បង្គន់​អនាម័យ​នៅ​ទីតាំង​សាធារណៈ នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ជនពិការ​នៅ​ឡើយ​

26-10-2018 4:36 pm 4221
  ស្តាប់
បង្គន់អនាម័យសាធារណៈ ដែលមានទីតាំងនៅសួនច្បារ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ (ក្រមង៉ុយ) ។ រូបថតដោយ គង់ ឧត្តម ។
ស្តាប់ជាសំឡេង

​បច្ចុប្បន្ន បង្គន់​អនាម័យ​នៅ​តាម​ទីតាំង​សាធារណៈ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ រៀបចំ​សាងសង់​ឡើង​ថ្មីៗ ដោយ​មាន​បញ្ចូល បែងចែក​សម្រាប់​បងប្អូន​ជនពិការ​ប្រើប្រាស់​ផងដែរ ។ ក៏ប៉ុន្តែ ការ​រៀបចំឡើង​នេះ ត្រូវបាន​បងប្អូន​ជនពិការ​អះអាងថា ហាក់​ពុំ​ទាន់​ស្រប​តាម​ស្តង់ដារ នៃ​តម្រូវការ​របស់​បងប្អូន​ជនពិការ​នៅ​ឡើយ ។​បើ​តាម​ការអះអាង​ពី​លោក ងិន សៅ​រ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា​បាន​លើកឡើង​ថា ការរៀបចំ​សាងសង់​បង្គន់​អនាម័យ​សម្រាប់​បងប្អូន​ជនពិការ​នៅ​តាម​ទីតាំង​សាធារណៈ​បច្ចុប្បន្ន គឺ​បាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ជនពិកា​រ ប្រមាណ ២០-៣០​ភាគរយ​ប៉ុណ្ណោះ...

​ហេតុអ្វី​បានជា​នៅ​តាម​ទីតាំង​សាធារណៈ យើង​ពុំ​សូវ​ឃើញ​បងប្អូន​មាន​ពិការភាព​ដើរហើរ ដូច​គេ ដូច​ឯង​? បើសិនជា​មាន​ជន​ពិការភាព​ទៅ​ទីតាំង​សាធារណៈ​ទាំងនោះ តើ​ពួកគេ​នឹង​អាច​ប្រើប្រាស់​បង្គន់​អនាម័យ​បាន​ដោយ​របៀប​ណា​? មួយវិញទៀត តើ​ពួកគេ​អាច​ប្រើប្រាស់​បង្គន់​អនាម័យ នៅ​តាម​ទីតាំង​សាធារណៈ​ដោយ​ពុំ​ទទួល​ជំនួយ​ពី​អ្នក​ដទៃ​បាន​ដែល​ឬទេ​?

​តាមរយៈ​កិច្ច​សម្ភាសន៍​ផ្ទាល់​ជាមួយ​បងប្អូន​ជនពិការ​ភាគច្រើន​ពួកគាត់​បាន​លើកឡើង​ស្ទើរតែ​ដូចគ្នា​ទាំងស្រុង​ថា គឺ​ពួកគាត់​តែង​បាន​ជួប​នូវ​បញ្ហា​នានា ចំពោះ​ការប្រើប្រាស់​បង្គន់​អនាម័យ​នៅតាម​ទីតាំង​សាធារណៈ ។​

អ្នកស្រី ប៉ែន ចាន់​រតនា ជនពិការ​មួយ​រូប ដែល​មាន​មុខរបរ​ជា​អ្នក​ដេរ​កាបូប បាន​ប្រាប់ថា អ្នកស្រី​មិន​ដែល​ប្រើប្រាស់​បង្គន់​អនាម័យ​នៅ​តាម​ទីតាំង​សាធារណៈ​ទេ ដោយសារ តាម​អ្វី​ដែល​អ្នកស្រី​មើលឃើញ គឺ​បង្គន់​ទាំងនោះ មិនទាន់​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកស្រី​ប្រើប្រាស់​នៅឡើយ …
​សំឡេង​អ្នកស្រី ប៉ែន ចាន់​រតនា ៖

​ដូចគ្នានេះ លោក ប្រាក់ វុទ្ធី ជា​ជនពិការ​មួយរូប មាន​មុខរបរ​ជា​ជាង​ចម្លាក់​ឈើ​បាន​ប្រាប់ថា លោក​មិន​ដែល​ប្រើប្រាស់​បង្គន់​អនាម័យ​នៅ​តាម​ទីតាំង​សាធារណៈ​ទេ ដោយសារ​បង្គន់​ទាំងនោះ​មាន​ទំហំ​តូច និង​មិន​មាន​ជម្រាល​…
​សំឡេង​លោក ប្រាក់ វុទ្ធី ៖

​ចំណែកឯ​អ្នកស្រី ទូច គីម​ឡាយ ជា​ជនពិការ​មួយរូប ធ្វើដំណើរ​ដោយ​មាន​ជំនួយ​ពី​ឈើច្រត់ បាន​ប្រាប់ថា អ្នកស្រី​មិន​ធ្លាប់​ប្រើប្រាស់​បង្គន់​អនាម័យ​នៅ​តាម​ទីតាំង​សាធារណៈ​ទេ ព្រោះ​បង្គន់​អនាម័យ​ទាំងនោះ​មាន​ទំហំ​តូច និង​ពុំ​មាន​បង្កាន់ដៃ សម្រាប់​ជនពិការ​ទប់ខ្លួន​រាល់​ពេល​ចូល​ម្តងៗ​…
​សំឡេង​អ្នកស្រី ទូច គីម​ឡាយ ៖

​យ៉ាងណាម៉ិញ លោក ខេង ដា​រ៉ា បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​មាន​ពិការភាព​កម្រិត​ធ្ងន់ធ្ង​រ​បាន​ប្រាប់ថា គាត់​ធ្លាប់​ប្រើប្រាស់​បង្គន់​អនាម័យ​នៅតាម​ទីតាំង​សាធារណៈ​ដែរ តែ អ្វី​ជា​បញ្ហា​ចោទ គឺ​បន្ទប់​នៃ​បង្គន់​អនាម័យ​ទាំងនោះ មាន​ទំហំ​តូច​ពេក ហើយ ភាគច្រើន​មិន​ទាន់​ធ្វើ​ស្របតាម​ស្តង់ដារ​បង្គន់​អនាម័យ​សម្រាប់​ជនពិការ​ប្រើប្រាស់​នៅ​ឡើយ​…
​សំឡេង​លោក ខេង ដា​រ៉ា ៖

​ទាំងនេះ គឺជា​ការលើក​ឡើង​របស់​បងប្អូន​ជនពិកា​រ ទាក់ទង​ទៅ​នឹង​កត្តា​ប្រឈម​ផ្សេងៗ នៃ​ការប្រើប្រាស់​បង្គន់​អនាម័យ នៅ​តាម​ទីតាំង​សាធារណៈ ដែល​ពួកគេ​ធ្លាប់​បាន​ជួបប្រទះ​នា​ពេលកន្លងមក ។​

យ៉ាងណាក៏ដោយ បច្ចុប្បន្ន​បង្គន់​អនាម័យ​នៅ​តាម​ទីតាំង​សាធារណៈ ដែល​សាលា​រាជធានី​ភ្នំពេញ ទើប​នឹង​បាន​សាងសង់​ថ្មីៗ​មួយចំនួន ក៏​បាន​រៀបចំ​ឱ្យ​មាន​បង្គន់​អនាម័យ​សម្រាប់​បងប្អូន​ជនពិការ​ផងដែរ ។​

ក៏ប៉ុន្តែ បើទោះបីជា​មាន​ការ​រៀប​ចំ​បែប​នេះ​ក្តី ក៏​ចំនួន​បង្គន់​នៅ​តាម​ទីតាំង​សាធារណៈ ក៏ដូចជា​ស្តង់ដារ​នៃ​ការរៀបចំ ហាក់​នៅ​ពុំទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ នៃ​ការប្រើប្រាស់​របស់​ជនពិកា​រ​នៅឡើយ ។ នេះ​បើ​តាម​លោក ងិន សៅ​រ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា ។​

លោក​អះអាង​ថា បើ​គិត​ជា​ភាគរយ​អំពី​ការសាងសង់​បង្គន់​អនាម័យ នៅ​តាម​ទីតាំង​សាធារណៈ​សម្រាប់​តម្រូវកា​រ​របស់​បងប្អូន​ជនពិការ គឺ​មាន​ចំនួន​ប្រមាណ​២០-៣០​ភាគរយ​ប៉ុណ្ណោះ ។ លោក​បញ្ជាក់​បន្តថា ការសាងសង់​បង្គន់​អនាម័យ​សម្រាប់​ជនពិការ គឺ​មានន័យថា ជា​ការសាងសង់​បង្គន់​អនាម័យ​សម្រាប់​យើង​ទាំងអស់គ្នា ……
​សំឡេង​លោក ងិន សៅ​រ័ត្ន ៖

​នាយក​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា​រូបនេះ ក៏​បាន​បញ្ជាក់ថា​តាម​អ្វី​ដែល​លោក​បាន​ឃើញ បានដឹង សម្រាប់​វិស័យ​ឯកជន​មួយ​ចំនួន ដូចជា ស្ថានីយប្រេងឥន្ធនៈ​ភី​ធី​ធី ពិសេស​ផ្សារ​អ៊ី​អន​ម៉ល​១ និង​អ៊ី​អន​ម៉ល​២ គឺ​បាន​សាងសង់​បង្គន់​អនាម័យ​ត្រូវ​តាម​ស្តង់ដារ ស្រប​តាម​តម្រូវការ​នៃ​ការប្រើប្រាស់​របស់​បងប្អូន​ជនពិការ ។​

​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ទាំងអស់​ខាងលើ លោក តូច ចាន់នី ប្រធាន​ក្រុម​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​បាន​លើកឡើង​ថា តាម​អ្វី​ដែល​លោក​បាន​មើលឃើញ បច្ចុប្បន្ន​ស្ថាប័ន​ពាក់ព័ន្ធ​បាន​កំពុង​គិតគូរ រៀបចំ​សាងសង់​បង្គន់​អនាម័យ​នៅតាម​ទីតាំង​សាធារណៈ សម្រាប់​ឱ្យ​បងប្អូន​ជនពិការ​អាចមាន​លទ្ធភាព​ប្រើប្រាស់​។​

​លោក​បញ្ជាក់​បន្ថែមថា ជាទូទៅ ក្រសួង​សង្គមកិច្ច បាន​ចេញ​នូវ​គោលការណ៍​ណែនាំ ទៅ​ដល់​ក្រសួង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​ទាំងអស់ ដោយ​តម្រូវឱ្យ រាល់​ការសាងសង់​សំណង់​ផ្សេងៗ ធ្វើយ៉ាងណា ត្រូវ​គិតគូរ​ពី​លទ្ធភាព​ចល័ត​ទី​របស់​បងប្អូន​ជនពិការ ។​

​ជាមួយគ្នានេះ លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា សម្រាប់​បង្គន់​អនាម័យ​នៅ​តាម​ទីតាំង​សាធារណៈ ដែល​បាន​រៀបចំ​សាងសង់​នាពេល​ថ្មីៗ​នេះ គឺ​សុទ្ធតែ​បាន​គិតគូរ​ពី​លទ្ធភាព​នៃ​ការប្រើប្រាស់​សម្រាប់​បងប្អូន​ជនពិការ ។​

​លោក​បញ្ជាក់ថា យ៉ាងណាក៏ដោយ រាល់​បញ្ហា​ប្រឈម​ផ្សេងៗ​ទាក់ទង​នឹង​ការប្រើប្រាស់​បង្គន់​អនាម័យ​នៅ​តាម​ទីតាំង​សាធារណៈ​ពី​សំណាក់​បងប្អូន​ជនពិការ មន្ត្រី​ជំនាញ​នឹង​បង្កើន​ការយកចិត្តទុកដាក់​បន្ថែមទៀត ធ្វើ​យ៉ាងណា​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ជនពិការ អាចមាន​លទ្ធភាព​ក្នុង​ការប្រើប្រាស់​កាន់តែ​ងាយស្រួល​…
​សំឡេង​លោក ម៉េត មាស​ភក្តី ៖

​បើ​តាម​លោក ម៉ី សា​ម៉ី​ត នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ជីវិត​រស់នៅ​ដោយ​ឯករាជ្យ​នៃ​ជនពិការ​ភ្នំពេញ បាន​ប្រាប់ថា បង្គន់​អនាម័យ​ដែល​មាន​លក្ខណៈ​ពេញលេញ និង​ផ្តល់​លទ្ធភាព​ឱ្យ​ជនពិការ​អាច​ប្រើប្រាស់​បាន​ងាយស្រួល គឺ​ត្រូវ​មាន​ទីធ្លា​ធំ​ទូលាយ មាន​ទ្វារ​បង្គន់​ធំ​ទូលាយ មាន​បង្កាន់ដៃ មាន​ជម្រាល និង​បំពាក់​ឧបករណ៍​ចាំបាច់​មួយ​ចំនួន​ផ្សេង​ទៀត​…
​សំឡេង​លោក ម៉ី សា​ម៉ី​ត ៖

​មាត្រា​២៣ នៃ​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​ចែងថា ស្ថាប័នរដ្ឋ ឯកជន​ទាំងអស់ ត្រូវ​រៀបចំ​លក្ខណៈ​ងាយស្រួល ចេញចូល​កន្លែង​សាធារណៈ ឬ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ផ្សេងៗ សម្រាប់​ជនពិការ ។

​ចំណែកឯ​មាត្រា​៩ នៃ​អនុសញ្ញា​សិទ្ធិ​ជនពិការ​ចែងថា ដើម្បី​ធ្វើឱ្យ​ជនពិការ​អាច​រស់នៅ​ដោយ​ឯករាជ្យ និង​ការចូលរួម​យ៉ាង​ពេញលេញ​ក្នុង​គ្រប់​ទិដ្ឋភាព និង​សកម្មភាព​សង្គម រាល់​ស្ថាប័ន​សាធារណៈ និង​ឯកជន​ទាំងអស់ ត្រូវ​ពិនិត្យ វាស់វែង​ទៅលើ​ឧបករណ៍ និង​ស្ថានភាព​ទីកន្លែង​ឱ្យបាន​ត្រឹមត្រូវ ដូចជា​បរិស្ថាន​រូបវន្ត មធ្យោបាយ​ធ្វើដំណើរ ព័ត៌មាន និង​ទំនាក់ទំនង រួម​ទាំង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​សេវាកម្ម​ផ្សេងទៀត រាប់បញ្ចូល​ទាំង​ក្នុង​ទីក្រុង និង​តាម​ទីជនបទ ដើម្បី​ធានាបាន​ថា ជនពិការ​បាន​ទទួល​សិទ្ធិ​ពេញលេញ​ដូច​អ្នក​ដទៃ​ដែរ ។​

​បើ​តាម​លោក តូច ចាន់នី ប្រធាន​ក្រុម​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច បាន​ប្រាប់ថា បច្ចុប្បន្ន​មាន​ជនពិការ​ប្រមាណ ៥២​ម៉ឺន​នាក់ ស្មើ​នឹង​ប្រមាណ​៧​ភាគរយ នៃ​ពលរដ្ឋ​ជាង​១៥​លាន​នាក់ ទូទាំង​ប្រទេស​កម្ពុជា ៕

ព័ត៌មានផ្សេងទៀត