លោក​វេង សាខុន​​ថា ​ប្រទេស​Sierra Leone​​សុំ​រៀនសូត្រ​​ពី​វិស័យ​​កសិកម្ម​​នៅកម្ពុជា​​

30-10-2018 3:37 pm 1267
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុងជំនួប​ជាមួយ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​រុក្ខាប្រមាញ់​នៃ​ប្រទេស Sierra Leone នៅ ថ្ងៃទី​២៩ តុលា លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អះអាងថា កម្ពុជា​កំពុងតែ​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​កសិកម្ម ដោយ​នាំមុខគេ​គឺ​ការ​ផលិតកម្ម​ស្រូវ​អង្ករ ដោយ​បានប្រែក្លាយ​ពី​ប្រទេស​មាន​អសន្តិសុខ​ស្បៀង មកជា​ប្រទេស​មាន​សុខសន្តិភាព និង​សល់​ស្បៀង​ចំនួន​៥,៥ លាន​តោន សម្រាប់ធ្វើ​ការនាំចេញ​។ លោក​បញ្ជាក់ថា ក្រៅពី​ស្រូវ កម្ពុជា​នៅមាន​ផលិតផល​កសិកម្ម​ជាច្រើន​ទៀត ដូចជា ដំឡូង​មី ស្វាយ ស្វាយចន្ទី ដែល​កំពុងតែ​មាន​សក្តា​នុព​ល​ធ្វើ​ការវិនិយោគ កែច្នៃ និង​នាំចេញ​។​

​លោក Joseph J. Ndanema រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នៃ​ប្រទេស Sierra Leone បាន​សាទរ​ចំពោះ​ការរីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​កសិកម្ម​របស់​កម្ពុជា ដោយបាន​ចូលរួមចំណែក​លើកកម្ពស់​កម្រិតជីវភាព កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើនសេដ្ឋកិច្ច របស់​កម្ពុជា​បាន​យ៉ាង​ល្អប្រសើរ​។ លោក​ថា ការចាប់ផ្តើម​ភ្ជាប់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិកា​រលើ​គ្រប់​វិស័យ​ជាមួយគ្នា និង​ដោយឡែក​លើ​វិស័យ​កសិកម្ម នាពេលនេះ ជាការ​បោះជំហាន​ទៅមុខ​យ៉ាង​ល្អ និង​គួរឲ្យ​ចាប់អារម្មណ៍ ដែល Sierra Leone អាច​រៀនសូត្រ និង​ដកស្រង់​បទពិសោធន៍​តាម​ ពីអ្វី​ដែល​កម្ពុជា​ធ្លាប់បាន​ឆ្លងកាត់ ពិសេស ផលិតកម្ម​ស្រូវ​អង្ករ ដែល​ពិភពលោក​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ ថា​ជា​អង្ករ​មាន​គុណភាព រស់ជាតិ​ឆ្ងុយឆ្ងាញ់ និង​ក្លិន​ប្រអូប​ប្រហើរ និង​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ នៅ​ទូទាំង​ពិភពលោក និង​ពិសេស​ជាង​នេះ ឆ្នាំ​២០១៨ អង្ករ​កម្ពុជា​ត្រូវបាន​ជាប់​លំដាប់ថ្នាក់​លេខ​១​ទៀតផង​។ 

​ស្រប​ពេលដែល Sierra Leone សុំ​រៀនសូត្រ​ពី​កម្ពុជា លោក​វេង សាខុន ក៏បាន​អួត​ប្រាប់​សម​ភាគី​ថា បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ​ដូចជា ផ្លូវ​គមនាគមន៍ កំពង់ផែ​ទឹង​ជ្រៅ ព្រលានយន្តហោះ ការផ្តត់ផ្គង់​អគ្គិសនី​។​ល​។ ឯក្រសួង​កសិកម្ម ក៏បាន និង​កំពុង​ជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស ការធ្វើ​ពិពិធ​កម្ម​កសិកម្ម ពាណិជ្ជូប​នីយកម្ម ជាមួយ​នឹង​ទំនើបកម្ម​កសិកម្ម និង​ជំរុញ​ការកែច្នៃ វេច​ខ្ចប់​ ដើម្បី​បង្កើន​ការនាំចេញ​កសិផល​កម្ពុ​ជា នា​ពេលអនាគត​៕

ព័ត៌មានផ្សេងទៀត