លោកស្រី​រ៉ូ​ណា ស្មី​ត​ មិនត្រូវ​បាន​អនុញ្ញាត​ ឲ្យ​ជួប​​លោក​កឹម សុខា​ ទេ​​

30-10-2018 10:42 am 1576
  ស្តាប់
ស្តាប់ជាសំឡេង

​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្សនៅ​កម្ពុជា ឲ្យដឹងថា រដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាតឲ្យ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូ​ណា ស្ម៊ី​ត (Rhona Smith) ចូលជួប​ប្រធាន​គណបក្សប្រឆាំង លោក​កឹម សុខា នោះទេ​។​

​តាមរយៈ​សារ​អេឡិចត្រូនិក ប្រាប់​ដល់​វិទ្យុ​វា​យោ លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ពន្យល់​ពី​ការមិន​អនុញ្ញាត​នេះ ថា​លោក​កឹម សុខា កំពុង​ស្ថិតក្រោម​អាណត្តិ​របស់​តុលាការ​។ លោក​ថា អ្នកស្រី​រ៉ូ​ណាល់​ស្មីត គួរ​មាន​សមត្ថភាព​ក្នុង​ការយល់ដឹង​ពី​បញ្ហា​នេះ​។ 

​មកដល់ពេលនេះ អ្នកស្រី​រ៉ូ​ណា ស្មី​ត បាន​ស្នើសុំ​ជួប​មន្ត្រី​រដ្ឋាភិបាល តាម​បណ្តា​ក្រសួង​ពាក់ព័ន្ធ​នានា ហើយ​បច្ចុប្បន្នកំពុង​រង់ចាំ​ការសម្រេច​ចុងក្រោយ​។ ក្រៅពីនេះ អ្នកស្រី ក៏​គ្រោង​ជួប​អង្គទូត និង​អង្គការ​សង្គម​ស៊ីវិល ដោយ​ផ្តោតលើ​វិស័យ​សិទ្ធិមនុស្ស និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​បើតាម​ការលើកឡើង​ពី​មន្ត្រី​សិទ្ធិមនុស្ស ថា ការសម្រេច​មិន​អនុញ្ញាតឲ្យ​អ្នកស្រី រ៉ូ​ណា ស្ម៊ី​ត ចូលជួប​ប្រធាន​គណបក្សប្រឆាំង​នេះ គឺជា​ការ​បង្ហាញថា រដ្ឋាភិបាល​ពុំទាន់​មាន​តម្លាភាព ពាក់ព័ន្ធ​នឹង​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះទេ​។ រដ្ឋាភិបាល​កម្ពុជា គួរ​បើក​ឲ្យមាន​កិច្ចពិគ្រោះ​យោបល់​ទូលំទូលាយ ជាមួយ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺជា​ឱកាសល្អ​មួយ​ក្នុង​ការបន្ធូរបន្ថយ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា ដែល​កំពុងតែ​ទទួលរង​ការរិះគន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​។ 

​អ្នកវិភាគ​ខ្លះ​យល់ឃើញថា ការមិន​អនុញ្ញាតឲ្យ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ចូលជួ​បលោក​កឹម សុខា គឺជា​ចេតនា​លាក់បាំង​ការពិត​ណាមួយ​។ ពីព្រោះថា បើ​រដ្ឋាភិបាល ពិតជា​មាន​ការគោរព​សិទ្ធិមនុស្ស​មែន​នោះ មិនមាន​រឿង​អ្វី ដែល​ត្រូវ​ហាមឃាត់ ឬ​មាន​ការភ័យខ្លាច មិនឲ្យ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ចូលជួប​ជាមួយ​លោក​កឹម សុខា និង​មន្ត្រី​បក្សប្រឆាំង​ដទៃទៀត ដើម្បី​ពិភាក្សា និង​ពិគ្រោះ​យោបល់​នោះឡើយ​។​

​អ្នកតាមដាន​ស្ថាន​ការ​សង្គម និង​នយោបាយ​នៅ​កម្ពុជា លោក​មាស នី មិនមាន​សង្ឃឹមថា ដំណើរ​ទស្សនៈកិច្ច​នេះ អាច​នឹង​ធ្វើឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស និង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បាន​ប្រសើ​នោះទេ ក៏ប៉ុន្តែ នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការធ្វើជា​កសិណសាក្សី ពី​ការ​បញ្ហា​សិទ្ធិមនុស្ស សម្រាប់​ថ្លែងការណ៍​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ ខាងមុខ​។​

​សូមបញ្ជាក់ថា អ្នកស្រី រ៉ូ​ណា ស្មី​ត បានមក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩ តុលា ដល់​ថ្ងៃទី ៨  វិច្ឆិកា ឆ្នាំ​២០១៨​។ អ្នកស្រី​គ្រោង​ជួប​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល តំណាង​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកការទូត​នៅ​កម្ពុជា ហើយ​មុនពេល​បញ្ចប់​បេសកកម្ម​នេះ អ្នកស្រី​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ហើយ​នឹងធ្វើ​របាយការណ៍​ពី​ស្ថានភាព​សិទ្ធិមនុស្ស​កម្ពុជា​ទៅ​អង្គការសហប្រជាជាតិ នៅ​ខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខ​៕

ព័ត៌មានផ្សេងទៀត