លោក​ថោង ខុន​៖​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​

30-10-2018 3:16 pm 1020
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​លើកឡើង​ថា ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍​បាន​នឹង​កំពុង​ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ការលើកកម្ពស់​ជី​វ​ភាព​រស់នៅ និង កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​មូលដ្ឋាន តាមរយៈ​ការផ្តល់​ឱកាស​ការងារ និង​ការបង្កើត​ប្រាក់ចំណូល​ដែល​ទទួលបាន​ពី​សេវា​ស្នាក់នៅ  សេវា​មគ្គុទ្ទេសក៏ សេវា​ម្ហូបអាហារ និង​ដឹកជញ្ជូន ។​លោក​បាន​លើកឡើង​ដូចនេះ ក្នុងឱកាស​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការងារ​ទេសចរណ៍​នៅ​ចុង​ឃ្នៀស សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក និង​ជ្រាវ (​ខេត្តសៀមរាប )​កាលពី​ថ្ងៃ​ទី​២៩ ខែតុលា​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួមចំណែក ដល់​ការកាត់បន្ថយ​ការ​ចំណាកស្រុក ការអភិរក្ស ការថែរក្សា ការការពារ​ធនធាន​ធម្មជាតិ និង​ជីវៈជម្រុះ​ប្រកបដោយ​និរន្តរ៍ភាព ទប់ទល់​ការ​បម្រែបម្រួល​អាកាសធាតុ និង​ការបង្កើត​ទម្លាប់​ស្រឡាញ់​បរិស្ថាន ។​

​នៅក្នុង​ឱកាស​នោះ​ដែរ បន្ទាប់ពី​បាន​ស្តាប់​របាយកាណ៍​របស់​ប្រធាន​សមាគម តំណាង​កំពង់ផែ ម្ចាស់​កាណូត អ្នក​បើកកាណូត អាជ្ញាធរ​មូលដ្ឋាន លោក​មេឃុំ និង​ប្រជាពលរដ្ឋ​រួចមក​លោក​ថោង ខុន ក៏​បាន​កោតសរសើរ និង​បាន​ណែនាំ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ អោយ​បន្ត​សហការ​គ្នា​ពង្រឹង​ការងារ​គ្រប់គ្រង​សហគមន៍​ទេសចរណ៍ លើក​កំពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ដោយ​ត្រូវ​ខិតខំ​ប្រឹងប្រែង សហការគ្នា រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ និង​ត្រូវ​រៀបចំ​កាណូត​អោយបាន​ស្អាត​ល្អ ដោយ​ត្រូវមាន​ពោង​សុវត្ថិភាព អ្នក​បើកកាណូត​ត្រូវមាន​ឯកសណ្ឋាន​ត្រឹមត្រូវ និង​ត្រូវ​ឆ្លងកាត់​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ កាណូត​ទេសចរណ៍​ទាំងអស់ ត្រូវមាន​ការត្រួតពិនិត្យ ផ្នែក​បច្ចេកទេស ពី​ក្រសួង​សាធារណការ ជាប្រចាំ និង​ត្រូវមាន​អាជ្ញា​បណ្ណ​ទេសចរណ៍​ជា​ចាំបាច់​។​

សូម​បញ្ជាក់​ដែរ​ថា  តំបន់​ចុង​ឃ្នៀស​ទទួល​ទេសចរ​បាន​ប្រមា​ណ​ពី ១,០០០-១,៥០០​នាក់ ក្នុង​មួយ​ថ្ងៃ និង​សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក ទទួលបាន​ទេសចរ​ប្រមាណ ៨០០-១,០០០​នាក់​ក្នុង​មួយថ្ងៃ ហើយ​ក្រៅពីនេះ​ទេសចរ​បាន​ទៅ​ទស្សនា​នៅ​សហគមន៍​ជ្រាវ មេ​ជ្រៃ និង​សហគមន៍​ទេសចរណ៍​ផ្សេងៗ​ទៀត​៕ 

 ពាក្យគន្លឹះ  លោកថោងខុន

ព័ត៌មានផ្សេងទៀត