រដ្ឋាភិបាល​​ត្រៀម​ខ្ចីប្រាក់​​ពី​ដៃគូ​អភិវឌ្ឍន៍​​សម្រាប់​ឆ្នាំ​​២០១៩​ ជិត​២០០០​លាន​​ដុល្លារ​​

26-10-2018 11:43 am 2985
  ស្តាប់
ស្តាប់ជាសំឡេង

​រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​ទំហំ​នៃ​ការខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ​២០១៩ ក្នុង​កម្រិត​១ ៤០០​លាន​អេស​ដេ​អ៊ែរ ឬ​ប្រហាក់ប្រហែល ជិត​២០០០​លាន​ដុល្លារ សហរដ្ឋអាមេរិក ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការគិតគូរ និង​ផ្អែកទៅលើ​ទិដ្ឋភាព​សំខាន់ៗ​មួយចំនួន​។​នេះ​បើតាម​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បានបញ្ជាក់​ជា​សារ​ធា​រណៈ​នៅលើ​បណ្តាញ​សង្គម​Facebook នៅ​ថ្ងៃទី​២៦ តុលា នេះ​។​

​ការ​កំណ​ត់​ទំហំ​កម្ចី​នេះ ត្រូវ​លោក​ផៃ ស៊ី​ផាន អះអាងថា​ដោយសា​៖​ទី​១ ទំហំ​នៃ​ការអភិវឌ្ឍ​ប្រទេស​មាន​ការកើនឡើង​។ ទី​២ គម្រោង​អភិវឌ្ឍន៍​ដែល​នឹង​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន ក្នុង​ឆ្នាំ​២០១៩ គឺជា​គម្រោង​វិនិយោគ​ក្នុង​វិស័យ​អាទិភាព (​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ការបង្កើន​ផលិតភាព​សេដ្ឋកិច្ច និង​ផលិតភាព​កសិកម្ម​)​។ ទី​៣ សុទ្ធសឹងតែ​ជា​ឥណទាន​ដែលមាន​កម្រិត​សម្បទាន​ខ្ពស់​។ ទី​៤ ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​បច្ចុប្បន្ន និង​ក្នុង​រយៈពេល​មធ្យម​នៅតែមាន ចីរភាព និង​ហា​នី​ភ័យ​កម្រិត​ទាប និង ទី​៥ ការបន្ដ​បង្កើន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការគ្រប់គ្រង និង​ការអនុវត្ត​គម្រោង​។ 

​លោក​ផៃ ស៊ី​ផាន អះអាងថា ការបង្កើន​ទំហំ​នៃ​ការខ្ចី​នេះ នឹងមិន​បង្កើតជា​បន្ទុក​បំណុល​វណ្ឌ​ក​ដល់​កម្ពុជា​ទេ ព្រោះថា​នៅពេលដែល​សេដ្ឋកិច្ច​មាន​ការរីកចម្រើន​នោះ សមត្ថភាពសងរបស់​កម្ពុជា​ក៏មាន​ខ្ពស់ជាង​មុនដែរ​។ ពីព្រោះ ផ្អែកលើ​លទ្ធផល​នៃ​ការវិភាគ​ចីរភាព​បំណុល​ដោយ​ឈរលើ​មូលដ្ឋាន​កំណត់​នៃ​ការខ្ចី​ថ្មី​បន្ថែម​សម្រាប់​ឆ្នាំ​២០១៩ ក្នុង​កម្រិត​១ ៤០០​លាន​អេស​ដេ​អ៊ែរ​(១​អេស​ដេ​អ៊ែរ​=៥៦៣០.៦០​រៀល​) គឺ​បាន​បង្ហាញថា​អនុ​បាត​បំណុល​គន្លឹះ​ទាំង​៤​របស់​កម្ពុជា សុទ្ធតែ​ស្ថិតក្រោម​អនុ​បាត​គោល​ទាំងអស់​។ ម្យ៉ាងវិញទៀត មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ ដែល​ទើបតែ​បានបញ្ចប់​ការវាយតម្លៃ​ពី​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​កាលពីពេល​ថ្មីៗ​នេះ​បាន​លើកឡើងថា កម្ពុជា​នៅមាន​លំហ​ច្រើន​ថែមទៀត ក្នុង​ការបង្កើន​ទំហំ​នៃ​ការខ្ចី សម្រាប់​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បន្ដ​កាត់បន្ថយ​វិសមភាព​សង្គម​។​

​លោក​ថា ការកំណត់​ពិតាន​ក្នុង​ការខ្ចី​ថ្មី​សម្រាប់​ឆ្នាំ​២០១៩ ក្នុង​កម្រិត​១៤០០​លាន​អេស​ដេ​អ៊ែរ គឺ​ដើម្បីឱ្យ​រាជរដ្ឋាភិបាល​ចុះហត្ថលេខា​ខ្ចីប្រាក់​ពី​គេ​បាន​ចំនួន​២៥​គម្រោង ក្នុងចំណោម​គម្រោង​សរុប​ចំនួន​៣២ ដែលមាន​លក្ខណៈសម្បត្តិ​រួចរាល់ ដែល​រួមមាន ធនាគា​ពិភពលោក​ចំនួន​២​គម្រោង ធនាគារ​អភិវឌ្ឍ​អាស៊ី​ចំនួន​៥​គម្រោង មូលនិធិ​ជាតិ​សម្រាប់​អភិវឌ្ឍ​កសិកម្ម​ចំនួន​១​គម្រោង សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន​៧​គម្រោង ប្រទេស​ជប៉ុន​ចំនួន​២​គម្រោង សាធារណរដ្ឋ​កូរ៉េ​ចំនួន​៣​គម្រោង សាធារណរដ្ឋ​បារាំង​ចំនួន​៣​គម្រោង ព្រះរាជាណាចក្រ​ថៃ​ចំនួន​១​គម្រោង និង​សា​ធារ​រដ្ឋ​ឥណ្ឌា​ចំនួន​១​គម្រោង​៕

ព័ត៌មានផ្សេងទៀត