ស្វីស​គាំទ្រ​ការបណ្ដុះបណ្ដាលធ​ន​ធានម​នុស្ស​លើ​វិស័យ​អភិបាលកិច្ច​នៅ​កម្ពុជា​

26-10-2018 2:14 pm 890
  ស្តាប់
ស្តាប់ជាសំឡេង

ក្នុងជំនួប​ជាមួយ​លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា​កាលពីពេល​ថ្មី​នេះ ឯកអគ្គរដ្ឋទូត​ស្វីស​ប្រចាំ​កម្ពុជា​បាន​អះអាងថា រដ្ឋាភិបាល​ស្វីស​បន្ត​គាំទ្រ​ផ្ដល់ជំនួយ បច្ចេកទេស និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រឹង លើកកម្ពស់​វិស័យ​អភិបាលកិច្ច​ល្អ និង​ការកែទម្រង់​វិមជ្ឈការ វិសហមជ្ឈការ​ឲ្យបាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។ 

​លោក​អ៊ី​វ៉ូ ស៊ី​បប័រ  ឯកអគ្គរដ្ឋទូត​ស្វ៊ី​ស ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់ប្រាប់​លោក​ស ខេង​រដ្ឋមន្ត្រី​មហាផ្ទៃ​កម្ពុជា​ថា ការកែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នេះ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការផ្ទេរ ថវិកា​ពី​ថ្នាក់ជាតិ​ទៅ​ថ្នាក់ក្រោម​ជាតិ ហើយ​ស្វីស​នឹង​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដល់​កម្ពុជា​លើ​វិស័យ​អភិបាលកិច្ច​ល្អ​នេះ​។​

​ស្របពេល​ដែល​មានការ​ប្ដេជ្ញាចិត្ត​គាំទ្រ​ពី​សំណាក់​រដ្ឋាភិបាល​ស្វីស លើ​វិស័យ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​នេះ លោក​ស ខេង​បាន​បញ្ជាក់ប្រាប់​ឯកអគ្គរដ្ឋទូត​ស្វីស​វិញ​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ចាត់ទុក​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​ដ៏​សំខាន់​មួយ ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​។ លោក​ថា រាជរដ្ឋាភិបាល​មាន​គម្រោង​ជួបពិភាក្សា​លើ​បញ្ហា​ប្រឈម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​២​ដង​ក្នុង​មួយឆ្នាំ​។ 

ទន្ទឹមនេះ រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួងមហាផ្ទៃ កំពុង​រៀបចំ​ជា​យុទ្ធនាការ នៃ​ការជួបជុំ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ផ្ដល់ឱកាស​ដល់​អង្គការ​សង្គម​ស៊ីវិល និង​ក្រសួងមហាផ្ទៃ​បាន​ជួប​ជជែក​ពិភាក្សាគ្នា និង​លើកឡើង​អំពី​បញ្ហា​ប្រឈម​ក្នុង​ការអនុវត្ត​ដំណើរការ​របស់ខ្លួន​។​

​រដ្ឋមន្ត្រី​មហាផ្ទៃ​ខ្មែរ​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ប្រាប់​ភាគី​ស្វីស ដោយ​ថា​កម្ពុជា​កំពុងស្ថិត​ក្នុងដំណាក់កាល​មួយ ដែលមាន​ភាព​តឹងតែង ទាក់ទង​ការផ្ទេរ​ថវិកា​ទៅ​ថ្នាក់ក្រោម​ជាតិ​។ ប៉ុន្ដែ​លោក​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ខិតខំ​ព្យាយាម​សម្រេច​ឲ្យបាន​ទៅតាម​កម្មវិធី​ជាតិ​នៅ​ឆ្នាំ​២០២០ ខាងមុខនេះ​។ ក្រសួងមហាផ្ទៃ នឹង​ត្រួតពិនិត្យ​ឡើងវិញ​នូវ​បញ្ហា​ផ្សេងៗ ដែល​កើតមានឡើង ក្នុង​ការអនុវត្ត​កម្មវិធី​ជាតិ​រយៈពេល​១០​ឆ្នាំកន្លងមក ដើម្បី​ត្រៀម​ធ្វើកំណែទម្រង់​ជា​បន្ដបន្ទាប់​ទៀត ជាពិសេស​វិស័យ​អភិបាលកិច្ច​ល្អ​។​

បើតាម​ការ​ឲ្យដឹងពី​ក្រសួងមហាផ្ទៃ ឯកអគ្គរដ្ឋទូត​ស្វីស​ក៏បាន​ស្វាគមន៍​ចំពោះយ​ន្ត​ការ​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បង្កើតជា​បរិយាកាស​ឲ្យមាន​ការចូលរួម​បន្ថែម​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល និង​កម្មវិធី​កំណែទម្រង់​ផ្សេងៗ ដើម្បី​ចូលរួម​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ពង្រឹង​អភិបាលកិច្ច​ល្អ​នៅ​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត