អាល្លឺម៉ង់​៖​​គ្មាន​អាវុធ​លក់​​ឲ្យ​​អា​រ៉ាប៊ីសាអូឌីត​ឡើយ​​បើមិន​ពន្យល់​​ឲ្យ​ច្បាស់​​ករណី​​សម្លាប់​អ្នកកាសែត​

27-10-2018 9:42 am 424
​អធិការបតី​អាល្លឺម៉ង់​លោកស្រី​Angela Merkel

​អធិការបតី​អាល្លឺម៉ង់​លោកស្រី​Angela Merkel បានប្រកាស​ប្ដេជ្ញា​ជាថ្មី​ម្ដងទៀត​កាលពី​ថ្ងៃ​សុក្រ​ថា នឹង​ផ្អាក​រាល់​ការលក់​សព្វាវុធ​ទាំ​អស់​ទៅកាន់​ប្រទេស​អា​រ៉ាប៊ីសាអូឌីត រហូតដល់​មាន​ការពន្យល់​ច្បាស់លាស់​ពី​ករណី​សម្លាប់​លោក​Jamal Khashoggi អ្នកកាសែត​ល្បីឈ្មោះ​អា​រ៉ាប៊ីសាអូឌីត​។ ថ្លែង​ក្នុង​សន្និសីទកាសែត លោកស្រី​សង្កត់ធ្ងន់​ដូច្នេះ​ថា “​វា​ពិតជា​មាន​សារៈសំខាន់​ណាស់​ដែល​ចាំបាច់​ត្រូវ​បញ្ជាក់​ពី​ដើមហេតុ​ឲ្យបាន​ច្បាស់លាស់ ជុំវិញ​អំពើ​ឧក្រិដ្ឋកម្ម​ដ៏​គួរឲ្យ​រន្ធត់​នេះ​។ បើ​គ្មាន​ការបកស្រាយ​ច្បាស់លាស់​ទេ នោះ​យើង​នឹងមិន​លក់​អាវុធ​ទៅឲ្យ​អារ៉ាប៊ីសាអូឌីត​ដាច់ខាត​។​”

​ករណី​សម្លាប់​អ្នកកាសែត​លោក​Khashoggi អា​រ៉ាប៊ីសាអូឌីត​បាន​រង​សម្ពាធ​យ៉ាងខ្លាំង​ពី​បណ្ដា​ប្រទេស​លោកខាងលិច​ពិសេស​អាមេរិក​។ វិធានការ​ការទូត សេដ្ឋកិច្ច ការហាមឃាត់​ការលក់​អាវុធ និង​វិធានការ​ជាច្រើន​ទៀត កំពុង​ស្ថិតក្នុង​ជម្រើស​ដែល​ត្រូវ​ពិចារណា ប្រសិនបើ​អា​រ៉ាប៊ីសាអូឌីត​មិន​ឆ្លើយតបនឹង​សំណើ​របស់​លោកខាងលិច​។​

​សូម​រម្លឹកថា លោក​Jamal Khashoggi​មាន​អាយុ​៥៩​ឆ្នាំ បាន​បាត់​ខ្លួន​ក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ាប៊ីសាអូឌីតប្រ​ចាំប្រទេស​តួក​គី តាំងពី​ថ្ងៃទី​០២​ខែតុលា​ក្រោយពេល​ចូលទៅ​ពិនិត្យ​និង​ទទួល​សំណើ​ឯកសារ​សុំ​រៀបការ​។ ក្រោយមក​ក៏មាន​ព័ត៌មាន​ថា​លោក​ត្រូវ​បានសម្លាប​ទៅហើយ​នៅក្នុង​ស្ថាន​កុងស៊ុល ក្រោយ​មាន​ការប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ទីនោះ​។

​តួ​ក​គី​និង​អាមេរិក​បាន​ចង្អុល​ចំៗ​មុខ​អា​រ៉ាប៊ីសាអូឌីត​ថា ជា​អ្នក​នៅ​ពីក្រោយ​ករណី​ឃាតកម្ម​ដ៏​អាក្រក់​នេះ ប៉ុន្ដែ​អា​រ៉ាប៊ីសាអូឌីត​បដិសេធ​។ ទើបតែ​ពេល​ថ្មីៗ​ដែល​ព្រះរាជអាជ្ញា​អា​រ៉ាប៊ីសាអូឌីត​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថា ការសម្លាប់​លោក​Khashoggi​ជា​ផែនការ​រៀបចំ​ទុកជាមុន​ពិតប្រាកដ​មែន ប៉ុន្ដែ​គ្មាន​ព័ត៌មាន​លម្អិត​ទេ​៕

ព័ត៌មានផ្សេងទៀត