លោក​Jamal Khashoggi​​ត្រូវបាន​​សម្លាប់​​ក្នុង​ស្ថាន​កុងស៊ុល​​និង​កាត់​សាកសព​​ជា​បំណែក​

31-10-2018 11:42 pm 1805
  ស្តាប់
លោក​Jamal Khashoggi
ស្តាប់ជាសំឡេង

​អ្នកកាសែត​អា​រ៉ាប៊ីសាអូឌីត​លោក​Jamal Khashoggi ត្រូវបាន​គេ​ចាប់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​បាន​ចូល​ដល់​ក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ាប៊ីសាអូឌីត​ប្រចាំ​ក្រុង​អ៊ី​ស្ដង់​ប៊ុ​ល​ប្រទេស​តួ​ក​គី កាលពី​ថ្ងៃ​ទី​០២​តុលា ដើម្បី​ស្នើសុំ​លិខិត​រៀបការ​ជាមួយ​មិត្ដស្រី​ជនជាតិ​តួក​គី​។ ក្រោយមក​លោក​ត្រូវបាន​គេ​សម្លាប់​និង​កាត់​សាកសព​ជា​បំណែកៗ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ប្រធាន​រដ្ឋអាជ្ញា​តួ​ក​គី​នា​ថ្ងៃទី​៣១​តុលា ដែល​ជា​ការផ្ដល់​ព័ត៌មាន​ជា​សាធារណៈ​លើកដំបូង​ផងដែរ​។​

​ការប្រកាស​របស់​រដ្ឋ​អាជ្ញា​តួ​ក​គី ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​អគ្គព្រះរាជអាជ្ញា​អា​រ៉ាប៊ីសាអូឌីត ចាក​ចេញពី​ទីក្រុង​អ៊ី​ស្ដង់​ប៊ុល​។ ការិយាល័យ​រដ្ឋអាជ្ញា​តួ​ក​គី​និយាយថា វា​ជា​កាតព្វកិច្ច​ដែល​ត្រូវ​បង្ហាញ​ព័ត៌មាន​ឲ្យ​សាធារណជន​បាន​ដឹង ខណៈ​ដែល​ការពិភាក្សា​ជាមួយ​ភាគី​អា​រ៉ាប៊ីសាអូឌីត​គ្មានល​ទ្ធ​ផលជា​ក់​ស្ដែង ព្រោះ​អា​រ៉ាប៊ីសាអូឌីត​មិនបាន​បង្ហាញ​ពី​កិច្ចសហការ​ពេញលេញ​។ សេចក្ដីថ្លែងការណ៍​របស់​ការិយាល័យ​រដ្ឋ​អាជ្ញា​តួ​ក​គី​បានបញ្ជាក់​ថា លោក​Khashoggi​ត្រូវបាន​គេ​រៀបចំ​ផែនការ​សម្លាប់ ហើយ​អ្នក​ធ្វើ​សកម្មភាព​គឺ​ក្រុម​ជនដៃដល់​មក​ពី​អា​រ៉ាប៊ីសាអូឌីត​។​

​តាម​សេចក្ដីរាយការណ៍​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តួ​ក​គី​កន្លង​មក​និយាយ​ស្រដៀង​គ្នា​ដែរ​ថា លោក​Jamal Khashoggi​ជា​អ្នកកាសែត​ល្បី​ឈ្មោះ​វ័យ​៥៩​ឆ្នាំ និង​ធ្លាប់​បាន​រិះគន់​ដល់​សែ​រាជវង្ស​និង​រដ្ឋាភិបាល​អា​រ៉ាប៊ីសាអូឌីតផង​នោះ ត្រូវបាន​សម្លាប់​ហើយ​កាត់​ជា​បំណែក​ដោយ​មនុស្ស​មួយ​ក្រុម បញ្ជូន​មក​ពី​ទីក្រុង​រី​យាដប្រទេស​អារ៉ាប៊ី​សា​អូឌីត ដើម្បី​បំបិទមាត់​លោក​។ មកដល់ពេលនេះ​សាកសព​របស់លោក នៅ​មិន​ទាន់​រកឃើញ​នៅឡើយ​៕

ព័ត៌មានផ្សេងទៀត