រក​ឃើញ​ម្ចាស់​ជ័យលាភី​លើ​ការប្រកួត​និយាយ​សាធារណៈ​ស្តីពី​ផ្សែង​បារី​

01-11-2018 2:54 pm 1165
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ទីបំផុត កម្មវិធី​ប្រកួត​និយាយ​សាធារណៈ ក្រោម​ប្រធានបទ “​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​” បាន​រកឃើញ​បេក្ខជន​ជ័យលាភី​ហើយ ក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃ​ទី​០១ វិច្ឆិកា​នេះ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ​។ បេក្ខជន​ជ័យលាភី​លេខ​១ បាន​ទៅ​លើ​បេក្ខជន ចាន់ គី​លាង មក​ពី​សកលវិទ្យា​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លេខ​២​បេក្ខជន គាត សៅ មក​ពី​សកល​វិទ្យាល័យ​កម្ពុជា លេខ​៣ បេក្ខជន ឌឹ​ម ណៃ​យ៉េ មក​ពី​សកលវិទ្យា​កសិកម្ម​ចំកា​រដូង​។

​សម្រាប់​បេក្ខជន​ជ័យលាភី​លេខ​១ ទទួលបាន​ពាន​១ និង​ប្រាក់រង្វាន់​ចំនួន​២​លាន​រៀល លេខ​២ ទទួលបាន​ពាន​១ ប្រាក់រង្វាន់​១​លាន​៥​សែន​រៀល និង​លេខ​៣ ទទួលបាន​ពាន​១ និង​ទឹកប្រាក់​១​លាន​២​សែន​រៀល​។​

​លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា បានបញ្ជាក់​ថា ការប្រកួត​និយាយ​ជា​សាធារណៈ ស្ដី​ពី​បរិស្ថាន​គ្មាន​ផ្សែង​បារី​នេះ ចែកចេញជា​បី​ដំណាក់កាល រួមមាន ដំណាក់​កា​ទី​១ គឺជា​ការប្រឡង​ដោយ​សរសេរ​អត្ថបទ យ៉ាងច្រើន​បី​ទំព័រ​, ដំណាក់កាល​ទី​២ ជាការ​ឡើង​និយាយ​ជា​សាធារណៈ និង​ដំណាក់កាល​ទី​៣ គឺជា​ការប្រឡង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ត្រូវ​ជំ​រុះ​យក​ជ័យលាភី​តែ​៣​នាក់ តែប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ថា ប្រកួត​និយាយ​ជា​សាធារណៈ ស្តីពី​បញ្ហា​ផ្សែង​បារី បង្កើតឡើង ក្នុង​គោលបំណង ដើម្បី​បំផុស​យុវជន​ស្វែងយល់​ពី​អនុក្រឹត្យ ស្ដី​ពី​ការហាម​ការជក់ ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ នៅ​កន្លែងធ្វើការ​ឬ​កន្លែង​សាធារណៈ និង​លើក​ជា​អនុសាសន៍​ដើម្បី​អោយ​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​កាន់តែ​ប្រសើរ​។​

​យោង​តាម​លទ្ធផល​នៃ​ការអង្កេត​ការអនុវត្ត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ នៅ​ខែ​មករា ឆ្នាំ​២០១៨ ក្នុង​ខេត្ត​សៀមរាប ដែល​រៀបចំ​ដោយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា យោង​តាម​លទ្ធផល​នៃ​ការអង្កេត​ការអនុវត្ត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ នៅ​ខែ​មករា ឆ្នាំ​២០១៨ ក្នុង​ខេត្ត​សៀមរាប ដែល​រៀបចំ​ដោយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បានអោយដឹងថា អ្នកគ្រប់គ្រង ឬ​ម្ចាស់​មូលដ្ឋាន​នៃ​កន្លែងធ្វើការ​និង​កន្លែង​សាធារណៈ រួម​មាន​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែង​លក់​គ្រឿងទេស​ជាដើម​ប្រមាណ​៥៨% បាន​ប្រាប់ថា​ពួកគេ​យល់​ដឹង​ពី​ច្បាប់​ហាមឃាត់​មិនអោយ​ជក់​បារី​នៅ​កន្លែងធ្វើការ​និង​កន្លែង​សាធារណៈ ក៏ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង ការបិទ​ផ្លាកសញ្ញា​ហាម​ជក់បារី​នៅ​កន្លែង​ទាំងនេះ មាន​ប្រមាណ​តែ​២៩%​ប៉ុណ្ណោះ​។

​ទោះបីជា​មាន​ការបិទ​ផ្លាកសញ្ញា​ហាម​ជក់បារី​អនុវត្ត​បាន​ល្អ​នៅ​កន្លែង​មួយចំនួន ក៏ប៉ុន្តែ​យើង​នៅតែ​សង្កេតឃើញ​មាន​អ្នក​កំពុង​ជក់បារី ក្នុង​អាគារ​នៅ​កំឡុង​ពេល​នៃ​ការអង្កេត​។ ជាក់ស្តែង ៤៤%​នៃ​គ្រឹះស្ថាន​សាសនា  ៣៣%​នៃ​សាលា​សង្កាត់ ២៥%​នៃ​បុស្តិ៍នគរបាល ១៥%​នៃ​ភោជនីយដ្ឋាន​/​អាហា​រដ្ឋា​ន​/​ហាង​កាហ្វេ  ៧%​នៃ​សណ្ឋាគារ​/​ផ្ទះសំណាក់ ឃើញ​មាន​អ្នក​កំពុង​ជក់​បារី​នៅ​ក្នុង​អាគារ​។​

​តាម​របាយការណ៍​របស់​អង្គការ​សុខភា​ពពីភពលោក មនុស្ស​៧​លាន​នាក់​បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ​ដោយ​សារ​ជំងឺ​ដែល​បណ្តាល​មកពី​ការប្រើប្រាស់​ថ្នាំជក់ ក្នុងនោះ​ជិត​១​លាន​នាក់​ជា​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ​។ ចំពោះ​ប្រទេស​កម្ពុជា​ថ្នាំជក់​បាន​សម្លាប់​មនុស្ស​ប្រមាណ​១​ម៉ឺន​នាក់​ជា​រៀងរាល់ឆ្នាំ​។​

ព័ត៌មានផ្សេងទៀត