ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនមេមត់ ជាង១ពាន់គ្រួសារនៅភូមិជើងឃ្លេ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានផ្ទុះការតវ៉ាជាថ្មី ក្រោយអាជ្ញាធរខេត្តគ្មានដំណោះស្រាយជូនពួកគាត់។ ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៃភូមិឃុំខាងលើនេះ បានឡើងមកតវ៉ាដល់រាជធានីភ្នំពេញ ដើម្បីឱ្យលោកយករដ្ឋមន្ត្រីហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ស្វែងរកដំណោះស្រាយជូនពួកគេសារជាថ្មី។
ក្រោយពុំមានដំណោះស្រាយពីអាជ្ញាធរខេត្តក្រចេះ តាមសំណើរបស់ក្រសួងរៀបចំដែនដី ប្រជាពលរដ្ឋនៅឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនមេមត់ បានផ្ទុះការតវ៉ា ហើយបានឡើងមករាជធានីភ្នំពេញ ដើម្បីសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុន និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីលោកជា សុផារ៉ា សារថ្មី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ ប្រជាពលរដ្ឋជិត ២០០នាក់ដែលមានទំនាស់ដីធ្លីខាងលើ បានដើរថ្មើជើងមកពីវត្តសាមគ្គីរង្សី ឆ្ពោះទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប៉ុន្តែត្រូវបានសមត្ថកិច្ចរារាំងពួកគេមិនឱ្យទៅ ដោយបង្វែរឱ្យប្រជាពលរដ្ឋមកក្រសួងរៀបចំដែនដីវិញ។
បើតាមលោកតូច ឌុល តំណាងឱ្យប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនមេមត់ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ការឡើងមកតវ៉ានៅរាជធានីភ្នំពេញនៅថ្ងៃទី២៤ តុលានេះ ជាលើទី៦ហើយ ក្រោយពុំមានដំណោះស្រាយ ហើយការឡើងមកតវ៉ាសារជាថ្មីនេះ គឺដើម្បីជំរុញឱ្យក្រសួងរៀបចំដែនដីកំណត់ពេលវេលានៃការដោះស្រាយជូនពួកគេឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យប្រជាពលរដ្ឋទន្ទឹងរងចាំដូចពេលមុនទៀត…………
សំឡេង៖
គួរបញ្ជាក់ថា បើតាមញត្តិប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនមេមត់ បានអះអាងថា ពួកគេបានមកកាន់កាប់ និងអាស្រ័យផលដីតាំងពីឆ្នាំ២០១៤មកម្លេះ ប៉ុន្តែនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ស្រាប់តែតំណាងក្រុមហ៊ុនមេមត់ និងអាជ្ញាធរកងកម្លាំងប្រដាប់អាវុធ បានឱ្យប្រជាពលរដ្ឋចាកចេញពីលំនៅដ្ឋាន រួចរុះរើ និងដុតបំផ្លាញ់ផ្ទះសំបែង ព្រមទាំងកាយកំទេចផលដំណាំអស់រលីង។ ក្នុងញត្តិប្រជាពលរដ្ឋបានអះអាងផងដែរថា ការតវ៉ារបស់ពួកគេ រហូតដល់មានអំពើហិង្សារកើតឡើង ដោយមានការបាញ់រះជាច្រើនគ្រាប់ មកលើប្រជាពលរដ្ឋ បណ្ដាលឱ្យរបួសធ្ងន់ស្រាលចំនួន០៩នាក់ផងដែរ៕