ប្រធានាធិបតី​តួ​ក​គី​​ទទូច​ឲ្យ​​ព្រះរាជអាជ្ញា​អា​រ៉ា​ប៊ីសា​អូឌីត​​រក​មុខ​អ្នក​បញ្ជា​​ឲ្យ​សម្លាប់​​អ្នកកាសែត​

31-10-2018 11:32 am 346
ប្រធានាធិបតី​តួ​ក​គី​លោក​Recep Tayyip Erdogan

​ប្រធានាធិបតី​តួ​ក​គី​លោក​Recep Tayyip Erdogan បាន​អំពាវនាវ​ឲ្យ​អគ្គ​ព្រះរាជអាជ្ញាអា​រ៉ាប៊ីសាអូឌីត ត្រូវ​បើក​ការស៊ើបអង្កេត​ស្វែងរក​អ្នកបញ្ជា​ឲ្យ​សម្លាប់​អ្នកកាសែត​លោក​Jamal Khashoggi​។ លោក Erdogan​បានដាក់​សម្ពាធ​លើ​អាជ្ញាធរ​អា​រ៉ាប៊ីសាអូឌីត ឲ្យ​បង្ហាញ​ការពិត​ទាក់ទង​នឹង​ការធ្វើឃាត​លោក​Khashoggi រួមទាំង​ទីកន្លែង​ចោល​សាកសព​លោក​ផងដែរ​។ រហូត​មកដល់ពេលនេះ​ជិត​មួយខែ​ហើយ នៅ​មិនទាន់​រកឃើញថា​នរណា​ជា​អ្នក​នៅ​ពីក្រោយ ហើយក៏​មិនដឹង​សាកសព​លោក​នៅ​កន្លែង​ណា​ទេ​។

កន្លងមក​អា​រ៉ាប៊ីសាអូឌីត​បានប្រកា​ស​ថា ចាប់ខ្លួន​ជនសង្ស័យ​១៨​នាក់ ក្នុងនោះ​មាន​មនុស្ស​១៥​នាក់​ធ្វើដំណើរ​មកពី​អា​រ៉ាប៊ីសាអូឌីត មក​សហការ​ជាមួយ​មន្ដ្រី​ក្នុង​ស្ថាន​កុងស៊ុល​បីនាក់​ទៀត រួមគ្នា​សម្លាប់​លោក Khashoggi ប៉ុន្ដែ​ព័ត៌មាន​លម្អិត​នៅ​មិនទាន់មាន​ការបកស្រាយ ធ្វើឲ្យ​ករណី​សម្លាប់លោក​Khashoggi​ក៏​នៅតែ​ស្ថិតក្នុង​អាថ៌កំបាំង​ដដែល​។ ដូច្នេះ លោក​ប្រធានាធិបតី​តួ​ក​គី​បាន​ទទូច​ម្ដង​ជា​ពីរដង​ទៅ​អគ្គព្រះរាជអាជ្ញា​អា​រ៉ាប៊ីសាអូឌីត ដែល​មកដល់​ទីក្រុង​អ៊ី​ស្ដង់​ប៊ុល​ប្រទេស​តួ​ក​គី​កាលពី​ថ្ងៃ​អង្គារ ត្រូវ​ធ្វើយ៉ាងណា​ស្វែងរក​ការពិត​ឲ្យឃើញ មិនអាច​ពន្យារពេល​ត​ទៅទៀត​ទេ​៕

ព័ត៌មានផ្សេងទៀត