ក្រុម​មុជទឹក​​ឥណ្ឌូនេស៊ី​​រកឃើញ​​ប្រអប់​ខ្មៅ​​យន្ដហោះ​​មួយ​ហើយ​

01-11-2018 1:55 pm 1616
  ស្តាប់
រូបភាពប្រអប់ខ្មៅកប់ក្នុងបាតសមុទ្រ
ស្តាប់ជាសំឡេង

​តាម​ការបញ្ជាក់​ពី​មន្ដ្រី​អាជ្ញាធរ​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃទី​០១​វិច្ឆិកា​នេះ​បានឲ្យដឹងថា ក្រុម​មុជទឹក​ដែល​ចូលរួម​ក្នុង​ការស្វែងរក​ប្រអប់​ខ្មៅ​យន្ដហោះ​ប៊ូ​អី​ង​737 MAX 8​ជើងហោះហើរ​JT610  ធ្លាក់​ក្នុង​សមុទ្រ​កាលពីដើម​សប្ដាហ៍​នេះ បាន​រកឃើញ​ប្រអប់​ខ្មៅ​យន្ដហោះ​មួយ​ហើយ​។  ប្រអប់​ខ្មៅ​នោះ​មិនទាន់​ដឹងថា​ជា​ប្រអប់​ផ្ទុក​ទិន្នន័យ​ហោះហើរ​(flight data recorder)  ឬក៏​ប្រអប់​ថត​សំឡេង​ក្នុង​កាប៊ីន​យន្ដហោះ​ទេ​(cockpit voice recorder)  ប៉ុន្ដែ​គេ​ជឿជាក់ថា​ជា​ប្រអប់​ផ្ទុក​ទិន្នន័យ​ហោះហើរ​។​

​សមាជិក​ក្រុម​រុករក​ម្នាក់​បាន​និយាយថា បន្ទាប់ពី​ទទួលបាន​សញ្ញា​ពី​ប្រអប់​ខ្មៅ ក្រុម​របស់លោក​បាន​មុជទឹក​ចុះទៅ​កាយ​នៅ​បាតសមុទ្រ រួច​ក៏​ប្រទះឃើញ​ប្រអប់​ខ្មៅ​មួយ​នេះ​តែម្ដង​កប់​ក្រោម​កម្ទេចកម្ទី​។ វា​ត្រូវបាន​ស្រង់​ចេញពី​ទឹក​ដាក់​លើ​នាវា នៅ​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក​ថ្ងៃទី​០១​វិច្ឆិកា​នេះ​។ ប្រធាន​គណៈកម្មការ​សុវត្ថិភាព​ដឹកជញ្ជូន​លោក​Soejanto Tjahjono បាន​បញ្ជាក់ថា​ទោះបី​រកឃើញ​ប្រអប់​ខ្មៅ ប៉ុន្ដែ​ត្រូវ​ចំណាយពេល​ពីរ​ឬ​បី​សប្ដាហ៍​ដើម្បី​ពិនិត្យមើល​ទិន្នន័យ ហើយ​ត្រូវ​ចំណាយពេល​ពីរ​ឬ​បី​ខែ​ទៀត ដើម្បី​វិភាគ​ទិន្នន័យ​។

​យោងតាម​ក្រុម​ជំនាញ​អាកាសចរណ៍ ប្រអប់​ខ្មៅ​ទាំងពីរ​ពិតជា​សំខាន់ ព្រោះ​ជា​គន្លឹះ​ស្វែងរក​ការពិត ដែល​វា​អាចជួយ​ពន្យល់​ពី​មូលហេតុ​គ្រោះថ្នាក់​ជិត​៩០​ភាគរយ​។ ចំពោះ​ប្រអប់​ផ្ទុក​ទិន្នន័យ​ជើងហោះហើរ អាច​ប្រមូល​ព័ត៌មាន​ទាំងអស់​ទាក់ទង​នឹង​ល្បឿន រយៈ​កម្ពស់ ទិសដៅ​ហោះហើរ សម្រាប់​ទិន្នន័យ​ក្នុង​រយៈពេល​២៥​ម៉ោង​។​

​រីឯ​ប្រអប់​ថត​សំឡេង​ក្នុង​បន្ទប់​អ្នកបើកបរ អាច​រក្សាទុក​ការសន្ទនា និង​សំឡេង​ផ្សេងៗ​ទៀត​នៅក្នុង​កាប៊ីន​យន្ដហោះ​។ ការវិភាគ​លើ​ទិន្នន័យ​នៅក្នុង​ប្រអប់​ខ្មៅ​ទាំងពីរ ត្រូវ​ចំណាយពេល​ច្រើន​ថ្ងៃ​ឬ​ច្រើន​សប្ដាហ៍ អាស្រ័យ​លើ​ស្ថានភាព​ដែល​វា​ស្ថិតនៅ​មុនពេល​រកឃើញ​។ យ៉ាងណាមិញ​ព័ត៌មាន​ទទួលបាន​ពី​ប្រអប់​ខ្មៅ មិន​បង្ហាញ​ជា​សាធារណៈ​ភ្លាមៗ​ទេ រហូតដល់​ប្រមូលបាន​ព័ត៌មាន​លម្អិត​ទាំងអស់ និង​មាន​ការត្រួតពិនិត្យ​ចប់សព្វគ្រប់​។​

​ប្រអប់​ខ្មៅ​ទាំងពីរ​ត្រូវបាន​ណែ​នាំឲ្យ​ប្រើប្រាស់​ពី​អ្នកជំនាញ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៦០ អាច​ធន់​នឹង​កម្ដៅភ្លើង​និង​ជម្រៅ​ទឹក​ជ្រៅ​បាន គឺ​បើ​ស្ថិតក្នុង​កម្ដៅ​១,១០០​អង្សា​សេវា​អាច​រក្សា​រូបរាង​បាន​មួយ​ម៉ោង ហើយ​អាច​ស្ថិតក្នុង​ទឹក​ជម្រៅ​រហូតដល់​៦​ពាន់​ម៉ែត្រ​។ ប្រអប់​ខ្មៅ​នី​មួយៗ​មាន​ទម្ងន់​ចន្លោះ​ពី​៧​ទៅ​១០​គីឡូក្រាម ហើយ​វា​មាន​បំពាក់​ដោយ​ប្រព័ន្ធ​ពន្លឺ​ដែល​អាច​បញ្ចេញ​សញ្ញា​បាន​មួយខែ ហេតុនេះ​បង្ក​ភាពងាយស្រួល​ក្នុងការ​តាម​ស្វែងរក​។  ចំពោះ​យន្ដហោះ​ប្រភេទ​Airbus A350 និង A380 ក្នុងពេល​ឆាប់ៗ​នឹងត្រូវ​បំពាក់​ដោយ​ប្រអប់​ខ្មៅ​ដែល​អាច​អណ្ដែត​លើទឹក ជួយ​សម្រួល​ដល់​ការស្វែងរក​នៅពេល​យន្ដ​ហោះ​ធ្លាក់​ក្នុង​សមុទ្រ​។​

​សូមបញ្ជាក់ថា យន្ដហោះ​ដឹក​អ្នកដំណើរ​ឥណ្ឌូនេស៊ី​ប្រភេទ​ប៊ូ​អ៊ីង​737-Max 8 ជើងហោះហើរ​JT610​របស់​ក្រុមហ៊ុន​Lion Air បាន​ធ្លាក់​ក្នុង​សមុទ្រ​ជ្វា​ក្រោយ​ហោះ​ចេញពី​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ហ្សា​កាតា​តែ​១៣​នាទី​ប៉ុណ្ណោះ​។ នៅលើ​យន្ដហោះ​មាន​ផ្ទុក​មនុស្ស​សរុប​១៨៩​នាក់ ហើយ​គ្មាន​សង្ឃឹមថា​ពួកគេ​នៅ​រស់រានមានជីវិត​ឡើយ ក្រោយ​យន្ដហោះ​បាន​ធ្លាក់​តាំងពីព្រឹក​ថ្ងៃទី​២៩​តុលា​។ យន្ដហោះ​ប៊ូ​អ៊ីង​737-Max 8​ជា​យន្ដហោះ​ប្រភេទ​ថ្មី ទើប​ដាក់ឲ្យ​ដំណើរការកាល​ពី​ឆ្នាំមុន​ប៉ុណ្ណោះ ហើយ​យន្ដហោះ​ដែល​ធ្លាក់​ទើបតែ​ហោះហើរ​បាន​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ទេ​៕

ព័ត៌មានផ្សេងទៀត