នៅពេលក្រុមស៊ើបអង្កេតធ្វើដំណើរទៅដល់ទីតាំងយន្ដហោះធ្លាក់ កិច្ចការជាអាទិភាពរបស់ពួកគេគឺស្វែងរកប្រអប់ខ្មៅទាំងពីររបស់យន្ដហោះ ព្រោះប្រអប់ខ្មៅជាឧបករណ៍ផ្ទុកទិន្នន័យ ដែលជាតម្រុយដ៏សំខាន់បំផុតដឹងពីមូលហេតុយន្ដហោះធ្លាក់។ កាលពីព្រឹកថ្ងៃទី៣១តុលាអាជ្ញាធរឥណ្ឌូនេស៊ីបានបង្ហាញភាពជឿជាក់ថា ឧបករណ៍ក្រុមរុករកឃើញទីតាំងដែលយន្ដហោះក្រុមហ៊ុនLion Air ប្រភេទប៊ូអ៊ីង 737-MAX 8 ជើងហោះហើរJT610ធ្លាក់ហើយ ដូច្នេះសង្ឃឹមនឹងរកឃើញប្រអប់ខ្មៅក្នុងពេលឆាប់ៗ។
យោងតាមក្រុមជំនាញអាកាសចរណ៍ ប្រអប់ខ្មៅទាំងពីរពិតជាសំខាន់ ព្រោះជាគន្លឹះស្វែងរកការពិត ដែលវាអាចជួយពន្យល់ពីមូលហេតុគ្រោះថ្នាក់ជិត៩០ភាគរយ។ ប្រអប់ខ្មៅទាំងពីរមានឈ្មោះថា “flight data recorder” ឬ “ប្រអប់ផ្ទុកទិន្នន័យជើងហោះហើរ” និងមួយទៀតឈ្មោះ “cockpit voice recorder” ឬ “ប្រអប់ថតសំឡេងក្នុងបន្ទប់អ្នកបើកបរ”។ គ្រប់យន្ដហោះពាណិជ្ជកម្មទាំងអស់ តែងតែមានប្រអប់ខ្មៅទាំងពីរ។
ចំពោះប្រអប់ផ្ទុកទិន្នន័យជើងហោះហើរ អាចប្រមូលព័ត៌មានទាំងអស់ទាក់ទងនឹងល្បឿន រយៈកម្ពស់ ទិសដៅហោះហើរ សម្រាប់ទិន្នន័យក្នុងរយៈពេល២៥ម៉ោង។ រីឯប្រអប់ថតសំឡេងក្នុងបន្ទប់អ្នកបើកបរ អាចរក្សាទុកការសន្ទនា និងសំឡេងផ្សេងៗទៀតនៅក្នុងកាប៊ីនអ្នកបើកយន្ដហោះ។ ការវិភាគលើទិន្នន័យនៅក្នុងប្រអប់ខ្មៅទាំងពីរ ត្រូវចំណាយពេលច្រើនថ្ងៃឬច្រើនសប្ដាហ៍ អាស្រ័យលើស្ថានភាពដែលវាស្ថិតនៅមុនពេលរកឃើញ។ យ៉ាងណាមិញព័ត៌មានទទួលបានពីប្រអប់ខ្មៅ មិនបង្ហាញជាសាធារណៈភ្លាមៗទេ រហូតដល់ប្រមូលបានព័ត៌មានលម្អិតទាំងអស់ និងមានការត្រួតពិនិត្យចប់សព្វគ្រប់។
ប្រអប់ខ្មៅទាំងពីរត្រូវបានណែនាំឲ្យប្រើប្រាស់ពីអ្នកជំនាញក្នុងទសវត្សឆ្នាំ១៩៦០ អាចធន់នឹងកម្ដៅភ្លើងនិងជម្រៅទឹកជ្រៅបាន គឺបើស្ថិតក្នុងកម្ដៅ១,១០០អង្សាសេវាអាចរក្សារូបរាងបានមួយម៉ោង ហើយអាចស្ថិតក្នុងទឹកជម្រៅរហូតដល់៦ពាន់ម៉ែត្រ។ ប្រអប់ខ្មៅនីមួយៗមានទម្ងន់ចន្លោះពី៧ទៅ១០គីឡូក្រាម ហើយវាមានបំពាក់ដោយប្រព័ន្ធពន្លឺដែលអាចបញ្ចេញសញ្ញាបានមួយខែ ហេតុនេះបង្កភាពងាយស្រួលក្នុងការតាមស្វែងរក។ ចំពោះយន្ដហោះប្រភេទAirbus A350 និង A380 ក្នុងពេលឆាប់ៗនឹងត្រូវបំពាក់ដោយប្រអប់ខ្មៅដែលអាចអណ្ដែតលើទឹក ជួយសម្រួលដល់ការស្វែងរកនៅពេលយន្ដហោះធ្លាក់ក្នុងសមុទ្រ។
សូមបញ្ជាក់ថា យន្ដហោះដឹកអ្នកដំណើរឥណ្ឌូនេស៊ីប្រភេទប៊ូអ៊ីង737-Max 8 ជើងហោះហើរJT610របស់ក្រុមហ៊ុនLion Air បានធ្លាក់ក្នុងសមុទ្រជ្វាក្រោយហោះចេញពីអាកាសយានដ្ឋានក្នុងទីក្រុងហ្សាកាតាតែ១៣នាទីប៉ុណ្ណោះ។ នៅលើយន្ដហោះមានផ្ទុកមនុស្សសរុប១៨៩នាក់ ហើយគ្មានសង្ឃឹមថាពួកគេនៅរស់រានមានជីវិតឡើយ ក្រោយយន្ដហោះបានធ្លាក់តាំងពីព្រឹកថ្ងៃទី២៩តុលា។ យន្ដហោះប៊ូអ៊ីង737-Max 8ជាយន្ដហោះប្រភេទថ្មី ទើបដាក់ឲ្យដំណើរការកាលពីឆ្នាំមុនប៉ុណ្ណោះ ហើយយន្ដហោះដែលធ្លាក់ទើបតែហោះហើរបានប៉ុន្មានខែថ្មីៗនេះទេ។ កត្ដានេះកំពុងបង្កជាចម្ងល់យ៉ាងខ្លាំង ស្របពេលក្រុមជំនាញពុំទាន់រកឃើញមូលហេតុពិតប្រាកដ៕