ទឹកសមុទ្រមានជម្រៅតែ៣០ម៉ែត្រប៉ុណ្ណោះ ដែលគេរំពឹងថាមិនបង្កការលំបាកខ្លាំងដល់ការស្វែងរកឡើយ ទោះមានឧបសគ្គតិចតួចក៏ដោយ។ សូមបញ្ជាក់ថា ក្រៅពីប្រអប់ខ្មៅយន្ដហោះមួយ មានសាកសពជាច្រើននាក់ សម្ភារៈអ្នកដំណើរ បំណែកខ្លះនៃយន្ដហោះ ត្រូវបានរកឃើញផងដែរ៕