ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយកម្មករកម្មការិនី នៅខេត្តកណ្ដាលជិត៧ពាន់នាក់ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវដល់អ្នកបើកបរដឹកជញ្ជូនកម្មករទាំងឡាយ ឱ្យផ្ដោតលើការយកចិត្តទុកដាក់ទៅលើសុវត្តិភាពកម្មករជាចំបង។ ការអំពាវរបស់លោកហ៊ុន សែន ធ្វើឡើងបន្ទាប់លោកបានបញ្ជាក់ថា បើទោះបីជាពេលឥលូវមានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍យ៉ាងណាក៏ដោយ តែលោកចង់ឱ្យបញ្ចប់ទាំងស្រុងនូវការគ្រោះថ្នាក់ចរាចរណ៍នេះ……………
សំឡេង៖
លោកនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាប្រធានបទដ៏ធំសម្រាប់ប្រទេសរបស់យើង។ លោកហ៊ុន សែន បន្តថា ឥលូវជីវិតប្រជាជនរបស់យើង បានស្លាប់ច្រើនជាងសម័យសង្គ្រាមទៅទៀត។ ច្រើនជាងសម័យសង្គ្រាម ដោយលោកអះអាងថា សម័យសង្គ្រាមមានថ្ងៃខ្លះអត់មានអ្នកស្លាប់ និងអត់មានរបួសទេ ដោយសារអត់មានការប្រយុទ្ធគ្នា។ ជាមួយគ្នានោះលោក ក៏ស្នើឱ្យប្រជាពលរដ្ឋខិតខំធានាយ៉ាងណាកុំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសបើកបរកុំស្ថិតនៅក្រោមឥទ្ធិពលគ្រឿងស្រវឹង។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ យ៉ាងហោចណាស់មនុស្សចំនួន១,៧៨០នាក់បានស្លាប់ និងរងរបួសចំនួន១,០៦៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈសព្វថ្ងៃនេះអ្នកស្លាប់ និងអ្នករបួសដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃ៕