ឥណ្ឌូនេស៊ី​​បញ្ជា​ឲ្យ​​ត្រួពិនិត្យ​​រាល់​យន្ដហោះ​​ប៊ូ​អ៊ីង​​737-Max 8​​ដែល​កំពុង​ចរាចរ​

31-10-2018 9:29 am 567
ប្រភេទយន្ដហោះប៊ូអ៊ីង​737-Max 8​

​បន្ទាប់ពី​មាន​ហេតុការណ៍​ធ្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ បង្ក​ជា​សោកនាដកម្ម​យ៉ាង​រន្ធត់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី អាជ្ញាធរ​ឥណ្ឌូនេស៊ី​បានចេញ​បញ្ជា​ឲ្យ​ត្រួតពិនិត្យយ៉ាង​ហ្មត់ចត់​បំផុត ទៅលើ​យន្ដហោះ​ប្រភេទ​ប៊ូ​អ៊ីង​737-Max 8​ដែល​កំពុង​ចរាចរ​។ យន្ដហោះ​ប្រភេទប៊ូអ៊ីង​737-Max 8​មួយគ្រឿង ជើងហោះហើរ​JT610​របស់​ក្រុមហ៊ុន​Lion Air បាន​ធ្លាក់​ក្នុង​សមុទ្រ​ជ្វា​ក្រោយ​ហោះ​ចេញពី​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ហ្សា​កាតា​តែ​១៣​នាទី​ប៉ុណ្ណោះ​។ នៅលើ​យន្ដហោះ​មាន​ផ្ទុក​មនុស្ស​សរុប​១៨៩​នាក់ ហើយ​គ្មាន​រំពឹងថា​ពួកគេ​នៅ​រស់រានមានជីវិត​ឡើយ ក្រោយពី​យន្ដហោះ​បាន​ធ្លាក់​តាំងពីព្រឹក​ថ្ងៃទី​២៩​តុលា​។ ពេលនេះ​មាន​សាកសព​ជាង​១០​នាក់ ត្រូវ​ក្រុម​ជួយសង្គ្រោះ​ស្រង់​ចេញពី​ក្នុង​សមុទ្រ​។​

​យន្ដហោះ​ប៊ូ​អ៊ីង​737-Max 8​ជា​យន្ដហោះ​ប្រភេទ​ថ្មី ទើប​ដាក់ឲ្យ​ដំណើរការកាល​ពី​ឆ្នាំមុន​ប៉ុណ្ណោះ ហើយ​យន្ដហោះ​ដែល​ធ្លាក់​ទើបតែ​ហោះហើរ​បាន​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ទេ​។ កត្ដា​នេះ​កំពុង​បង្ក​ជា​ចម្ងល់​យ៉ាងខ្លាំង​ស្របពេល​ក្រុម​ជំនាញ​ពុំទាន់​រកឃើញ​មូលហេតុ​ពិតប្រាកដ​។ កាលពី​ថ្ងៃទី​៣០​តុលា​ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូនេស៊ី បានប្រកាសឲ្យ​ត្រួតពិនិត្យ​យន្ដហោះ​737-Max 8​ទាំងអស់​ដែល​កំពុង​ចរាចរ​នា​ពេលបច្ចុប្បន្ន​។ ក្រុមហ៊ុន​អាកាសចរណ៍​Lion Air​នឹង​ជួប​ពីភាក្សាជា​មួយក្រុម​ជំនាញ មកពី​ក្រុមហ៊ុន​ប៊ូ​អ៊ីង​បន្ថែម​ផងដែរ​៕

ព័ត៌មានផ្សេងទៀត