អា​រ៉ាប៊ីសាអូឌីត​បដិសេធមិន​បញ្ជូន​អ្នកពាក់ព័ន្ធ​ការសម្លាប់​លោក​Khashoggiទៅ​តួ​ក​គី​

28-10-2018 12:54 pm 497
  ស្តាប់
​រដ្ឋមន្ត្រីការបរទេស​អា​រ៉ាប៊ីសាអូឌីត​លោកAdel al-Jubeir
ស្តាប់ជាសំឡេង

« បុគ្គល​ទាំងនោះ គឺជា​ជនជាតិ​អា​រ៉ាប៊ីសាអូឌីត​។ ពួកគេ​ត្រូវបាន​ចាប់ឃុំខ្លួន​នៅក្នុង​ប្រទេស​អា​រ៉ាប៊ីសាអូឌីត ការស៊ើបអង្កេត ត្រូវធ្វើឡើង​នៅក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ហើយ​ពួកគេ​ក៏​នឹងត្រូវ​កាត់ទោស​នៅ​អា​រ៉ាប៊ីសាអូឌីត​ដែរ »​។ នេះ​ជា​ចម្លើយ​ឆ្លើយតប របស់​រដ្ឋមន្ត្រីការបរទេស​អា​រ៉ាប៊ីសាអូឌីត​លោក Adel al-Jubeir ទៅកាន់​ប្រធានាធិបតី​តួ​ក​គី​។ 

​ប្រធានាធិបតី​តួ​ក​គី​លោក​Erdogan កាលពី​ថ្ងៃ​សុក្រ បានស្នើ​អា​រ៉ាប៊ីសាអូឌីត​ធ្វើ​បត្យាប័ន មនុស្ស​ចំនួន​១៨​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការស្លាប់​អ្នកកាសែត ជនជាតិ​អា​រ៉ាប៊ីសាអូឌីត​លោក Jamal Khashoggi ដើម្បី​យកមក​កាត់ក្តី​នៅ​ក្នុងប្រទេស​តួ​ក​គី​។ លោក Erdogan​បាន​ថ្លែងថា បុរស​១៨​នាក់​នោះ ត្រូវតែ​ដឹងថា​នរណា​ជា​អ្នក​សម្លាប់​លោក Khashoggi​ពិតប្រាកដ និង​ថា​ជនល្មើស គឺ​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​ទាំង​១៨​នាក់​នោះ​។ បន្ថែម​លើ​នេះ លោក​ក៏បាន​ទទូច​ឲ្យ​អា​រ៉ាប៊ីសាអូឌីត បង្ហាញ​សាកសព​លោក Khashoggi ផងដែរ ហើយ​បន្ត​អះអាងថា​នឹង​បង្ហាញ​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ការសម្លាប់​អ្នកកាសែត វ័យ​៥៩​ឆ្នាំ​រូបនោះ​។​

​រដ្ឋមន្ត្រីការបរទេស​អា​រ៉ាប៊ីសាអូឌីត និយាយថា​នឹង​ពុះពារ​យកឈ្នះ លើ​វិបត្តិ​ពាក់ព័ន្ធ​នឹង​ការសម្លាប់​លោក Khashoggi​ឲ្យបាន​។ លោក​ថា​បញ្ហា​នេះ ដូចដែល​ខ្ញុំ​បាន​និយាយ​អ៊ីចឹង គឺ​កំពុង​ស្ថិតនៅក្នុង​ការស៊ើបអង្កេត ហើយ​យើង​នឹង​ដឹង​ការពិត​។​

​គួរ​កត់សំគាល់ថា ករណី​ឃាតកម្ម​លើ​លោក Khashoggi នៅក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ាប៊ីសាអូឌីត​ប្រចាំ​ទីក្រុ​ង​អ៊ី​ស្តង់​ប៊ុ​ល ប្រទេស​តួ​ក​គី​កាលពីដើម​ខែតុលា​នេះ បាន​បង្កឲ្យមាន​ការរញ្ជើប​រញ្ជួល​ជា​អន្តរជាតិ​។ អា​រ៉ាប៊ីសាអូឌីត បាន​រង​សម្ពាធ​យ៉ាងខ្លាំង​ពី​បណ្ដា​ប្រទេស​លោកខាងលិច ពិសេស​អាមេរិក​។ វិធានការ​ការទូត សេដ្ឋកិច្ច ការហាមឃាត់​ការលក់​អាវុធ និង​វិធានការ​ជាច្រើន​ទៀត កំពុង​ស្ថិតក្នុង​ជម្រើស​ដែល​ត្រូវ​ពិចារណា ប្រសិនបើ​អា​រ៉ាប៊ីសាអូឌីត មិន​ឆ្លើយតប​នឹង​សំណើ​របស់​លោកខាងលិច ដែល​ទាមទារ​ការពន្យល់​ច្បាស់លាស់ ករណី​សម្លាប់​លោក​Jamal Khashoggi ពី​អា​រ៉ាប៊ី​សា​អីឌីត​ទេនោះ​៕

ព័ត៌មានផ្សេងទៀត