លោកពូ​ទីន​ថា​​អឺរ៉ុប​​នឹង​គ្រោះថ្នាក់​​បើ​អាមេរិក​​ដកខ្លួន​​ពី​សន្ធិសញ្ញា​​អាវុធ​នុយក្លេអ៊ែរ​

25-10-2018 10:18 am 507
  ស្តាប់
​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន បាន​ព្រមាន​ខ្លាំងៗ​កាលពី​ថ្ងៃ​ពុធ ទាក់ទង​នឹង​ការ​រត់ប្រណាំង​ផ្នែក​សព្វាវុធ ប្រសិនបើ​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ ហើយ​លោក​ថា​រុស្ស៊ី​នឹង​ឆ្លើយតប​តាម​គ្រប់​រូបភាព​ទាំងអស់ ចំពោះ​ការដំឡើង​មី​ស៊ី​ល​ជាថ្មី​នៅលើ​ទឹកដី​អឺរ៉ុប​។ កាលពី​ចុង​សប្ដាហ៍​មុន​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​បង្ក​ការភ្ញាក់ផ្អើល​និង​ព្រួយបារម្ភ​យ៉ាងខ្លាំង នៅពេល​លោក​ប្រកាស​នឹង​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី​។ ជា​សន្ធិសញ្ញា​បញ្ចប់​ភាព​តានតឹង​ក្នុងសម័យ​សង្គ្រាមត្រជាក់​។​

​លោកពូ​ទីន​បាន​ព្រមាន​ថា ការបោះបង់​សន្ធិសញ្ញា​នុយក្លេអ៊ែរ​និង​ការបរាជ័យ​លើ​ការ​អនុវត្ដ​កិច្ចព្រមព្រៀង​គ្រប់គ្រង​អាវុធ អាច​នឹង​បង្កឲ្យមាន​ការរត់ប្រណាំ​ង​ផ្នែក​សព្វាវុធ ហើយ​តំបន់​អឺរ៉ុប​ប្រឈម​នឹង​គ្រោះថ្នាក់​។ ការរុះរើ​ប្រព័ន្ធគ្រប់គ្រង​អាវុធ​ពិភពលោក​គឺជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ រុស្ស៊ី​ពិតជា​បារម្ភ​ពី​អ្វីដែល​អាមេរិក​បានធ្វើ​ហើយ​គិតថា​ជា​រឿង​ត្រឹមត្រូវ​។ លោក​បន្ថែមថា​បើ​ទីក្រុង​វ៉ាស៊ីនតោន​បោះបង់ចោល​សន្ធិសញ្ញា ហើយ​ដាក់ពង្រាយ​មី​ស៊ី​ល​នៅលើ​ទឹកដី​អឺរ៉ុប រុស្ស៊ី​នឹង​ឆ្លើយតប​តាម​គ្រប់​មធ្យោបាយ​។ ចំពោះ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ដែល​ព្រមឲ្យ​អាមេរិក​ដំឡើង​មី​ស៊ីល នឹង​ប្រឈម​ហានិភ័យ​នៃ​ការវាយប្រហារ​ពី​រុស្ស៊ី​។​

​សូមបញ្ជាក់ថា សន្ធិសញ្ញា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម ត្រូវបាន​ចុះ​ហេត្ថលេខា​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក លោក​Ronald Reagan​និង​មេដឹកនាំ​សហភាពសូវៀត លោក​Mikhaïl Gorbatchev​នៅ​ឆ្នាំ​១៩៨៧​។ ការបង្កើតឲ្យមានស​ន្ធិ​សញ្ញា​នេះឡើង ដើម្បី​បិទ​បញ្ចប់​ភាព​តានតឹង​ផ្នែក​យោធា​ក្នុងសម័យ​សង្គ្រាមត្រជាក់​។ សន្ធិសញ្ញា​ចងក្រង​ដោយ​បង្កប់​ខ្លឹមសារ ហាម​មិន​ឲ្យប្រើ​មី​ស៊ីល​គ្រប់​ប្រភេទ រួមមាន​មី​ស៊ី​ល​ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ ឬ​មី​ស៊ី​ល​សម្រាប់​ប្រើ​ក្នុង​សង្គ្រាម ដែល​អាច​បាញ់​បាន​ពី​ចម្ងាយ​៥០០​ទៅ​៥០០០​គីឡូម៉ែត្រ​៕

ព័ត៌មានផ្សេងទៀត