កម្ពុជា​-​ចិន​ ចុះ​អនុស្សរណៈ​​អភិវឌ្ឍ​​វិស័យ​​កសិកម្ម​​

30-10-2018 2:09 pm 861
  ស្តាប់
លោក Liu Gaodao អនុប្រធាន​អង្គការ CATAS និងលោកអ៊ិត សំហេង ក្នុងពិធីចុះហត្ថលេខា
ស្តាប់ជាសំឡេង

​រដ្ឋាភិបាល​ចិន​តាមរយៈ​អង្គការ CATAS (Chinese Academy of Tropical Agricultural Sciense ) នៃ​ប្រទេស​ចិន បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ភាគី​កម្ពុជា តាមរយៈ​រដ្ឋមន្ត្រីក្រសួង​ការងារ លោក​អ៊ិត សំហេង ដើម្បី​ជួយ​អភិវឌ្ឍន៍ លើ​វិស័យ​កសិកម្ម នៅ​កម្ពុជា ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ដោយ​ផ្តោត​ការបណ្តុះបណ្តាល ធនធានមនុស្ស​លើ​ជំនាញ​បម្រើឲ្យ​វិស័យ​សិកម្ម​។​

​លោក​អ៊ិត សំហេង បាន​ថ្លែង​នៅ​ថ្ងៃទី​៣០ តុលា ថា កិច្ចសហប្រតិបត្តិការ​នេះ ពិត​ឆ្លើយតប​ទៅនឹង​តម្រូវការ របស់​រដ្ឋាភិបាល​កម្ពុ​ជា ចំពោះ​វិស័យ​កសិកម្ម​។ លោក​ថា​គម្រោង​មួយ​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ ដែលជា​គំនិត​ផ្តួចផ្តើម របស់លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ដែល​កម្ពុជា​ជា​ដៃគូ​មួយ​នៅក្នុង យុទ្ធសាស្ត្រ​មួយ​នេះ​។ លោក​បាន​សរសើរ​ចិន​ថា កន្លងមក ចិន​មិន​ត្រឹមតែ​សហប្រតិ្តបត្តិការ លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ប៉ុណ្ណោះ​ទេ ឥឡូវ ចិន​ឈានចូល​ការអភិវឌ្ឍ​ធនធានមនុស្ស លើ​វិស័យ​កសិកម្ម​ថែមទៀត​។​

​បើតាម លោក​ឡៅ ហ៊ីម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​បានឲ្យដឹង ថា​គោលដៅ​នៃ​អនុស្សរណៈ គឺ​ចង់​បង្កើន​សមត្ថភាព ក្នុង​ការកែច្នែ​ផលិតផល កសិកម្ម និង​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ប្រកបដោយ​និរន្តរភាព​ទាំង​នៅ​ប្រទេស​ចិន និង​កម្ពុជា ពិសេស​ជួយ​កសិករ​ខ្មែរ ឲ្យ​ចេះ​ច្នៃ​ផ្នែក​ដាំ​ដុះ​ក៏ដូចជា ការប្រមូល​ផល ធ្វើ​យ៉ាងណាឲ្យ​ការប្រមូលផល ត្រូវ​នឹង​និន្នាការ បច្ចុប្បន្ន និង​អនាគត ដូចជា​ការប្រើប្រាស់​ជី និង​ការប្រើ ប្រាស់​ពូជ​ជាដើម​។​

​លោក Liu Gaodao អនុប្រធាន​អង្គការ CATAS បាន​បញ្ជាក់ថា CATAS​គឺជា​វិទ្យាស្ថាន​ស្រាវជ្រាវមួយនៅ តំបន់​ត្រូពិច​នៃ​ប្រទេស​ចិន​ឈរលើ​លំដាប់ថ្នាក់​ធំ ជាងគេ ​ដែល​ទទួល​ការសិក្សា​ស្រាវជ្រាវ លើ​វិស័យ​កសិកម្ម និង​ជំនាញ​បច្ចេកទេស​ផ្សេងៗ ដែល​ទាក់ទង​ផ្នែក​កសិកម្ម​ដោយមាន​វិទ្យាស្ថាន ក្រោម​ឱវាទ ចំនួន​១៣​វិទ្យាស្ថាន​ លើ​ជំនាញ​ខុសៗ​គ្នា​៕

ព័ត៌មានផ្សេងទៀត