អ្នករាយការណ៍​ពិសេស​UNជំរុញ​ការចុះបញ្ជី​ដីធ្លីនៅ​កម្ពុជា​

01-11-2018 3:53 pm 1350
  ស្តាប់
លោកស្រីរ៉ូណា ស្មីតនិងក្រុមការងារនៅក្នុងជំនួបពិភាក្សាជាមួយលោកជា សុផារ៉ាកាលពីថ្ងៃទី៣១ខែតុលា
ស្តាប់ជាសំឡេង

​ក្រៅតែពី​ចុះ​ស្វែងយល់ ពី​បញ្ហានយោបាយ​នៅ​កម្ពុជា ដើម្បី​ចងក្រង​ជា​ឯកសារ លោកស្រី​រ៉ូ​ណា ស្មី​ត​អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ ក៏បាន​យកចិត្ត​ដាក់​តាមដាន ចំពោះ​វិស័យ​ដីធ្លី​និង​សំណង់​នៅ​កម្ពុជា​ផងដែរ​។ ពោល លោកស្រី​រ៉ូ​ណា ស្មី​ត​កាលពី​ថ្ងៃទី​៣១​តុលា បាន​ជួបពិភាក្សា​ដោយផ្ទាល់​ពី​បញ្ហា​នេះ​ជាមួយ​លោក​ជា សុភា​រ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​។​

​នៅក្នុង​ជំនួប​នោះ លោកស្រី​បានស្នើ​ជំរុញ​ក្រសួង​មួយ​នេះ ឲ្យ​ចុះបញ្ជី​ដី​សហគមន៍ ជនជាតិដើម​ភាគតិច ដើម្បី​បញ្ចៀស​ការទន្ទ្រាន​ចូល​កាន់កាប់​ដី របស់​សហគមន៍​ជាយថាហេតុ​។ លោកស្រី​ក៏​បានស្នើ ជំរុញ​ឲ្យ​ចុះ​បញ្ជីដីធ្លី​ទូទាំងប្រទេស ដែលជា​បញ្ហា​ស្នូល​ចំពោះ​សិទ្ធិមនុស្ស ដោយ​ការប្រើប្រាស់​ដី​គឺជា​មូលដ្ឋាន សម្រាប់​គោល​ដៅ​អភិវឌ្ឍន៍ លុបបំបាត់​ភាពក្រីក្រ​។ 

​ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​ដីធ្លី​នៅ​កម្ពុជា​នេះដែរ ក្រសួង​សម្រេចបាន​ការចុះបញ្ជី​ដីធ្លី ចំនួន ៥​លាន​ក្បាលដី ស្មើនឹង​៧១​ភាគរយ នៃ​ក្បាលដី​សរុប​ចំនួន​ប្រមាណ​៧​លាន​ក្បាលដី សំដៅ​ផ្តល់នូវ​សុវត្ថិភាព នៃ​ការកាន់កាប់​ដីធ្លី និង​ជា​ទុន​ជូន​ប្រជាពលរដ្ឋ ការចុះបញ្ជី​ដី​ជនជាតិដើម​ភាគតិច​បាន​ចំនួន​២៤​សហគមន៍​។ នេះ​បើតាម​លោក​ជា សុផារ៉ា​ថ្លែងប្រាប់​លោកស្រី​រ៉ូ​ណា ស្មី​ត​នៅក្នុង​ជំនួប​កាលពី​ថ្ងៃ​ម្សិលម៉ិញ​។​

​សូម​បញ្ជាក់ដែរថា លោកស្រី រ៉ូ​ណា ស្មី​ត​ចុះ​បំពេញបេសកកម្ម​នៅ​កម្ពុជា​រយៈពេល​១១​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩​តុលា​ដល់​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។ នៅក្នុងបេសក​កម្មនេះ លោកស្រី​ត្រូវ​ជួប​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មួយចំនួន តំណាង​អង្គការ​សង្គម​ស៊ីវិល និង តំណាង​ស្ថានទូត​នានា​ប្រចាំ​កម្ពុជា​ផងដែរ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត