លោកស្រី​Angela Merkel​ប្រកាស​ឈប់​ដឹកនាំ​អាល្លឺម៉ង់​ក្រោយ​ឆ្នាំ​២០២១

30-10-2018 9:40 am 1129
  ស្តាប់
លោកស្រី​Angela Merkel
ស្តាប់ជាសំឡេង

«អាណត្តិ​ទី ៤​នេះ គឺជា​អាណត្តិ​ចុងក្រោយ​របស់ខ្ញុំ ដែល​ធ្វើជា​អធិការបតី នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​»។ នេះ​ជា​ការលើកឡើង​របស់លោក​ស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីក្រុង​ប៊ែក​ឡាំង ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃទី​២៩ តុលា​។ លោកស្រី​បញ្ជាក់ ថា ក្រោយ​ចប់​អាណត្តិ​នៅ​ឆ្នាំ​២០២១ លោកស្រី​នឹងមិន​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​នៅក្នុង​អាណត្តិ​ថ្មី​ទៀតឡើយ ហើយ​លោកស្រី​ក៏​លែង​ចង់បាន​ទៀត​ដែរ នូវ​តំណែង​ផ្នែក​នយោបាយ​ណាមួយ​។ 

​បើតាម​ការប្រកាស​កាល​ពីថ្ងៃ​ចន្ទ លោកស្រី Merkel នឹងមិន​ឈរឈ្មោះ ជា​ប្រធាន​គណបក្ស CDU របស់​លោកស្រី​ផងដែរ នៅពេល​គណបក្ស​នឹង​រៀបចំ​ការបោះឆ្នោត​មួយ​នៅ​ខែធ្នូ​ខាងមុខ​។ ការសម្រេចចិត្ត​របស់​លោកស្រី Merkel ហាក់​បាន​បញ្ជាក់ថា លោកស្រី​នឹង​បញ្ចប់​អាជីព​នយោបាយ​ស្ត្រី​ដ៏​ឆ្នើម​មួយរូប​នៅ​អឺរ៉ុប​។​

​ការប្រកាស​របស់លោក​ស្រី Merkel បាន​បង្ហាញថា ប្រជាប្រិយភាព​របស់លោក​ស្រី រួមទាំង​គណបក្ស CDU បាន​ធ្លាក់ចុះ លែង​សូវ​មាន​ឥទ្ធិពល​នៅ​ក្នុងប្រទេស​។ តាមរយៈ​ការបោះឆ្នោត​ថ្នាក់​តំបន់ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​បង្ហាញថា គណបក្ស​ពីរ ដែល​រួមបញ្ចូល​គ្នា​បង្កើត​រដ្ឋាភិបាលចម្រុះ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​លោកស្រី Merkel គឺ​គណបក្ស​CDU​និង​គណបក្ស​SPD បាន​ស្រុតចុះ​ការគាំទ្រ​។ ក្រោយ​បោះឆ្នោត​លោកស្រី Merkel កាលពី​ថ្ងៃទី​១៥​ខែតុលា បាន​ទទួលស្គាល់ថា អ្នកបោះឆ្នោត​បាន​បាត់បង់​ទំនុកចិត្ត លើ​រដ្ឋាភិបាល​បច្ចុប្បន្ន​ហើយ​។​

​ជា​ការកត់សំគាល់ ប្រជាប្រិយភាព លោកស្រី Merkel និង​គណបក្ស CDU​និង​គណបក្ស​សម្ព័ន្ធមិត្ត SPD បាន​ធ្លាក់ចុះ ក្រោយ​រដ្ឋាភិបាលចម្រុះ បើកទ្វារ​ទទួល​ជនភៀសខ្លួន​រាប់លាន​នាក់ កាលពី​ឆ្នាំ​២០១៥ ។ កាលនោះ លោកស្រី Merkel និង​បក្ស​ដែលជា​ដៃគូ បាន​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង ចំពោះ​ការគ្រប់គ្រង​លំហូរ​ជន​ចំណាកស្រុក​។​

​សូមបញ្ជាក់ថា លោកស្រី Angela Merkel វ័យ​៦៤​ឆ្នាំ បាន​ដឹកនាំ​គណបក្ស CDU របស់​លោកស្រី​អស់​រយៈពេល​១៨​ឆ្នាំ និង​បាន​កាន់តំណែង​ជា អធិការបតី​អាល្លឺម៉ង់ ចាប់តាំងពី​ឆ្នាំ​២០០៥​មក​៕

ព័ត៌មានផ្សេងទៀត