ទិវា​ផ្សោត​មេគង្គ ២០១៨ នឹង​ធ្វើឡើង​នៅ​ថ្ងៃស្អែក នា​ខេត្តក្រចេះ​

25-10-2018 3:24 pm 1365
  ស្តាប់
ស្តាប់ជាសំឡេង

​ទិវា​ផ្សោត​មេគង្គ ឆ្នាំ​២០១៨ នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែតុលា នៅ​ទី​រួម​ខេត្តក្រចេះ ក្រោម​សកម្មភាព​ផ្សេងៗ ចាប់ពី​ម៉ោង​៣​រសៀល​តទៅ ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​ប្រចាំ​កម្ពុជា (WWF)...

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​ប្រចាំ​កម្ពុជា​(WWF)​បានបញ្ជាក់​ថា ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ ឆ្នាំ​២០១៨​នឹង​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​នៅក្នុង​ថ្ងៃ​ទី​២៦ ខែតុលា នា​សួនច្បា​របឹង​ហ្គា​ឡូ ទី​រួម​ខេត្តក្រចេះ​ចាប់ពី​ម៉ោង​៣​រសៀល​តទៅ​ ។​

​សេចក្តីប្រកាស​ដដែល​បញ្ជាក់បន្តថា កម្មវិធី​សកម្មភាព​កម្សាន្ត​សប្បាយ​ជាច្រើន​នឹង​ត្រូវបាន​រៀបចំឡើង​ក្នុង​ទិវា​ផ្សោត​មេគង្គ ដូចជា ការតាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក​របស់​ខេត្ត​ក្រចេះ​, ការតាំង​បង្ហាញ​រូបថត​, ល្បែង​កម្សាន្ត​, ការឆ្លើយ​សំណួរ​ឈ្នះ​រង្វាន់​, ការសម្តែង​សិល្បៈ​ដោយ​តារា​ល្បីៗ ព្រម​ទាំង​កម្មវិធី​រត់​ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង ។​

​អង្គការ WWF ស្នើ​ដល់​សាធារណជន​ចូលរួម​ទិវា​នេះ ដើម្បី​ចូលរួម​ក្នុង​ការការពារ​សត្វ​ផ្សោត​មេគង្គ ។​

​បើ​តាម​របាយការណ៍​ពី​អង្គការ WWF កាលពី​អំឡុង​ខែ​មេសា​បាន​បញ្ជាក់ថា សត្វ​ផ្សោត​ទន្លេមេគង្គ ដែល​កំពុង​ទទួល​រង​គ្រោះថ្នាក់​ជិត​ផុត​ពូជ បាន​កើនឡើង​ពី ៨០ ទៅ ៩២​ក្បាល ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ ខណៈ​ក្នុង​ឆ្នាំ​១៩៩៧ ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ មាន​ប្រមាណ​២០០​ក្បាល ហើយ​បាន​បន្ត​ធ្លាក់​មក​នៅ​ប្រមាណ​៨០​ក្បាល ក្នុង​ឆ្នាំ​២០១៥ ។​

​ក្នុងអំឡុង​ជាង​២​ឆ្នាំមុន មង​នេសាទ​ខុសច្បាប់​ប្រវែង​សរុប ៣៥៨​គីឡូម៉ែត្រ ត្រូវបាន​រឹបអូស ។ ប្រវែង​របស់​វា ស្ទើរតែ​ស្មើ​ទៅ​នឹង​ចំនួន​ទ្វេដង​នៃ​ប្រវែង​ខ្សែ​ទន្លេ​ជា​ជម្រក​របស់​សត្វ​ផ្សោត ។ 

​ប្រធាន​អង្គការ WWF លោក សេង ទៀក ធ្លាប់បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា សត្វ​ផ្សោត​ត្រូវ​បាន​រង​ការគំរាមកំហែង ដោយសារ​តែ​សកម្មភាព​នេសាទ​ខុសច្បាប់ តាមរយៈ​មង​នេសាទ ឧបករណ៍​ឆក់ គ្រាប់បែក​កែច្នៃ នុយ​នេសាទ​បំពុល និង​សកម្មភាព​ទេសចរណ៍ ក៏​ដូចជា​បណ្តា​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​កំពុង​សាងសង់​ជាដើម ៕

ព័ត៌មានផ្សេងទៀត