រុស្ស៊ី​ថា​​រឿង​សង្គ្រាម​​គ្មាន​នរណា​​ចង់​ធ្វើ​ទេ ប៉ុន្ដែ​​បើ​អា​មេរិក​​ចង់​លេង​​រុស្ស៊ី​​នឹង​កំដរ​​ដល់​​ទីបញ្ចប់​

27-10-2018 3:31 pm 2111
  ស្តាប់
រូបភាពកងទ័ពរុស្ស៊ី
ស្តាប់ជាសំឡេង

​មន្ដ្រីជាន់ខ្ពស់​រុស្ស៊ី​ម្នាក់​បាន​និយាយថា រុស្ស៊ី​មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​នរណា​ឡើយ ប៉ុន្ដែ​បើសិន​អាច​មេរិក​ជា​អ្នកនាំ​លេង រុស្ស៊ី​ក៏​មិន​ខ្លាច​នឹង​តទល់​ដែរ​ព្រោះ​រុស្ស៊ី​បាន​ត្រៀមខ្លួន​រួចជាស្រេច​។ ថ្លែង​ពី​អង្គការ​សហ​ប្រជាជាតិ​​កាលពី​ថ្ងៃ​សុក្រ លោក​Andrey Belousov​អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​អាវុធ​នៃ​ក្រសួងការបរទេស​រុស្ស៊ី បាន​និយាយថា ប្រទេស​រុស្ស៊ី​កំពុង​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម ដូច្នេះ​អាច​ការពារ​ប្រជាជន​ប្រឆាំងនឹង​ការឈ្លានពាន​របស់​អាមេរិក​បាន​។​

លោក​Belousov​បន្ថែមថា នៅក្នុង​កិច្ចប្រជុំ​មួយ​ថ្មីៗ​នេះ អាមេរិក​បានលើកឡើង​ថា​រុស្ស៊ី​កំពុង​រៀបចំ​ធ្វើសង្គ្រាម​។ ជាការ​ពិតណាស់​រុស្ស៊ី​បាន​ត្រៀមខ្លួន​មែន លោក​ហ៊ាន​អះអាង​បែបនេះ​បាន​។ ការបង្កើន​សមត្ថភាព​ទ័ព​និង​ការធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី ជារឿយៗ​ត្រូវបាន​បណ្ដាញសារព័ត៌មាន​លោកខាងលិច​លាប​ពណ៌​ថា ជា​ការត្រៀមខ្លួន​សម្រាប់​សង្គ្រាម ប៉ុន្ដែ​តាមពិត​វា​ជា​ភាពចាំបាច់​មួយ​ក្នុងការ​ការពារជាតិ​ប៉ុណ្ណោះ​។

​លោក​ថា​រុស្ស៊ី​មិនដែល​គិត​ចង់​ប្រឈមមុខ​ជាមួយ​នរណា​ឡើយ​មិន​ដូច​អាមេរិក​ទេ​។ ហេតុអ្វី​បានជា​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ជាមួយ​រុស្ស៊ី ចង់​បង្កើន​សក្ដានុពល​អាវុធ​នុយក្លេអ៊ែរ​របស់​គេ ប្រកាន់យក​គោល​គំនិត​នុយក្លេអ៊ែរ​ថ្មី​? នេះ​គឺជា​សំណួរ​សម្រាប់​ពិចារណា​ទាំងអស់គ្នា​។ ដូច្នេះ បើសិន​អាមេរិក​ចង់​ធ្វើសង្គ្រាម រុស្ស៊ី​ក៏​ព្រម​កំដរ​អាមេរិក​ដល់​ទីបញ្ចប់​។​

​លោក​ដូណាល់ ត្រាំ​ប៉ុន្មាន​ថ្ងៃមុន​បានប្រកាស​ដក​អាមេរិក ចេញពី​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ក្នុងសម័យ​សង្គ្រាមត្រជាក់ ដែល​គេ​ស្គាល់​ថា​ជា​សន្ធិសញ្ញា​បញ្ឈប់​ការប្រើប្រាស់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​(INF)​។ មូលហេតុ​លោក​ថា​រុស្ស៊ី​បាន​លួច​ផលិត​មី​ស៊ី​ល​រំលោភ​លើ​សន្ធិសញ្ញា​ដែល​បាន​ចុះ​។ ប៉ុន្ដែ​រុស្ស៊ី​ចាត់ទុក​ការសម្រេចចិត្ដ​របស់​អាមេរិកជា​រឿងដ៏​គ្រោះថ្នាក់​បំផុត​។ គោលដៅ​ចង់​ដាក់ពង្រាយ​មី​ស៊ី​ល​អាមេរិក​នៅក្នុង​តំបន់​អឺរ៉ុប នឹង​ធ្វើឲ្យ​តំបន់​អឺរ៉ុប​ទាំងមូល​ប្រឈម​ជាមួយ​ការ​សងសឹក​ពី​រុស្ស៊ី​៕

ព័ត៌មានផ្សេងទៀត