ដើម្បីចូលរួមលើកកម្ពស់កម្រិត ជីវភាពរបស់មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (យោធា នគរបាល និងអាវុធហត្ថ) ឲ្យកាន់តែមានជីវភាពធូរធានោះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឲ្យមានការដំឡើង ប្រាក់បៀវត្ស២ដងក្នុង១ឆ្នាំ ដោយលើកទី១ ដំឡើងនៅខែមករា និងលើកទី២ នៅខែមេសា មុនបុណ្យចូលឆ្នាំខ្មែរ។
បានតាមការឲ្យដឹងពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល លើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៦ តុលា បានបញ្ជាក់ថា ប្រាក់បៀវត្សរ៍អប្បបរមារបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធនៅក្នុងឆ្នាំ២០១៩ នឹងត្រូវបានដំឡើងដូចខាងក្រោម៖
១. បៀវត្សរ៍មន្ត្រីរាជការស៊ីវិល នឹងត្រូវដំឡើងពីចំនួន១០១៤ ៤៥០រៀល នៅឆ្នាំ២០១៨ ដល់ប្រមាណ១០៧០១០០រៀល នៅខែមករា ឆ្នាំ២០១៩ ហើយនឹងត្រូវដំឡើងដល់ប្រមាណ ១១០០១០០រៀល ចាប់ពីមេសា ឆ្នាំ២០១៩
២. បៀវត្សរ៍គ្រូបង្រៀន និងគ្រូពេទ្យ នឹងត្រូវដំឡើងពីចំនួន១១១៤៤៥០រៀល នៅឆ្នាំ២០១៨ ដល់ប្រមាណ១១៧០១០០រៀល នៅខែមករា ឆ្នាំ២០១៩ ហើយនឹងត្រូវដំឡើងដល់ប្រមាណ១ ២០០១០០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៩
៣. បៀវត្សរ៍នគរបាលជាតិ ពលបាលត្រី នឹងត្រូវដំឡើងពីចំនួន១០៩៨៩២៧ រៀល (ដោយគិតបញ្ចូលរបបអង្ករ ) នៅឆ្នាំ២០១៨ ដល់ប្រមាណ ១១៥៤ ៥៧៧រៀល (ដោយគិតបញ្ចូលរបបអង្ករ ) នៅខែមករា ឆ្នាំ២០១៩ ហើយនឹងត្រូវដំឡើងដល់ប្រមាណ១១៨៤ ៥៧៧រៀល (ដោយគិតបញ្ចូលរបបអង្ករ ) ចាប់ពីខែមេសា ឆ្នាំ២០១៩
៤. បៀវត្សរ៍យោធិន ពលទោនឹងត្រូវដំឡើងពីចំនួន៩៧៦ ៥៥០រៀល នៅឆ្នាំ២០១៨ ដល់ប្រមាណ១០២៥ ៩០០រៀល នៅខែមករា ឆ្នាំ២០១៩ ( មិនគិតបញ្ចូលរបបអង្ករ ) ហើយនឹងត្រូវដំឡើងដល់ប្រមាណ ១០៥៥ ៩០០រៀល (មិនគិតបញ្ចូលរបបអង្ករ ) ហើយបើគិតបញ្ចូលរបបអង្ករត្រូវជាប្រមាណ ១១១៤ ៣៧៧ រៀលចាប់ពីខែមេសា ឆ្នាំ២០១៩។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ បង្ហាញថា ការដំឡើងបៀវត្សរ៍ជូនមន្ត្រីសាធារណៈ សម្រាប់ឆ្នាំ២០១៩ នេះរាជរដ្ឋាភិបាលបានគ្រោងថវិកាចំនួន២០ប៊ីលានរៀល ដោយឡែកផ្សេងទៀតសម្រាប់ផ្តល់លទ្ធភាពដល់ក្រសួងស្ថាប័នអាចជ្រើសរើសមន្ត្រីមានសមត្ថភាព និងជំនាញខ្ពស់ចូលបម្រើការងាររដ្ឋ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់កិច្ចសហការជិតស្និទ្ធជាមួយនឹងក្រសួងមុខងារសាធារណៈ ដើម្បីរៀបចំក្របខណ្ឌ និងគោលការណ៍សម្រាប់ដាក់ឲ្យដំណើរការគម្រោងនេះ៕