តំណាង​ពលរដ្ឋ​មានជម្លោះដីមកពី​ឃុំ​២​ធ្នូ​ខេត្តក្រចេះ​ចំនួន​៨​នាក់​ឡើង​មក​ភ្នំពេញ​ជាថ្មី​

28-10-2018 3:37 pm 1340
  ស្តាប់
ក្រុមពលរដ្ឋមានជម្លោះដីធ្លីច្រើនរយនាក់មកពីខេត្តក្រចេះ ប្រមូលផ្ដុំគ្នាស្នើសុំដំណោះស្រាយនៅមុខក្រសួងរៀបចំដែនដី កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ រូបថត៖ ទ្រី សីហៈ
ស្តាប់ជាសំឡេង

​តំណាង​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ចំនួ​១,៦៤២​គ្រួសារ នៅក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​ឡើង​មក​កាន់​រាជធានី​ភ្នំពេញ​ជាថ្មី នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨​នេះ ខណៈ​ក្រសួង​បាន​រៀបចំ​ក្រុមការងារ​ចំនួន​១៩​នាក់ ចុះ​ទៅ​ដោះស្រាយ​ហើយ​នោះ​។ តំណាង​ពលរដ្ឋ​ម្នាក់​អះអាង​ថា ការឡើង​មក​ជា​ថ្មី ព្រោះ​នៅ​មិន​ទុកចិត្ត​ការដោះស្រាយ​របស់​អាជ្ញាធរ​ថ្នាក់ក្រោម​។

​ក្រោយ​មាន​ការសន្យា​ពី លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ថា​នឹង​ចាត់​ក្រុម​ការងារ​ឲ្យ​ដោះ​បញ្ហា​ជម្លោះ​ដីធ្លី ក្នុង​ខេត្ត​ក្រចេះ​នោះ ក្រុម​ពលរដ្ឋ​ដែល​បាន​ឡើងមក​តវ៉ា​ដល់​រាជធានី​ភ្នំពេញ បាន​យល់ព្រម​ត្រឡប់​ទៅ​វិញ កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨​។ មកដល់​ថ្ងៃ​ទី​២៨ ខែ​តុលា​នេះ លោក សៀវ រី តំណាង​ពលរដ្ឋ​មកពី​ខេត្តក្រេចេះ បាន​ថ្លែង​ប្រាប់​វិទ្យុ​វាយោ​ថា ក្រុម​ពលរដ្ឋ​ចំនួន​៨​នាក់ បាន​ឡើងមក​ភ្នំពេញ​ជា​ថ្មី ដើម្បី​សាកសួរ​ពី​ដំណើរការ​ដោះស្រាយ និង​ថា​ពួកគេ​បារម្ភ​មាន​ភាពមិនប្រក្រតី នៅក្នុង​ក្នុង​ការដោះស្រាយ​។​

​សំឡេង​លោក សៀវ រី​៖

​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់ កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ បាន​ចាត់​ក្រុម​ការងារ​ចំនួន​១៩​នាក់ ចុះ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ក្រចេះ ធ្វើ​អត្ដ​សញ្ញាណ​កម្ម​គ្រួសារ​ពលរដ្ឋ ដោយ​ផ្អែក​លើ​បញ្ជី​អ្នក​តវ៉ា លើ​ដី​រដ្ឋ​ដែល​បាន​ផ្ដល់​សិទ្ធិ​សម្បទាន​សេដ្ឋកិច្ច​ជូន​ក្រុមហ៊ុន ចម្ការកៅស៊ូ​មេ​ម៉ត់ ស្ថិតក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​តាម​លិខិត​បង្គាប់​ការចុះហត្ថលេខា​ដោយ​លោក សេង ឡូត អគ្គនាយក​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឲ្យដឹងថា ក្រុម​ការងារ​ដោះស្រាយ​ជម្លោះ​នេះ មាន​លោក បេង​ហុង សុជាតិ​ខេ​ម​រ៉ូ អគ្គនាយក​លំនៅឋាន ជា​ប្រធាន​ដឹកនាំ  និង​តែងតាំង​លោក ប្រាក់ អង្គា​រ៉ា អគ្គនាយករង​លំនៅឋាន និង​លោក ហ៊ី ចិន្ដា អគ្គនាយករង​លំនៅឋាន​ធ្វើ​ជា​អនុប្រធាន​ក្រុម​ដឹកនាំ​មន្ត្រី​ដោះស្រាយ​បញ្ហា​នេះ​។​

​លោក សៀវ រី ឲ្យដឹងថា លោក​បាន​ឃើញ​ក្រុមការងារ​របស់​ក្រសួង​ចំនួន​១៩​នាក់ ចុះទៅ​ពិនិត្យ​តំបន់​មាន​ជម្លោះ​ពិត​មែន​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ប៉ុន្តែ​លោក​ពុំ​បាន​ទទួល​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ​។​

​តំណាង​ពលរដ្ឋ​រូប​នេះ​អះអាង​ថា ក្រុម​ពលរដ្ឋ​មាន​វិវាទ​ទាំង​១,៦៤២​គ្រួសារ បាន​ចូល​ទៅ​កាប់ឆ្ការ​កាន់កាប់​ដី​របស់​រដ្ឋ ដោយ​គ្មាន​ការអនុញ្ញាតិ កាលពី​ឆ្នាំ​២០១២ ដោយសារតែ​ខ្វះ​ដី​ដាំ​ដុះ ប៉ុន្តែ​នៅពេល​រដ្ឋាភិបាល ធ្វើ​សម្បទាន​ដី​ទាំងនោះ ទៅឲ្យ​ក្រុមហ៊ុន ឯកជន​ក្នុង​ឆ្នាំ​២០១៨​នេះ ផ្ទះសម្បែង និង​ដំណាំ​របស់​ពួកគេ ត្រូវបាន​ឈូស​ឆាយ និង​ដុត​បំផ្លាញចោល រហូត​ឈានដល់​ការតវ៉ា​ផ្ទុះ​ហិង្សា​ផងដែរ​។​

​សំឡេង​លោក សៀវ រី​៖

ពលរដ្ឋ​រូបនេះ​អះអាង​ទៀតថា ដី​របស់​ពលរដ្ឋ​ដែល​ធ្លាប់​កាន់កាប់​ពេល នេះ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ក្រុមហ៊ុន ដែល​ធ្វើឲ្យ​ពលរដ្ឋ​គ្មាន​ដី​ដាំ​ដុះ និង​គ្មាន​ផ្ទះសម្បែង​ស្នាក់នៅ​ផងដែរ​។​

​សំឡេង​លោក សៀវ រី​៖

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨​កន្លងទៅ ក្រុម​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នេះ បាន​ឡើងមក​ភ្នំពេញ​ជា​លើក​ទី​៧ ក្នុង​បំណង​ដើរ​ថ្មើរជើង​ទៅកាន់​ភូមិគ្រឹះ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​ដំណោះស្រាយ ក៏​ប៉ុន្តែ​ពួកគេ​ត្រូវបាន​សមត្ថកិច្ច​រារាំង ក្រោម​ហេតុផល​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​។​

ក្រោយមក​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី បាន​កោះហៅ​តំណាង​ពលរដ្ឋ​ដើម្បី​ពិភាក្សា​។ ក្រោយ​ការពិភាក្សា​នេះ ក្រសួង​បាន​សន្យា​ដោះស្រាយ​ជូន​ពលរដ្ឋ​ជាថ្នូ​ឲ្យ​ពួកគេ ត្រឡប់​ទៅ​កាន់​ខេត្តក្រចេះ​វិញ​។
​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ឲ្យដឹងថា ក្រសួង​នឹង​ពន្លឿន​ការធ្វើអត្ត​សញ្ញាណកម្ម​ឲ្យ​ពលរដ្ឋ ដើម្បី​ទទួលយក​សំណង ជា​សម្បទាន​ដី​សង្គមកិច្ច​ស្រប​តាម​គោលការណ៍ និង​នីតិវិធី​៕

ព័ត៌មានផ្សេងទៀត